អ្នករត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​វិញ

មន្ត្រី​​​មួយ​​​រូប​​​បាន​​​និយាយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ម្នាក់​​​​​​ដែល​​​ត្រូវ​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​​​​​​​ដោយ​​​ជាប់​​​សង្ស័យ​​​ថា​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​​​​ នឹង​​​ត្រូវ​​​និរទេស​​​​​​ត្រឡប់​​​ទៅ​​​​​​ប្រទេស​​​ខ្លួន​​​វិញ​​​នៅ​​​ថ្ងៃ​​​ពុធ​​​នេះ ពោល​​​គឺ​​​ប៉ុន្មាន​​​ថ្ងៃ​​​​​​បន្ទាប់​​​ពី​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ពីរ​​​នាក់​​​​​​ផ្សេង​​​ទៀត​​​ត្រូវ​​​សមត្ថ​​​កិច្ច​​​ចាប់​​​ខ្លួន​​​​​​ទាក់​​​ទង​​​នឹង​​​បញ្ហា​​​ដូច​​​គ្នា​​​​​​។

លោក អ៊ិន សុង អនុប្រធាន​​​​​​មន្ទីរ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​​​​ក្រសួង​​​មហា​​​ផ្ទៃ បាន​​​មាន​​​ប្រសាសន៍​​​​​​ថា លោក គីម គីយុងហូ អាយុ​​​៤២​​​ឆ្នាំ ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ឯ​​​ច្រក​​​​​​ព្រំ​​​ដែន​​​អន្តរជាតិ​​​​​​ប៉ោយ​​​ប៉ែត​​​នៅ​​​ថ្ងៃ​​​ទី​​​៣១ ខែ​​​ធ្នូ​​​​​​ បន្ទាប់​​​ពី​​​បូលិស​​​អាំង​​​ទែប៉ូល​​​​​​បាន​​​ចេញ​​​និវេតន៍​​​ក្រហម​​​​​​ដើម្បី​​​ចាប់​​​ខ្លួន​​​​​​គាត់ តាម​​​សំណើនគរ​​​បាល​​​កូរ៉េ​​​ខាង​​​ត្បូង​​​ ដែល​​​សង្ស័យ​​​បុរស​​​រូប​​​នេះ​​​ថា​​​ជាប់​​​ពាក់​​​ព័ន្ធ​​​​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​​​​ពី​​​ប្រទេស​​​កម្ពុជា​​​​​​ទៅ​​​កាន់​​​ប្រទេស​​​កូរ៉េ​​​ខាងត្បូង។

លោក អ៊ិន សុង បាន​​​និយាយ​​​ថា គីម គីយុងហូ នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​វិញ​​​នៅ​​​ថ្ងៃ​​​ទី​​​២៧​​​ ខែ​​​មករា​​​ ព្រោះ​​​​​​ប៉ូលិស​​​​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​បាន​​​ទិញ​​​សំបុត្រ​​​​​​​​​យន្ត​​​ហោះ​​​ឲ្យ​​​គាត់​​​រួច​​​ហើយ។ យើង​​​បាន​​​ចាប់​​​​​​ គីយុងហូ ពេល​​​គាត់​​​ព្យាយាម​​​​​​ឆ្លង​​​កាត់​​​ព្រំដែន​​​​​​ពី​​​កម្ពុជា​​​ទៅ​​​ថៃ”។

ការ​​​ប្រកាស​​​បញ្ជូន​​​លោក គីម គីយុងហូ ទៅ​​​ប្រទេសវិញ​​​បាន​​​ធ្វើ​​​​​​ឡើង​​​​​​បន្ទាប់​​​ពី​​​​​​ការ​​​ចាប់​​​ខ្លួន​​​​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ដូច​​​គ្នា គឺ​​​​​​​​​លោក លី តៃវ៉ា អាយុ​​​៤៧​​​ឆ្នាំ និង​​​លោក គីម អ៊ិនបេ អាយុ​​​៥៦​​​ឆ្នាំ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ច្រក​​​ប៉ោយ​​​ប៉ែ​​​ត​​​ដែរ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ។

លោក អ៊ិន សុង បាន​​​និយាយ​​​សំដៅ​​​ទៅ​​​លើ​​​​​​ការ​​​កំណត់​​​របស់​​​ប៉ូលិស​​​អាំង​​​ទែប៉ូល​​​ចំពោះ​​​​​​អ្នក​​​ដែល​​​មាន​​​ឈ្មោះ​​​នៅ​​​ក្នុង​​​បញ្ជី​​​​​​ឧក្រិដ្ឋជន​​​​​​ដែល​​​ត្រូវ​​​តាម​​​ចាប់​​​ខ្លួន​​​បំផុត​​​​​​ថា “​​​បុរស​​​ទាំង​​​នេះ​​​ឥឡូវ​​​​​​ស្ថិត​​​នៅ​​​ក្នុង​​​ការ​​​ឃុំ​​​ឃាំង​​​​​​ប៉ូលិស​​​ប្រឆាំង​​​គ្រឿង​​​ញៀនដើម្បី​​​​​​បញ្ជូន​​​ទៅ​​​ស្រុក​​​គេ​​​វិញ​​​ ព្រោះ​​​​​​វា​​​ជា​​​ករណី​​​និវេទន៍​​​ក្រហម​​​ទី​​​ពីរ​​​”។​​​

លោក មាស វីរិទ្ធ អគ្គ​​​លខា​​​ធិការ​​​​​​នៃ​​​អាជ្ញា​​​ធរ​​​ជាតិ​​​​​​ប្រយុទ្ធ​​​គ្រឿង​​​ញៀន បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ទាំង​​​បី​​​នាក់​​​ គឺ​​​ជា​​​ផ្នែក​​​នៃ​​​បណ្តាញ​​​រត់​​​ពន្ធ​​​ដែល​​​កំពុង​​​សាក​​​ល្បង​​​ផ្លូវ​​​ជួញ​​​ដូរ​​​ថ្មី។

ឧត្តម​​​សេនីយ៍​​​ឯក​​​ មាស វីរិទ្ធ បាន​​​និយាយ​​​ថា “នេះ​​​ជា​​​ក្រុម​​​ថ្មី ហើយ​​​គេ​​​កំពុង​​​សាក​​​ល្បង​​​​​​ថា​​​តើ​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​​​​ពី​​​កម្ពុជា​​​ទៅ​​​កូរ៉េ​​​ខាង​​​ត្បូង​​​យ៉ាង​​​ម៉េច។ គេ​​​បាន​​​ជួញដូរ​​​​​​តិចតួច​​​ពីរ​​​បី​​​ដង​​​រួច​​​ហើយ ព្រោះ​​​ស្ថិត​​​ក្នុង​​​ដំណាក់ការ​​​សាក​​​ល្បង”។​​​

ឧត្តម​​​សេនីយ៍​​​ឯក​​​ មាស វីរិទ្ធ បាន​​​និយាយ​​​ថា នគរបាល​​​កម្ពុជា និង​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​កំពុង​​​បន្ត​​​​​​ស៊ើប​​​អង្កេត​​​ក្រុម​​​នេះ។

ឧត្តម​​​សេនីយ៍​​​ឯក​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “​​​​​​មេខ្លោង​​​​​​ពួក​​​គេ​​​កំពុង​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ ហើយ​​​ប៉ូលិស​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន។ ដូច្នេះ ការ​​​សហការ​​​របស់​​​យើង​​​ជាមួយ​​​​​​ប៉ូលិស​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​នឹង​​​បន្ត”។

ក្រុម​​​មន្ត្រី​​​មិន​​​អាច​​​ផ្តល់​​​នូវ​​​ព័ត៌មាន​​​​​​បន្ថែម​​​ទៀត​​​ទាក់​​​ទង​​​នឹង​​​ប្រភេទ​​​គ្រឿង​​​ញៀន​​​​​​ដែល​​​​​​រត់​​​ពន្ធ​​​ដោយ​​​ក្រុម​​​នេះ​​​ ឬ​​​មាន​​​មនុស្ស​​​ប៉ុន្មាន​​​នាក់​​​​​​​​​ជាប់​​​សង្ស័យ​​​ថា​​​​​​ជា​​​ផ្នែក​​​នៃ​​​ការ​​​រ​​​ត់​​​ពន្ធ​​​នេះ​​​ទេ។​​​

យោង​​​តាម​​​​​​ការិយាល័យ​​​សហប្រជា​​​ជាតិ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​និង​​​ឧក្រិដ្ឋ​​​កម្ម​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ជួញ​​​ដូរ​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​កាល​​​ពី​​​មុន​​​ជាប់​​​សង្ស័យ​​​​​​ថា​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​​​​ពី​​​តំបន់​​​ត្រី​​​កោណ​​​មាស​​​ជា​​​តំបន់​​​ព្រៃ​​​ភ្នំ​​​ត្រួត​​​ស៊ី​​​គ្នា​​​នឹង​​​ប្រទេស​​​ភូមា ឡាវ និង​​​ថៃ ដែល​​​ផលិត​​​អាភៀន ហេរ៉ូអ៊ីន និង​​​មេតំហ្វេតាមីន​​​។

ករណី​​​​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​​​​ដែល​​​រក​​​ឃើញ​​​ដោយ​​​​​​គយ​​​កូរ៉េ​​​ខាង​​​ត្បូង​​​បាន​​​កើន​​​ឡើង​​​ជាង​​​៥០​​​ភាគរយ​​​​​​រវាង​​​ឆ្នាំ​​​២០០៩ និង​​​ឆ្នាំ​​​២០១២ ដោយ​​​មាន​​​ប្រព័ន្ធ​​​សារព័ត៌មាន​​​អន្តរជាតិ​​​​​​បញ្ជាក់​​​ថា ​​​ប្រទេស​​​នោះ​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ជា​​​​​​ចំណុច​​​ឆ្លង​​​កាត់​​​ ដើម្បី​​​​​​នាំ​​​គ្រឿង​​​ញៀន​​​ទៅ​​​កាន់​​​ប្រទេស​​​សហរដ្ឋ​​​អាមេរិក ជប៉ុន និង​​​អ៊ឺរ៉ុប៕​​​រើន​​​​​​​​​

 

 

The post អ្នករត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​វិញ appeared first on ខេមបូឌា ដេលី.