ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ម៉ា​ឡេ​ស៊ី លោក LIOW TIONG LAI ថ្លែង​កាលពី​ថ្ងៃ​ទី​២៦ មក​រា ថា បំណែក​ដែល​រក​ឃើញ​នៅ​ប្រទេស​ថៃ​ពុំ​មែន​ជា​បំណែក​របស់​យន្តហោះ​ជើងហោះហើរ MH 370 ដែល​បាត់ដាន​របស់​ក្រុមហ៊ុន​អាកាសចរណ៍ MALAYSIA AIRLINES ឡើយ ។

បំណែក​មួយ​ដែល​រក​ឃើញ​នៅ​ភាគ​ខាងត្បូង​ថៃ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ នាំ​ឱ្យ​គេ​គិត​ថា នឹង​ជា​បំណែក​របស់​យន្តហោះ​ប៊ូ​អីុ​ង​៧៧៧ ដែល​បាត់ដាន​ហើយ ។

លោក LIOW គូសបញ្ជាក់​ថា ក្រុម​មួយ​របស់​ម៉ា​ឡេ​ស៊ី​ដែល​រួម​មាន​បណ្តា​អ្នក​ទទួលខុសត្រូវ​នៃ​នាយកដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ក្រសួង​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន MALAYSIA AIRLINES បាន​ពិនិត្យ​បំណែក​នេះ ។ ក្នុង​សេចក្តី​ប្រកាស​មួយ លោក​ឱ្យ​ដឹង​ថា ក្នុង​របាយការណ៍​លម្អិត ក្រុម​នេះ​បង្ហាញ​ថា លេខ​ខ្សែកាប ប៊ូឡុង និង​លេខ​លើ​បំណែក​ពុំ​មែន​ជា​លេខ​របស់​យន្តហោះ​ប៊ូ​អីុង​៧៧៧​ឡើយ ។ យោង​តាម​របាយការណ៍​លម្អិត​នេះ ក្រុម​នោះ​អះអាង​ថា បំណែក​រក​ឃើញ​ពិតជា​ពុំ​មែន​បំណែក​យន្តហោះ B 777-9M-MRO (MH370) ទេ ។

លោក LIOW គូសបញ្ជាក់​ថា ម៉ា​ឡេ​ស៊ី​នៅ​តែ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​តាម​រុករក​នៅ​ភាគ​ខាងត្បូង​មហាសមុទ្រ​ឥណ្ឌា ។

យន្តហោះ​នេះ​បាត់ដាន​ឈឹង​តាំងពី​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០១៤ មក នៅ​តាម​ផ្លូវ​ចន្លោះ​ក្រុង​គូ​ឡា​ឡាំ​ពួរ និង​ក្រុង​ប៉េ​កាំ​ង​ជាមួយ​មនុស្ស​២៣៩​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន ៕