ពង្រឹង​ជំនាញ​៦ ​ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល

ពង្រឹង​ជំនាញ​៦ ​ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល

​​​​​មនុស្ស​មាន​ឥទ្ធិពល ​​​ជា​មនុស្ស​ដែល​​និយាយ​​​ចេញ​មក មាន​គេ​ធ្វើ​តាម ​គោរព​តាម ​និង​ជឿ​ទុក​ចិត្ត​​។ ​​ប៉ុន្តែ​ដើម្បី​ក្លាយ​ជា​បុគ្គល​បែប​នេះ​ ​​មិន​ងាយ​ស្រួល​នោះ​ទេ​សម្រាប់​គ្រប់គ្នា ​​សាកល្បង​ពង្រឹង​ជំនាញ​ខាង​ក្រោម​នេះ អាច​​ជួយ​ឲ្យ​ការ​និយាយ​​​របស់​អ្នក​​​មាន​គេ​ស្ដាប់​​​ ​​និង​ជឿ​ជាក់​​បាន​៖​

 

ពង្រឹង​ជំនាញ​៦ ​ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល

 

 

១. បង្កើន​​ជំនាញសម្រេច​ចិត្ត

​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ ​អាច​​កើត​ឡើង​គ្រប់​ពេល​វេលា ​គ្រប់​ទីកន្លែង ដែល​ទាម​ទារ​ឲ្យ​​អ្នក​​​​​គិត​បាន​រហ័ស និង​ត្រឹម​ត្រូវ។ ​ដើម្បី​​​​សម្រេច​ចិត្ត​ត្រូវ ​អ្នក​ត្រូវ​​​​​​អង្កេត​មើល​ព្រឹត្តិការណ៍​ជុំវិញ​ខ្លួន​​កំពុង​កើត​ឡើង​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​វិភាគ​ឲ្យ​បាន​ល្អិត​ល្អន់​។ ជា​ពិសេស​ទៅទៀត​​ ​​ត្រូវ​អាន​សៀវភៅ​​​របស់​មេដឹកនាំ ​​និង​បុគ្គល​ជោគជ័យ​​នានា ​​ដើម្បី​បាន​ជា​គំនិត​​បន្ថែម​។

 

 

២. រៀន​បង្កើត​​កិច្ច​ពិភាក្សា​ដេញ​ដោល

​​​​ជំនាញ​នេះ​ ​ពិត​ជា​មាន​ប្រយោជន៍​ និង​តែង​តែ​ជួប​ញឹក​ញាប់​ ​ពិសេស​ក្នុង​ពេល​ធ្វើ​បទ​បង្ហាញ ​សួរ​​ឆ្លើយ​ និង​ការ​ពិភាក្សា​ជាច្រើន​ទៀត។ ​ការ​បង្កើត​ការ​ដេញ​ដោល​នេះ ​មាន​ន័យ​ថា​អ្នក​ត្រូវ​រក​ហេតុផល​​​ជាក់ស្ដែង ​​ដើម្បី​ការ​ពារ​ខ្លួន​​ពី​ដៃគូ។ ​មួយ​វិញ​ទៀត ​​​ជា​ការ​រៀន​សម្រប​​​ខ្លួន​ក្នុង​ស្ថាន​ភាព​​ដ៏​តឹង​តែង​ជា​មេរៀន​មួយ​ថ្មី​មួយ​ ​ដែល​​កម្រ​ជួប​ប្រទះ​ពីមុន​។

 

 

៣. ដើរ​តួ​ជា​អ្នក​និទានរឿង

​ការ​​​ដើរ​តួ​ជា​អ្នក​និយាយ​រឿង​​ប្រាប់​អ្នក​ដៃ​​​ ​ជា​រឿង​មួយ​​ដែល​អ្នក​ស្ដាប់​ចាត់​ទុក​​អ្នក​ជា​មនុស្ស​​ចេះ​ដឹង​ច្រើន​ និង​មាន​តម្លៃ​ចំពោះ​គេ​។ ​ប៉ុន្តែ​ការ​​និយាយ​របស់​អ្នក​​​ត្រូវ​មាន​លក្ខណៈ​​ជំរុញ​លើក​ទឹកចិត្ត ​​បង្រៀន​អប់រំ ​​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង និង​​ផ្លាស់​ប្ដូរ​ការ​គិត​​ដល់​អ្នក​ដទៃ។ ​កា​រ​និទាន​​​ប្រាប់​ ​គឺ​ជា​កម្លាំង​​ដ៏​សំខាន់​មួយ និង​តែង​តែ​មាន​ឥទ្ធិពល​ជាង​ការ​និយាយ​ផ្ទាល់​ៗ ឬ​ការ​ស្រង់​សម្ដី។​​​​​

 

 

៤. ​​ពង្រឹង​ជំនាញ​និយាយ

​​នៅ​ពេល​យើង​និយាយ​​សំដៅ​ទៅ​លើ​មនុស្ស​មាន​ឥទ្ធិពល​ ​យើង​តែង​តែ​គិត​ថា​ពួកគាត់​ពូកែ​និយាយ ​​មាន​រឿង​មិន​ចេះ​អស់ និយាយ​មាន​ទំនុក​ចិត្ត ​មិន​រអាក់រអួល។ អ្នក​មិន​ត្រូវ​អៀន​ខ្មាស​​ក្នុង​ការ​និយាយ​​ស្ដី សួរ​រក​ហេតុ​ផល​ច្បាស់​លាស់​ទៅកាន់​នរណា​ម្នាក់​លើ​បញ្ហា​​ណា​មួយ​ឡើយ។ ​បើ​​​អ្នក​មិន​មាន​ទម្លាប់​និយាយ​​យូរ ​អាច​សាក​ល្បង​​ខ្លួន​ឯង​នៅ​ផ្ទះ​ ​ដោយ​និយាយ​ដដែល​ៗ រហូត​​ឈប់​​ទាក់ ឈប់​ភ័យ ថ្ងៃ​ណា​មួយ​អ្នក​នឹង​ដូច​​បុគ្គល​ខាង​លើ។​​​​

 

៥. ​យល់​ច្បាស់​ពី​ព្រឹត្តិការណ៍​បច្ចុប្បន្ន

​ការ​និយាយ​​​ ឬ​ការ​សន្ទនា ​បាន​ទៅ​រលូន​ល្អ ​ចាំបាច់​បំផុត​អ្នក​ត្រូវ​ដឹង​​​ព្រឹត្តិការណ៍​ ​ឬ​រឿង​រ៉ាវ​ ប្រធាន​បទ​ឲ្យ​បាន​​ច្បាស់​លាស់ និង​ការ​​វិវត្ត​របស់​វា។ ​បុគ្គល​ល្បី​ៗ ​ដូច​ជា​អ្នក​នយោបាយ ​ ​អ្នក​និយាយ​សាធារណៈ ​ឬ​​អ្នក​ជំនួញ ​តែង​តែ​​​​ តាម​ដាន​​ព្រឹត្តិការណ៍​​​​សង្គម​តាម​រយៈ​​ការ​អាន​ការ​សែត ​ស្ដាប់​វិទ្យុ ​ឬ​​មើល​ទូរទស្សន៍​ជាដើម។​​​​​​

 

 

៦. ​យល់​ពី​បច្ចេកវិទ្យា​ទំនាក់​ទំនង

​ចំណេះ​ដឹង​បច្ចេកវិទ្យា​ដូច​បណ្ដាញ​សង្គម​ និង​ប្លុក​នានា ​ជា​​​អ្វី​ដែល​ត្រូវ​ចេះ​​ក្នុង​សតវត្ស​​ទី ២១នេះ ​ព្រោះ​ការ​និយាយ​ពាក្យ​បច្ចេកទេស​មាន​ច្រើន​​ និង​ពេញ​និយម​ ដែល​មនុស្ស​ចាស់​ជំនាន់​មុន​ពុំ​ធ្លាប់​ឮ ។ ​សម្រាប់​អ្នក​ជំនួញ​វិញ រឹត​តែ​សំខាន់​បំផុត​ក្នុង​​ការ​ស្វែង​រក​​​​អតិថិជន​​​ជុំវិញ​ពិភពលោក​ តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​បណ្ដាញ​សង្គម ​ព្រោះ​ងាយ​ស្រួល​ចំណេញ​ពេលវេលា៕

 

ចុចអាន៖ អាយុ​១៣​ឆ្នាំ​ មាន​គំនិត​ឆ្នៃ​ប្រឌិត រក​បាន​ជិត​៥០០០ដុល្លារ

ចុចអាន៖ អ្នក​ប្រឹក្សា​ជំនួញ​ជនជាតិកាណាដា​​​​​​​​​​បង្ហាញ​​​​​​វិធី​បង្កើត​គំនិត​អាជីវកម្ម​ថ្មី

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Entrepreneur