បុគ្គលិក​សណ្ឋាគារ​វិចតូរីយ៉ា​អង្គរ​ទាមទារ​ឲ្យ​តុលាការ​លុប​ចោល​ដីកា​រក្សា​ការពារ​ក្រុមហ៊ុន

កម្មករ​នៃ​សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា (Victoria Angkor Resort & Spa) និង​បុគ្គលិក​ក្រុមហ៊ុន​ស្នាម​ញញឹម​អង្គរ នៅ​តែ​ព្យាយាម​តវ៉ា​ប្រឆាំង​នឹង​ថៅកែ​ដែល​បាន​បញ្ឈប់​ពួក​គេ​ចំនួន ៤៧​នាក់​ពី​ការងារ ក្នុង​រឿង​រើសអើង​មិន​ឲ្យ​បង្កើត​សហជីព​ក្នុង​កន្លែង​ការងារ ចាប់​តាំង​តែ​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ បើ​ទោះ​បី​ជា​តុលាការ​ខេត្ត​សៀមរាប បាន​ចេញ​ដីកា​រក្សា​ការពារ​ក្រុមហ៊ុន​ទាំង​ពីរ​នោះ ហើយ​រារាំង​មិន​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​បាន​ទៀត​ក៏ដោយ។

ក្រុម​កម្មករ​យល់​ថា ការ​ចេញ​ដីកា​រក្សា​ការពារ​របស់​តុលាការ​នោះ គឺ​ជា​ភាព​អយុត្តិធម៌​មួយ​ដែល​ទម្លាក់​មក​លើ​កម្មករ​ក្រីក្រ។

ក្រុម​សហជីព និង​បុគ្គលិក​របស់​សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា ព្រម​ទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន​ស្នាម​ញញឹម​អង្គរ ប្រមាណ​ជិត ១០០​នាក់ បាន​រួម​គ្នា​ទៅ​អុជ​ធូប​បួង​សួង​ចំពោះ​វត្ថុ​ស័ក្តិសិទ្ធិ​នៅ​កន្លែង​ព្រះអង្គ​ចេក​ព្រះអង្គ​ចម កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែ​មករា។

ពួក​គេ​សុំ​ឲ្យ​បារមី​នៃ​វត្ថុ​ស័ក្តិសិទ្ធិ និង​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​នៃ​ទឹក​ដី​អង្គរ ជួយ​បន្ទន់​ចិត្ត​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ឲ្យ​លុប​ចោល​ដីកា​រក្សា​ការពារ​ចំនួន​២ ដែល​ចេញ​ការពារ​ថៅកែ​ក្រុមហ៊ុន ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​កម្មករ​យ៉ាង​ធ្ងន់ធ្ងរ​នោះ​វិញ។

«សំឡេង​បួង​សួង»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា ដែល​ដឹក​នាំ​ការ​បួង​សួង​នោះ គឺ​លោក ម៉ម រិទ្ធី។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែ​មករា ថា មូលហេតុ​ដែល​ពួក​លោក​នាំ​គ្នា​មក​អុជ​ធូប​បួង​សួង​នៅ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម នេះ ដោយសារ​តែ​ក្រុម​កម្មករ​អស់​សង្ឃឹម​ទៅ​លើ​ប្រព័ន្ធ​តុលាការ ព្រម​ទាំង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នានា ជុំវិញ​ការ​ដោះស្រាយ​ទំនាស់​រវាង​បុគ្គលិក​សណ្ឋាគារ វិចតូរីយ៉ា និង​បុគ្គលិក​នៃ​ក្រុមហ៊ុន​ស្នាម​ញញឹម​អង្គរ ជាមួយ​នឹង​ភាគី​ថៅកែ ទើប​បែរ​មក​រក​ជំនឿ​បន់​ស្រន់​វត្ថុ​ស័ក្តិសិទ្ធិ​វិញ។ លោក ម៉ម រិទ្ធី រិះគន់​តុលាការ​ខេត្ត​សៀមរាប ដែល​បាន​ចេញ​ដីកា​រក្សា​ការពារ​ថៅកែ​ក្រុមហ៊ុន​ទាំង​ពីរ​នោះ ថា​មិន​ត្រឹម​តែ​ជា​ការ​រំលោភ​សិទ្ធិ​កម្មករ​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ ផ្ទុយ​ពី​ច្បាប់​ការងារ និង​ផ្ទុយ​ពី​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ធ្វើ​បាតុកម្ម និង​កូដកម្ម​ផង៖ «យើង​បង្ហាញ​ពី​ការ​អស់​សង្ឃឹម​ទៅ​លើ​ប្រព័ន្ធ​តុលាការ។ នៅ​ពេល​ដែល​ក្រុម​ប្ដឹង​ទៅ គឺ​តុលាការ​មិន​បាន​ទាញ​ហេតុផល​ឲ្យ​សមរម្យ និង​ផ្ដល់​យុត្តិធម៌​ឲ្យ​កម្មករ​ទេ»

កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ តុលាការ​ខេត្ត​សៀមរាប បាន​ចេញ​ដីកា​រក្សា​ការពារ​ចំនួន​២ ដើម្បី​រារាំង​ក្រុម​កម្មករ​នៅ​សណ្ឋាគារ​ផ្កាយ​៥ វិចតូរីយ៉ា និង​បុគ្គលិក​នៃ​ក្រុមហ៊ុន​ស្នាម​ញញឹម​អង្គរ មិន​ឲ្យ​ធ្វើ​កូដកម្ម​តវ៉ា​បាន​ត​ទៅ​ទៀត បន្ទាប់​ពី​ថៅកែ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ បាន​បញ្ឈប់​បុគ្គលិក​ជិត ៥០​នាក់​ពី​ការងារ ដោយសារ​តែ​រើសអើង​មិន​ឲ្យ​បង្កើត​សហជីព​ក្នុង​កន្លែង​ធ្វើ​ការ។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា កន្លង​ទៅ ក្រុម​កម្មករ​ប្រមាណ ២០០​នាក់ ធ្លាប់​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​សៀមរាប ម្ដង​មក​ហើយ។ ពួក​គេ​ទាមទារ​ឲ្យ​តុលាការ លុប​ចោល​ដីកា​រក្សា​ការពារ​នេះ។

ប្រធាន​សហជីព​នៅ​សណ្ឋាគារ វិចតូរីយ៉ា អ្នកស្រី ចាន់ សុជាតិ មាន​ប្រសាសន៍​ថា ចាប់​តាំង​តែ​ពី​ថៅកែ​បាន​បញ្ឈប់​រូប​គាត់ និង​បុគ្គលិក ១៦​នាក់​ផ្សេង​ទៀត​ពី​ការងារ​មក ធ្វើ​ឲ្យ​ស្ថានភាព​គ្រួសារ​ធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង ដូចជា​រូប​នាង មិន​មាន​លុយ​កាក់​សម្រាប់​ទិញ​អាហារ និង​ថែទាំ​សុខភាព​ម្ដាយ​ចាស់ ហើយ​អ្នក​ខ្លះ​ទៀត បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​រហូត​ដល់​បែក​បាក់​គ្រួសារ ជាដើម៖ «ដោយសារ​ស្រុក​ខ្មែរ​យើង តុលាការ គឺ​ជា​ស្ថាប័ន​មួយ​ដែល​មាន​អំណាច។ អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​គាត់​ប្រើ​អំណាច​ហ្នឹង​មើល​មក​ពលរដ្ឋ​ប៉ុន្មាន​រយ​នាក់ ដែល​កំពុង​តវ៉ា​នេះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ដើម្បី​សុំ​ប្រតិកម្ម​ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​របស់​ក្រុម​សហជីព​កម្មករ នៃ​សណ្ឋាគារ វិចតូរីយ៉ា និង​បុគ្គលិក​របស់​ក្រុមហ៊ុន​ស្នាម​ញញឹម​អង្គរ នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។