ប្រទេស​ម្ចាស់ជំនួយ អនុម័ត​លើ​គម្រោង​ថវិកា ឆ្នាំ​២០១៦-២០១៧ របស់​សាលាក្តី​ខ្មែរក្រហម​

ភ្នំពេញ: គម្រោង​ថវិកា​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) សម្រាប់​ឆ្នាំ ២០១៦-២០១៧ ត្រូវបាន​អនុម័ត​ដោយ​ក្រុម​ប្រទេស​ផ្តល់ជំនួយ​សំខាន់ៗ របស់ អ​.​វ​.​ត​.​ក ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់ អ​.​វ​.​ត​.​ក រួចហើយ នាពេលនេះ​។ នេះ​បើតាម​សេចក្តីប្រកាស​។​

​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ បង្ហាញថា ថវិកា​សរុប​ចំនួន ៣២,៣ លាន​ដុល្លារ​អាមេរិក នឹងត្រូវ​ចំណាយ សម្រាប់​ឆ្នាំ​២០១៦ និង​ចំនួន ២៦,៥ លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០១៧ ដោយ​បែងចែក ដូចខាងក្រោម​៖ ឆ្នាំ​២០១៦ គឺ​ភាគី​ជាតិ ចំនួន ៦,៦ លាន​ដុល្លារ និង​ភាគី​អន្តរជាតិ ចំនួន ២៥,៧ លាន​ដុល្លារ​។ រីឯ​ឆ្នាំ​២០១៧ ភាគី​ជាតិ ចំនួន ៦,៤ លាន​ដុល្លារ រីឯ​ភាគី​អន្តរជាតិ ចំនួន ២០,១ លាន​ដុល្លារ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី និង​លោក ឃ្នុ​ត រ៉ូ​ហ្សិ​ន​ហក អនុប្រធាន​ការិយាល័យ​រដ្ឋបាល នៃ​អ​.​វ​.​ត​.​ក បាន​ស្វាគមន៍​ចំពោះ​ការអនុម័ត​គម្រោង​ថវិកា​ថ្មី​នេះ និង​បាន​អំពាវនាវ​ដ៏​ទ​ទួ​ច​ដល់​សហគមន៍​ម្ចាស់ជំនួយ ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ចាំបាច់​ដល់​អ​.​វ​.​ត​.​ក ដើម្បី​អនុវត្ត​ផែនការ​ការងារ​របស់​ខ្លួន ជា​បន្តទៀត​។​

​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​លើកឡើងថា "​គម្រោង​ថវិកា​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ត្រូវបាន​អនុម័ត​មែន ក៏ប៉ុន្តែ​មិនមែន​មានន័យថា យើង​មាន​ថវិកា​គ្រប់គ្រាន់​នោះទេ គឺ​គម្រោង​ថវិកា​ដែល​អនុម័ត​នោះ គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​។ ដូច្នេះ​ចាប់ពីពេលនេះ​តទៅ គឺ​យើង​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​ម្ចាស់ជំនួយ​ផ្សេងៗ ដើម្បី​ទទួលបាន​ថវិកា​បន្ថែមទៀត ជាពិសេស​ពី​ប្រទេស​ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ អាមេរិក បារាំង អង់គ្លេស ជាដើម ដែលជា​ម្ចាស់ជំនួយ​ធំៗ​របស់​តុលាការ​"​។​

​លោក​នេត្រ ភក្ត្រា បន្តថា ក្នុង​គម្រោង​ថវិកា​ភាគី​ជាតិ​កម្ពុជា ដែល​ចំណាយ ចំនួន ៦,៦ លាន​ដុល្លារ គឺ​យើង​បានទទួល​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា ៤,១ លាន​ដុល្លារ ក្នុងនោះ ១,៦៥ លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​ប្រតិបត្តិការ​ទូទៅ​របស់​តុលាការ រួមមាន ការចំណាយ​លើ​ថ្លៃ​ទឹក ភ្លើង អាគារ សេវា​ដឹកជញ្ជូន ថ្លៃ​ព្យាបាល​ជនជាប់ចោទ​។ រីឯ​ថវិកា ២,៥ លាន​ដុល្លារ​ទៀត គឺ​សម្រាប់​ប្រាក់បៀវត្សរ៍​របស់​បុគ្គ​លិ​ក​ជាតិ សម្រាប់​រយៈពេល ៦ ខែ ក្នុង​ឆ្នាំ​២០១៦ ហើយ​ភាគី​ជាតិ ត្រូវការ​ថវិកា​ចំនួន ២,៥ លាន​ដុល្លារ​អាមេរិក ដើម្បី​បំពេញបន្ថែម​លើ​គម្រោង​ថវិកា​របស់​ភាគី​ជាតិ សម្រាប់​ឆ្នាំ​២០១៦​។​

​ជាមួយគ្នា​នោះ លោក នេត្រ ភក្ត្រា ក៏បាន​បន្តថា ចំពោះ​ភាគី​អន្តរជាតិ ក៏​កំពុងតែ​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​ម្ចាស់ជំនួយ​ផ្សេងៗ ដើម្បី​បំពេញ​គម្រោង​ថវិកា​របស់ខ្លួន សម្រាប់​ឆ្នាំ​២០១៦ ចំនួន ២៥,៧ លាន​ដុល្លារ ហើយ​ក្នុងនោះ ក្រុម​ប្រទេស​ម្ចាស់ជំនួយ​មួយចំនួន ដូចជា អូស្ត្រាលី ជប៉ុន ជាដើម បានផ្តល់​ថវិកា​មួយចំនួន​ដល់​ភាគី​អន្តរជាតិ​ហើយ​។​

​ចាប់តាំងពី​បង្កើត​ដំបូង កាលពី​ឆ្នាំ​២០០៦ រហូតដល់​ឆ្នាំ​២០១៥ សាលាក្តី​ខ្មែរក្រហម បាន​ចំណាយ​ថវិកា​សរុប​ចំនួន ២៣៨,៩ លាន​ដុល្លារ ក្នុងនោះ ភាគី​ជាតិ​ចំនួន ៦០,៧ លាន​ដុល្លារ និង​អន្តរជាតិ ចំនួន ១៧៨,២ លាន​ដុល្លារ​។​

​ជាមួយគ្នា​នោះ រហូតដល់​ពេលនេះ សាលាក្តី​ខ្មែរក្រហម បានបញ្ចប់​ការកាត់ក្តី​លើ​សំណុំរឿង​០០១ ដោយបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​មួយជីវិត​លើ​អតីត​មេ​គុក​ទួលស្លែង លោក កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច​។ រីឯ​សំណុំរឿង​០០២ វគ្គ​១ ដែលមាន​ជនជាប់ចោទ នួន​ជា និង​ខៀវ​សំផន បាន​ចូលដល់​បណ្តឹង​សារទុក្ខ និង​កំពុង​បន្ត​សវនាការ​លើ​សំណុំរឿង​០០២ វគ្គ​២​។ រីឯ​សំណុំរឿង ០០៣ និង​សំណុំរឿង​០០៤ ដែលមាន​ជនជាប់ចោទ​សរុប ៤ នាក់ បន្ថែមទៀត កំពុងស្ថិត​ក្នុងដំណាក់កាល​ស៊ើបអង្កេត​៕​

ប្រទេស​ម្ចាស់ជំនួយ អនុម័ត​លើ​គម្រោង​ថវិកា ឆ្នាំ​២០១៦-២០១៧ របស់​សាលាក្តី​ខ្មែរក្រហម​