លោក ច​ន ឃើ​រី លើកឡើង​អំពី​សារសំខាន់​នៃ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញ: ​ទន្ទឹមនឹង​ការកោតសរសើរ​កម្ពុជា អំពី​ការអភិវឌ្ឍន៍ និង​ការ​ថ្លែង​អំពី​ការប្ដេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ក្នុងការ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ លោក ច​ន ឃើ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក បានលើកឡើង​អំពី​សារសំខាន់​នៃ​លទ្ធិប្រជាធិប​តេយ្យ​​ពហុបក្ស នៅ​ប្រទេស​កម្ពុជា​។​

​ក្នុង​សន្និសីទកាសែត នា​រសៀល​ថ្ងៃទី​២៦​មករា មុនពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ នៅ​កម្ពុជា លោក ច​ន ឃើ​រី បាន​បញ្ជាក់ថា “​រដ្ឋាភិបាល​ប្រជាធិប​តេយ្យ មាន​កាតព្វកិច្ច​ការពា​រ​តំណាងរាស្ត្រ ដោយ​ធានាថា ពួកគេ​អាចបំពេញ​តួនាទី ដោយ​គ្មាន​ការភ័យខ្លាច​។ នេះ​ជា​កាតព្វកិច្ច​ចម្បង​របស់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​។ ដូច្នេះ សម្រាប់​ការបោះឆ្នោត​ឆ្នាំក្រោយ និង​ឆ្នាំ​២០១៨ ជាការ​សំខាន់ ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​ជជែក​ដេញដោល​គ្នា​ឲ្យ​បាន​ខ្លាំងក្លា និង​ដោយ​សន្តិវិធី​”​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​កម្ពុជា នា​ថ្ងៃ​ទី​២៥ និង​ថ្ងៃទី​២៦​មករា​នេះ លោក ច​ន ឃើ​រី រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក បាន​ជួប​ជាមួយនឹង​លោក​ហោ​ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ជួប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន លោក​កឹម​សុខា ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​។​

​នៅ​រសៀល​ថ្ងៃទី​២៦​មករា​នេះ លោក​ច​ន​ឃើ​រី បាន​ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ មុនពេល​មក​ទស្សនកិច្ច​នៅ​កម្ពុជា លោក​ច​ន ឃើ​រី បាន​ទៅ​ទស្សនកិច្ច នៅ​ទីក្រុង​វៀង​ចន្ទ ប្រទេស​ឡាវ​៕​