ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ​៖ ​ប្រជា​ពលរ​ដ្ឋ​​មួយ​គ្រួសារ ដែល​មាន​សមាជិក​១០​នាក់​ ចាប់ពី​អាយុ​២​ឆ្នាំ​ឡើង​ទៅ បាន​ពុល​ដំឡូង​មី​ស្ទើរ​ស្លាប់ស្ទើរ​រស់ ​ត្រូវ​អ្នក​ភូមិ និង​សមត្ថកិច្ច​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ភ្លាម​ៗ​ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ មក​រា ស្ថិត​​នៅ​ភូមិ​ផ្អៀង ឃុំ​កកោះ ស្រុក​មោង​ឫស្សី ​។

អា​ជ្ញាធ​រមូល​​ដ្ឋាន​​បាន​ឲ្យ​ដឹង​ថា ​មេ​គ្រួសារ​រង​គ្រោះ​​ឈ្មោះ​ ទិ​ត្យ ផា​ន់ អាយុ​៦៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ ហ៊ា​ម វើ​យ អាយុ​៤៩​ឆ្នាំ​ ​កូន​ៗ​ចំនួន​៧​នាក់ និង​ចៅ​ម្នាក់​ផង ​បន្ទាប់​ពី​​​​​ស្ងោរ​ដំឡូង​មី​​ហូប​​បណ្តាល​ឱ្យ​​​ពុល​​ទាំងអស់​​គ្នា ​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ ​ដោយ​​ម្នាក់​ៗ​ស្ថិត​ក្នុង​ស្ថានភាព​ដេក​ស្ដូកស្ដឹង ខ្លះ​ក្អូ​ត​ចង្អោរ ​ខ្លះ​កោសខ្យល់ ​និង​ខ្លះ​ទៀត​ស្រែក​​ឱ្យ​​អ្នក​ភូមិ​​ជួយ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព ​។

​លោក ​ទិ​ត្យ ផា​ន់ បាន​រៀបរាប់​​ប្រាប់​សមត្ថកិច្ច​ថា ដំឡូង​មី​ដែល​គ្រួសារ​គាត់​ស្ងោរ​ហូប​នោះ គឺ​គាត់​សុំ​ពី​ប្អូន​នៅ​ឯ​ស្រុក​គាស់​ក្រឡ​ ​ក្រោយ​ពី​នាំ​គ្នា​ហូប​ដំឡូង​មីនេះ​រួច ​​​គាត់​ និង​ប្រពន្ធ​ ​ព្រម​ទាំង​កូនចៅ​តូច​ៗ​ទាំងអស់ ​មាន​អាកា​រះ​ក្អូ​ត​ចង្អោរ ឈឺពោះ​រាក​រួស​មួយ​រំពេច​តែ​ម្ដង​ ។ គាត់​​គិត​ថា ​​ក្រុម​គ្រួសារ​គាត់​ប្រាកដជា​ពុល​ដំឡូង​មីនោះ​ហើយ ទើប​គាត់​​នាំ​គ្នា​ទៅ​កាន់​មន្ទីរពេទ្យដោយ​មានការ​ជួយ​ជ្រោ​ម​ជ្រែង​ពី​អ្នក​ភូមិ និង​សមត្ថកិច្ច​ផង ​។

​​រហូត​​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ ​មក​រា នេះ​ អ្នក​​រង​គ្រោះ​មួយ​ចំនួន​បាន​ធូរស្រាល​ហើយ តែ​មួយ​ចំនួន​​​គ្រួ​ពេទ្យ​កំពុង​​​ជួយ​សង្គ្រោះ​នៅឡើយ ហើយ​ក៏​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ដែរ​ ៕​