ក្រសួង​អភិវឌ្ឍន៍​ជនបទ​ប្ដេជ្ញា​កែ​លម្អ​អនាម័យ​ជនបទ​ឲ្យ​បាន​៦០%​នៅ​ឆ្នាំ​២០១៨

ក្រសួង​អភិវឌ្ឍន៍​ជនបទ​លើក​ឡើង​ថា នៅ​ឆ្នាំ​២០១៥ នេះ កម្ពុជា បាន​សម្រេច​គោលដៅ​កែ​លម្អ​អនាម័យ​នៅ​ទី​ជនបទ​ទូទាំង​ប្រទេស​កម្ពុជា ជិត ៥០%។ ទន្ទឹម​គ្នា​នេះ ក្រសួង​អះអាង​ថា ក្រសួង​នឹង​ខិតខំ​បន្ត​ការងារ​នេះ ដើម្បី​ឲ្យ​ប្រជាជន​រស់​នៅ​ទី​ជនបទ​អាច​ទទួល​បាន​ការ​កែ​លម្អ​អនាម័យ​ឲ្យ​បាន ៦០% នៅ​ឆ្នាំ​២០១៨ នឹង​ឈាន​ទៅ​សម្រេច​បាន​រហូត ១០០% ទៅ​តាម​គម្រោង​ត្រឹម​ឆ្នាំ​២០២៥។

​ក្រសួង​អភិវឌ្ឍន៍​ជនបទ យល់​ថា កង្វះ​អនាម័យ​នៅ​តែ​គំរាមកំហែង និង​ជា​ឧបសគ្គ​រារាំង​ដល់​ការ​អភិវឌ្ឍ​ជីវភាព​ប្រជាជន ពិសេស​កុមារ​នៅ​ទី​ជនបទ។ ​ការ​លើក​ឡើង​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា "លទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង​ជុំ​ទី​៣ និង​យុទ្ធសាស្ត្រ​ដក​ចេញ​កម្មវិធី​លើក​កម្ពស់​អនាម័យ​ជនបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា" នៅ​ថ្ងៃ​ទី​២៦ ខែ​មករា។

ថ្លែង​បើក​សិក្ខាសាលា​នេះ រដ្ឋលេខាធិការ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ទ្រី ម៉េង មាន​ប្រសាសន៍​ថា ទោះ​ជា​កម្មវិធី​លើក​កម្ពស់​អនាម័យ​នៅ​ទី​ជនបទ​ទូទាំង​ប្រទេស​បាន​រហូត​ជិត ៥០% បើ​ធៀប​ពី​ឆ្នាំ​១៩៩០ បាន​ត្រឹមតែ ១១% ប៉ុណ្ណោះ​ក្តី ប៉ុន្តែ​លោក​ថា នៅ​តែ​មាន​ពលរដ្ឋ​ច្រើន​លាន​នាក់​ទៀត​មិន​ទាន់​ទទួល​បាន​ការ​កែ​លម្អ​អនាម័យ ពិសេស​នៅ​តែ​បន្ត​ការ​បន្ទោបង់​ពាសវាលពាសកាល​នៅ​ឡើយ។

លោក​បន្ត​ថា ហេតុ​នេះ​ក្រសួង​មាន​គោលបំណង​ធ្វើ​ឲ្យ​បាន ៦០% ក្នុង​ឆ្នាំ​២០១៨ និង ១០០% ក្នុង​ឆ្នាំ​២០២៥ នៅ​ទូទាំង​ប្រទេស។ លោក​ថា បំណង​នេះ​ដើម្បី​អាច​ធានា​បាន​សុខុមាលភាព អនាម័យ ជីវភាព និង​ពង្រីក​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស៖ «»។

​មន្ត្រី​សម្របសម្រួល​ផ្នែក​សុខភាព និង​អនាម័យ​ប្រចាំ​អង្គការ ស៊ីវិត (CFED) នៅ​ខេត្ត​ស្វាយរៀង លោក ព្រាប សុទ្ធ មាន​ប្រសាសន៍​ថា កង្វះ​អនាម័យ​នៅ​ទី​ជនបទ​កន្លង​មក​ដោយសារ​តែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​រក្សា​ទម្លាប់​បន្ទោបង់​ពាសវាលពាសកាល ព្រមទាំង​កង្វះ​ការ​យល់​ដឹង​ជាដើម។ លោក​យល់​ថា ដើម្បី​ឲ្យ​គោលដៅ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ក្រសួង​ត្រូវ​ផ្ដោត​លើ​ការ​កែប្រែ​ទម្លាប់​ប្រជាពលរដ្ឋ​ជាមុន៖ «»។

​នាយក​ប្រចាំ​ប្រទេស​អង្គការ ភ្លែន អន្តរជាតិ កម្ពុជា (Plan International) និង​ជា​តំណាង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​កម្មវិធី​លើក​កម្ពស់​អនាម័យ លោក យេន យេប ក្លែនរេនស៊ីងក៍ (Jan Jaab Kleinrensink) មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួង​នៅ​ពេល​នេះ ព្រោះ​កង្វះ​អនាម័យ​នៅ​តែ​គំរាមកំហែង​ដល់​ការ​អភិវឌ្ឍ​កុមារ និង​ជា​ឧបសគ្គ​រារាំង​សម្រាប់​កុមារ​បំពេញ​បាន​នូវ​សក្ដានុពល​ពេញលេញ​ពេល​ធំ​ឡើង។ លោក​បន្ត​ថា នៅ​លើ​ពិភពលោក ជំងឺ​រាក​តែ​ឯង​គឺ​ជា​មូលហេតុ​ចម្បង​ទី​ពីរ ដែល​បាន​ឆក់​យក​ជីវិត​កុមារ​ក្រោម​អាយុ​ប្រាំ​ឆ្នាំ៖ «»។

​ប៉ុន្តែ លោក​បាន​ផ្ដល់​អនុសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​គប្បី​ទម្លាក់​ថវិកា​ជាតិ​ខ្លះ​ទៅ​ឲ្យ​ថ្នាក់​ឃុំ​សម្រាប់​ចាត់ចែង​នៅ​សហគមន៍​របស់​ពួកគេ។

របាយការណ៍​ដែល​ផ្សព្វផ្សាយ​ក្នុង​សិក្ខាសាលា​នេះ ឲ្យ​ដឹង​ថា កង្វះ​អនាម័យ និង​ការ​បន្ទោបង់​ពាសវាលពាសកាល បាន​ធ្វើ​ឲ្យ​កុមារ​ខ្វះ​អាហារូបត្ថម្ភ ច្រើន​ជាង​មក​ពី​ការ​ខ្វះ​អាហារ។ ជាង​នេះ​ទៀត យោង​តាម​ការ​ស្ទង់​មតិ ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ​២០១៤ ក្នុង​ប្រទេស​កម្ពុជា កុមារ​ក្រោម​អាយុ​ប្រាំ​ឆ្នាំ​មាន ៣២,៤% ក្រិន ២៤% មិន​គ្រប់​គីឡូ និង ១០% ស្គមស្គាំង។

យ៉ាង​ណា​ក៏ដោយ ក្រសួង​អភិវឌ្ឍន៍​ជនបទ​នៅ​តែ​អះអាង​ថា ដើម្បី​ជំរុញ​ឲ្យ​ការ​លើក​កម្ពស់​អនាម័យ​នៅ​កម្ពុជា មាន​ប្រសិទ្ធភាព​ទៅ​បាន ក្រសួង​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​ផ្នែក​នេះ ពិសេស​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។