ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៦​ មក​រា ​២០១៦ ​នេះ លោក ប៉ា សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ អម​ដោយ​មន្ត្រី​ជំនាញ​ក្រោម​ឱ​វាទ​​សាលា​រាជធានី បាន​អញ្ជើញ​ចុះ​​​ពិនិត្យ​សំណង់​ការដ្ឋាន​ស្ថាបនា​ស្ថានីយ​បូមទឹក​ទួល​គោក​ទី​២ ​ដែល​កំពុង​សាងសង់​បាន​ប្រមាណ​៣០% និង​ប្រឡាយ​បាក់​ទូក កំពុង​ដំណើរការ​ស្តារ​ឡើង​វិញ ។

មន្ត្រី​​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​នៅ​ខណៈ​​នេះដែរ​ ការដ្ឋាន​ស្ថាបនា​ស្ថានីយ​បូមទឹក​​ខាង​លើ​បាន​​ដំណើរ​ការ​ចាក់​បេតុង​កម្រាល​ក្រោម​តួ​ស្ថានីយ ​ដែល​មាន​បណ្តោយប្រវែង​​១៧,៥​ម៉ែត្រ ​និង​ទទឹង​ប្រវែង​១៣,៥​​ម៉ែត្រ ​ដែល​មាន​កម្រាស់០,៥​​ម៉ែត្រ បរិមាណ​បេតុង១២០​​ម៉ែត្រ​គូប លទ្ធផល​ជា​រួម​បាន​ប្រមាណ​៣០%​ហើយ និង​គ្រោង​​បញ្ចប់​នៅ​អំឡុង​ខែឧសភា​២០១៦​ខាង​មុខ​​នេះ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ស្ថា​នី​យបូមទឹក​​​ខាង​លើ​នេះ ត្រូវ​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ចំនួន​៥​គ្រឿង ដែល​មាន​សមត្ថភាព​បូម​៥​ម៉ែត្រគូប​ក្នុង​១​វិនាទី ។ ចំណែក​ប្រឡាយ បាក់​ទូក​កំពុង​ស្ថាបនា ចាប់ពី​ផ្លូវ​ទំនប់​៧០​រហូត​ដល់​ផ្លូវ​បូ​រី​ទួល​សង្កែ ប្រវែង​២.៩០០​ម៉ែត្រ ទទឹង​ពី​៨​ទៅ​៥០​ម៉ែត្រ បន្ទាប់​ពី​ស្ថាបនា​រួច​ប្រ​ព័ន្ធ​​ទាំង​ពីរ​ខាងលើ​នេះ អាច​រំដោះ​ទឹក​ចេញពី​តំបន់​ទួល​គោក តំបន់​ស្រះ​ចក ដូនពេញ និង​តំបន់​ទួល​សង្កែ ឬ​អាច​និយាយ​បាន​ថា អាច​រំដោះ​ទឹក​ពី​ភាគ​ខាងជើង​នៃ​​រាជធានី​ភ្នំពេញ​តែ​ម្តង ៕​