កងកម្លាំង​វិស្វកម្ម​បង្កើន​ប្រសិទ្ធភាព​ការងារ​ស្ថាបនា​ប្រព័ន្ធ​ផ្លូវ​ខ្សែក្រវាត់​ការពារ​ព្រំដែន​

ភ្នំពេញ​:  កម្លាំង​កងទ័ព​ជំនាញ​វិស្វកម្ម​ស្ថាបនា ផ្លូវ -​ស្ពាន និង​គ្រឿងចក្រ ព្រមទាំង​គ្រឿង​បរិក្ខារ ចំណុះ​បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​បញ្ជូន​ទៅកាន់​ការដ្ឋាន​ជា​បន្តបន្ទាប់ ដោយ​ផ្តោត​ជាពិសេស​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ទី​១ ទិស​ព្រំដែន​កម្ពុជា -​ថៃ និង​ទិស​ព្រំដែន​កម្ពុជា -​ឡាវ ។​
​    ​
​វិធានការ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង អនុលោម​តាម​ស្មារតី​បទបញ្ជា​ស្តីពី​ប្រគល់​ភារកិច្ច​ស្ថាបនា​បណ្តាញ​ផ្លូវ​គមនាគមន៍​ឆ្នាំ​២០១៦ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ ឱ្យដល់​បណ្តា​កងឯកភាព​ចំណុះ​បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម អគ្គ​មេបញ្ជាការរង មេបញ្ជាការ​វិស្វកម្ម​អគ្គបញ្ជាការ ខ ភ ម បានដាក់​បញ្ជា​ដោយ​ប្រគល់​ភារកិច្ច​ឱ្យដល់​បញ្ជាការ​កងឯកភាព​ពាក់​ព័​ន្ឋ​ចាត់តាំង​កម្លាំង​និង​មធ្យោបាយ​គ្រប់​ប្រភេទ​ដោយ​ទទួលខុសត្រូវ​បំពេញភារកិច្ច​ការងារ​របស់ខ្លួន​ឱ្យសម្រេចបាន​លទ្ធផល​ល្អប្រសើរ​តាម​ការកំណត់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បានចាត់ទុក "​កងកម្លាំង​វិស្វកម្ម គឺជា​កម្លាំង​ឆ្អឹងខ្នង និង​ជា​កម្លាំង​ស្នូល​"​។​
​    ​សូមបញ្ជាក់ថា ទាំង​ការដ្ឋាន​ចាស់​ដែល​បាន​បន្សល់ទុក​ការងារ​បន្ត​តាំងពី​ក្នុងអំឡុង​ឆ្នាំ​២០១៥​កន្លងទៅ ក៏ដូចជា​ការដ្ឋាន​ទើប​ចាប់ផ្តើម​ការងារ​ស្ថាបនា​ថ្មី ចាំបាច់​ត្រូវ​សម្រេច​ឱ្យបាន​ការងារ​១០០​ភាគរយ ឆ្លើយតប​តាម​ការកំណត់​ដែល​មេបញ្ជាការ​វិស្វកម្ម​ដាក់​ចេញ​តាមរយៈ​បទបញ្ជា​នាពេល​ថ្មីៗ​នេះ​។​
​    ​
​មេបញ្ជាការ​កងឯកភាព​វត្ថុ​រារាំង​លេខ​៧២ មាន​បន្ទុក​ធ្វើការ​បោសសម្អាត​មីន​-​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ធានា​ឱ្យបាន​ទាំងស្រុង នូវ​សុវត្ថិភាព​ដល់់​កម្លាំង​-​មធ្យោបាយ របស់​បណ្តា​កងឯកភាព​ស្ថាបនា​សំណង់​ផ្លូវ សំណង់​សិល្ប​ការ្យ និង​កម្លាំង​ប្រតិបត្តិ​ករ​ផ្ទាល់​របស់ខ្លួន​។​
​    ​
​ប្រតិបត្តិការ​បោ​សម្អាត​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន កម្ពុជា​-​ថៃ ចាប់ពី​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​សាស្ត្រ​ផ្សារ​ព្រំ ដល់​ច្រក​សែន​ចៅ ទទឹង​៣០​ម៉ែត្រ ប្រវែង​៣១​គីឡូ​ម៉េ​ត្រ​។​ផ្លូវ​បន្ត​ពី​ផ្លូវជាតិ​លេខ​៥៨​បេ ក្នុង​ឃុំ ពេជ្រ​ចិន្តា ស្រុក​ភ្នំ​ព្រឹក្ស ទៅ​ភ្ជាប់​ផ្លូវ​លេខ​៥៩ ទទឹង​៣០​ម៉ែត្រ ប្រវែង​ប្រមាណ​១៧​គីឡូម៉ែត្រ​។ ដោយឡែក​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា -​ឡាវ អនុវត្ត​បន្ត​ពី​ឆ្នាំ​២០១៥ រហូតដល់​ទន្លេសេកុង ទទឹង​៣០​ម៉ែត្រ​។​
​    ​
​មេបញ្ជាការ​កងឯកភាព​ស្ថាបនា​ថ្នល់​លេខ​៧១១ មាន​ភារកិច្ច​និង​ទទួលខុស ត្រូវ ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ការពារ​ព្រំដែន​កម្ពុជា -​ថៃ ចាប់ពី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៥៧ ផ្សារ​ព្រំ ទៅ​ច្រក​សែន​ចៅ​ទិស​ខេត្ត​ប៉ៃលិន ។ ឈូស​បើកផ្លូវ​យោធា ទទឹង​២០​ម៉ែត្រ ប្រវែង​៣០​គីឡូ​ម៉េ​ត្រ ដោយ​ចាក់​ក្រាល​គ្រួស​ក្រហម ឫ ដី​ល្បាយ​ថ្មភ្នំ ប្រវែង​២០​គីឡូម៉ែត្រ  រួម​នឹង​ការស្ថាបនា​លូ​មូល​បេតុង តាម​ការកំណត់​។​
​    ​
​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ការពារ​ព្រំដែន​កម្ពុជា​-​ថៃទី​៤ ពី​ឃុំ​ពង្រ ផ្លូវជាតិ​លេខ​៦៨ ស្រុក​ចុងកាល់ ទៅ​ភ្ជាប់​ផ្លូវ​ឃុំ​បេង ស្រុក​បន្ទាយ​អម្ពិល ក្នុង​ផែនការ​ចាស់ ជាការ​បញ្ចប់​គម្រោង​ផ្លូវ​ទាំងស្រុង សល់​ប្រវែង​១១​គីឡូម៉ែត្រ និង​សំណង់​លូ​មូល​បេតុង​ចំនួន​១៨​កន្លែង​។​
​    ​
​មេបញ្ជាការ​កងឯកភាព​ស្ថាបនា​ថ្នល់​លេខ​៧១៣ ត្រូវ​ចាត់តាំង​ស្ថាបនា​ទាំងស្រុង​ជាដាច់ខាត​ផ្លូវ​ចាប់ពី​ភូមិ​បឹង​សង្កែ​ផ្លូវជាតិ​លេខ​៥៨​បេ មកដល់​ផ្លូវ​កៅស៊ូ​ភូមិ​កំ​ប្រង់ ឃុំ​តា​គ្រៃ ស្រុក​ប​វេ​ល បញ្ចប់​ផែនការ​ចាស់​។ បន្ទាប់ពីនោះ​ត្រូវ​ទទួល​ស្ថាបនា​ផ្លូវ បន្ត​ពី​ក្បាលស្ពាន​ភូមិ​កំ​ប្រង់  ឃុំ តា​គ្រៃ ស្រុក​ប​វេ​ល ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៥៧​កាត់​ភ្នំ​ព្រាល -​ភ្នំ​ដំរី ប្រវែង​១៥​គីឡូម៉ែត្រ​។
​    ​
​មេបញ្ជាការ​កងឯកភាព​ស្ថាបនា​ផ្លូវ​លេខ​៧១៤ មាន​ភារៈ​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ទី​២ ការពារ​ព្រំដែន​កម្ពុជា​-​ថៃ  ពី​ភ្នំ​ខ្លែង​ពណ៌ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ដល់​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បន្ត​ប្រវែង​១៨​គីឡូម៉ែត្រ សំដៅ​បញ្ចប់​ខ្សែ​ផ្លូវ​នេះ​ទាំងស្រុង រួម​នឹង​ការស្ថាបនា​លូ​បេតុង​ចំនួន​១៩​កន្លែង​។
​    ​
​មេបញ្ជាការ​កងឯកភាព​ស្ថាបនា​ថ្នល់​លេខ​៧១៨ ទទួលបញ្ជា​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ ចាប់ពី​ផ្លូវជាតិ​លេខ​១៣ ឃុំ​កំពង់​ចក ស្រុក​រំដួល -​ឃុំ​ស្វាយ​រំពា  , ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប​ដល់​ផ្លូវជាតិ​លេខ​១ ឃុំ​ច្រកម្ទេស ប្រវែង​៣៤​គីឡូម៉ែត្រ​។ លើក​តួ​បន្ត​ពី​ឆ្នាំ​ចាស់ ទៅ​ទល់នឹង​ផ្លូវជាតិ​លេខ​១​បង្គ្រប់​ប្រវែង​៣៤​គីឡូម៉ែត្រ  និង​ចាក់​ក្រាល​កៅស៊ូ ពីរ​ស្រទាប់​DBST ទទឹង ៦​ម៉ែត្រ ប្រវែង​១៥​គីឡូម៉ែត្រ​។​
​មេបញ្ជាការ​កងឯកភាព​លេខ​៧៤​ដំណើរការ​ស្ថាបនា​ស្ពានបេតុង​ចំនួន​៤​កន្លែង​ប្រវែង​១២៣​ម៉ែត្រ​និង​លូ​ប្រអប់​ចំនួន​៤​កន្លែង​ប្រវែង​២១​ម៉ែត្រ លើ​កំណាត់​ផ្លូវ​ប្រវែង​១១​គីឡូម៉ែត្រ​នៅ​ចុងកាល់ -​ថ្មពួក ។ ស្ថាបនា​ស្ពានបេតុង​ចំនួន​៦​កន្លែង​ប្រវែង​៨៧​ម៉ែត្រ​និង​លូ​ប្រអប់​ចំនួន​៥​កន្លែង​ប្រវែង​៤២​ម៉ែត្រ​លើ​កំណាត់​ផ្លូវ​ពី​ឃុំ​រអាង​ស្រុក​សង្គម​ថ្មី​-​ឃុំ​ត្បែង​ពីរ​ស្រុក​គូលែន​។​ស្ថាបនា​ចំពោះមុខ​ស្ពានបេតុង​ចំនួន​៣​កន្លែង ប្រវែង​៨៤​ម៉ែត្រ​និង​លូ​ប្រអប់​ចំនួន​៦​កន្លែង​ប្រវែង​៣៦​ម៉ែត្រ​លើ​កំណាត់​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​ថៃ ទិស​ខេត្ត​ប៉ៃលិន​។​ស្ថាបនា​ចំពោះមុខ​ដែរ​ផ្លូវ​លើក​តួ​ប្រវែង​ប្រមាណ​១៧​គីឡូម៉ែត្រ​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន កម្ពុជា -​ថៃ បន្ត​ពី​ផ្លូវ​ចាស់​ឃុំ​រំដួល ស្រុក​ភ្នំ​ព្រឹក្ស ដល់​ឃុំ​អូរ​ដា  ស្រុក​កំរៀង ។​

​សម្រាប់​ផ្លូវ​ខ្សែក្រវាត់​ទី​១​ការពារ​ព្រំដែន​ទិស​កម្ពុជា​-​ឡាវ  លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម បានប្រគល់​ភារកិច្ច​ឱ្យដល់​មេបញ្ជាការ​កងឯកភាព​ស្ថាបនា​ផ្លូវ​លេខ​៧១៧​លេខ​៧១៦​និង​កងឯកភាព​ស្ថាបនា​ស្ពាន​លេខ​៧១៥​ទទួលបន្ទុក​អនុវត្ត​ឱ្យបាន​តាម​ការកំណត់​នូវ​ប្រវែង​ផ្លូវ​ចាប់ពី​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៧ ដុង​ក្រឡ រហូតដល់​ទន្លេសេកុង​ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដោយ​បញ្ចប់​ទាំងស្រុង ក្នុង​ឆ្នាំ​២០១៦​នេះ​៕

កងកម្លាំង​វិស្វកម្ម​បង្កើន​ប្រសិទ្ធភាព​ការងារ​ស្ថាបនា​ប្រព័ន្ធ​ផ្លូវ​ខ្សែក្រវាត់​ការពារ​ព្រំដែន​

កងកម្លាំង​វិស្វកម្ម​បង្កើន​ប្រសិទ្ធភាព​ការងារ​ស្ថាបនា​ប្រព័ន្ធ​ផ្លូវ​ខ្សែក្រវាត់​ការពារ​ព្រំដែន​

កងកម្លាំង​វិស្វកម្ម​បង្កើន​ប្រសិទ្ធភាព​ការងារ​ស្ថាបនា​ប្រព័ន្ធ​ផ្លូវ​ខ្សែក្រវាត់​ការពារ​ព្រំដែន​

កងកម្លាំង​វិស្វកម្ម​បង្កើន​ប្រសិទ្ធភាព​ការងារ​ស្ថាបនា​ប្រព័ន្ធ​ផ្លូវ​ខ្សែក្រវាត់​ការពារ​ព្រំដែន​
នាយ​ឧ​ត្ត​ម​សេនីយ៍​ខ្វាន់​ស៊ា​ម​ដាក់បទបញ្ជា​ឱ្យដល់​បណ្តា​កងឯកភាព​ដែលមាន​ភារៈ​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ការពារ​ព្រំដែន​។​