ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​មណ្ឌលគិរី ៖ យុទ្ធ​​នា​​ការ​​ភ្លៀង​រលឹម​​បង្ក្រាប​ឈើ​ទូ​ទាំង​ប្រទេស​ កំពុង​បង្កើត​ឱ្យ​មានការ​ចាប់​អារ​ម្ម​ណ៍​​យ៉ាង​ខ្លាំង​​លើ​ឈ្មោះ​ឧកញ៉ា​២-៣​នាក់ ​ដែល​ល្បីល្បាញ​រកស៊ី​ឈើ​ក្នុងស្រុក​ខ្មែរ​ ប៉ុន្តែ​នៅ​ខេត្តមណ្ឌលគិរី​ នៅ​មាន​ឧកញ៉ា​មួយ​​ចំនួន មិន​ដែល​​ឮឈ្មោះ​ក្នុង​វិស័យ​ម​នុស្ស​ធ​ម៌ ​ឬ​​សង្គម​អី​ទេ ព្រោះ​ជាប់​ឈ្មោះ​ជា​ឧកញ៉ា​​ឈើ​ប៉ុណ្ណោះ​ ។

សេចក្តី​រាយ​ការ​ណ៍​​ពី​ស្រុក​កោះ​ញែក​​ឱ្យ​ដឹង​ថា ​នៅ​ស្រុក​កោះ​ញែក​​មាន​ថៅកែ​ឈើ​​ មាន​ងារ​ជា​ឧកញ៉ា​ឈ្មោះ​តុ​ប វី​យា​ដា ដេញថ្លៃ​យក​​ឈើ​ នៅ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន និង​ឧកញ៉ា ថៃ ប្រមូល​ឈើ​នៅ​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិក ។ ​ប្រភព​បាន​បន្ត​ថា បើ​ត្រឹម​ប្រមូល​ឈើ​ដេញ​ថ្លៃ​ពី​ក្រុមហ៊ុន​នោះ​​មិន​អី​ទេ តែ​ក្រុម​ឧកញ៉ា​ទាំងនោះ​ ភាគច្រើន​ «​ក​ន្ទេល​​ធំ​បន្លំ​ដេក​» ​ព្រោះ​នៅ​ពេល​បាន​ទទួល​សិទ្ធិ​នាំ​ឈើ​ចេញពី​ក្រុមហ៊ុន​​សម្បទាន​សេដ្ឋកិច្ច​រួច​ហើយ ​ពួក​គេ​បាន​មិន​នាំ​ឈើ​ដែល​ស្របច្បាប់​​លើ​ដី​ក្រុមហ៊ុន​ចេញ​ភ្លាម​ៗ​ទេ ​គឺ​នៅ​ឆ្លៀត​ប្រមូល​ទិញ​ឈើ​ពី​​ក្រៅមក​បន្លំ​ជា​ឈើ​ក្រុមហ៊ុន ​ដើម្បី​នាំ​ចេញ​យក​ទៅ​លក់​យ៉ាង​ស​ន្ធឹកសន្ធាប់ ​។

​សេចក្តី​រាយ​ការ​ណ៍​​បន្ត​ថា ឈើ​នៅ​តាម​ដី​ក្រុមហ៊ុន​ ដែល​វិនិយោគ​ខាងលើ​ មិន​មាន​សេសសល់​ឈើ​សម្រាប់​នាំ​ចេញ​ឡើយ ហើយ​ឈើ​ដែល​ក្រុម​ឧកញ៉ា​ខាងលើ​នាំ​ចេញ ភាគច្រើន​ជា​ឈើ​ដែល​ក្រុម​ឈ្មួញ​ចូល​ទៅ​កាប់​ពី​ព្រៃ​ការពារ​មណ្ឌលគិរី និង​តំបន់​ការពារ​សត្វ​ព្រៃ​ភ្នំ​ព្រេច ។

ប្រភព​ក្រៅផ្លូវការ​មួយ​​បានឱ្យ​​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា ថា​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មួយ​ក្រុម កំពុង​ចុះ​ទៅ​យាមកាម​ក្នុង​ក្រុម​ហ៊ុន​យូ​នី​ហ្គ្រី​ន​ សង្ស័យ​មាន​លាក់​ឈើ​ក្នុង​​ឃ្លាំង​មួយ​កន្លែង​​នៅ​ភូមិ​ក្រោល ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​ ។ ​ប្រភព​ដដែល​បាន​បន្ត​​ថា ការ​ចុះ​នៅ​យាមល្បាត​នេះ ព្រោះ​នៅ​ថ្ងៃ​ទី​២៧ មក​រា ​អាច​នឹង​​គណៈកម្មការ​ចម្រុះ​ថ្នាក់​ជាតិចុះ​ទៅ​ពិនិត្យ​ក្នុង​ឃ្លាំង​នោះ​ ។

ទោះជា​យ៉ាងណា​ក៏​​ដោយ កោះសន្តិភាព​មិន​អាច​​ស្វែងរក​ការ​បំភ្លឺ​ណាមួយ​​ពី​ក្រុម​មន្ត្រី​ជំនាញ នៅ​ស្រុក​កោះ​ញែក​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ មក​រា​ ក្នុង​ករណី​សមត្ថកិច្ច​ចុះ​នៅ​ពិនិត្យ​នៅ​ឃ្លាំ​ង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​នេះ​ ។​ ដោយឡែក​ ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ក​​ដែល​មានឈ្មោះ​ឧកញ៉ា ថៃ ជា​អ្នក​នាំ​ឈើ​ចេញពី​ក្រុមហ៊ុន នៅ​មិន​ទាន់​លេចឮ​ព័ត៌មាន​ពី​ការ​ចុះ​ត្រួតពិនិត្យរបស់​គណៈកម្មការ​ជាតិ​នៅឡើយ​ ។

មជ្ឈដ្ឋាន​ក្រុម​អ្នក​តាមដាន​ការ​​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​និយាយ​ថា​ គេ​នឹង​រង់ចាំ​មើល​ពី​ល​ទ្ធ​ផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ​របស់ មន្ត្រី​ជំនាញ​ថា ​តើ​ក្រុមហ៊ុន​ដែល​​ល្បី​ក្នុង​ការ​នាំ​ឈើ​ខុសច្បាប់ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ​មាន​លាក់​ឈើ​ខុសច្បាប់ ​ឬ​ត្រូវ​ចុះ​បង្ក្រាប​ដែរ​ឬ​យ៉ាងណា?

ចំពោះ​ក្រុមហ៊ុន​ដាយ​​ថាំង ដែល​មា​នទី​តាំងនៅ​ស្រុក​កែវ​សីមា​ និង​ស្ថិត​នៅ​ក្នុង​ដែន​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច ត្រូវ​បាន​ប្រភព​លួច​បង្ហើប​ថា ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​វាស់វែង​ឈើ​បាន​​ចំនួន​ជាង​២​ពាន់​កំណាត់​រួច​ហើយ​ ហើយ​​ឮ​ថា បើ​ចង់​វាស់​ឱ្យ​​អស់​ឈើ​ ដែល​គេ​គរ​​ទុក​ក្នុង​ដី​ក្រុមហ៊ុន​នោះ​ ទាល់តែ​ប្រើ​ពេល​មួយ​ខែ​ឯណោះ​ បាន​វាស់​អស់ ​ព្រោះតែ​ឈើ​ទាំងនោះ​ គេ​បាន​ទុក​រាយ​ប៉ាយ​លើ​ផ្ទៃដី​ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ​បួន​ជ្រុង (​អាច​មាន​ចំនួន​រាប់​ម៉ឺន​កំណាត់​) ។