អ្នកស្រុក​ជាប់​ព្រំដែន​ថៃ ពិបាក​ទ្រាំ​នឹង​អាកាសធាតុ​ចុះ​ត្រជាក់​ដល់​១៤ ទៅ ១៦ អង្សារ​

បន្ទាយមានជ័យ: អ្នកស្រុក​នៅ​ប្រជុំជន និង​ស្រុក​ស្រែចម្ការ នៅ​ខេត្តបន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ បាន​ខំតស៊ូ​សម្របសម្រួល​ផ្ស៊ាំ​ខ្លួន​នឹង​សីតុណ្ហភាព​ចុះ​ត្រជាក់​អប្បបរមា​ពី ១៦ ទៅ ១៤ អង្សារ​សេ ដែល​បង្ក​ពី​ឥទ្ធិពល​អាកាសធាតុ ចាប់តាំងពី​ថ្ងៃអាទិត្យ មកដល់​ថ្ងៃទី​២៦​មករា​នេះ​។​

​ប្រភពព័ត៌មាន អោយដឹង​ថ្ងៃទី​២៥​មករា​ថា អ្នកស្រុក​បាន​ប្រយ័ត្នប្រយែង​ខ្លួន ដោយ​ដំណេក​ដណ្តប់ភួយ​ក្រាស់ ឬ​ទី​បន្ទប់​បិទបាំង​ខ្យល់ នាពេល​យប់​។ ពេល​ថ្ងៃ ពួកគេ​បាន​ស្លៀក​សម្លៀកបំពាក់​ក្រាស់ៗ​។ ខ្លះទៀត បាន​បំពក់ភ្លើង​កំដៅ​ខ្លួន​។​
   
​នៅ​បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ចាប់ពី​យប់​ថ្ងៃអាទិត្យ ទី​២៤​មករា ធាតុអាកាស បាន​ចុះ​ត្រជាក់​ដល់ ១៣-១៥ អង្សារ នៅ​តំបន់​ប៉ែក​ខាងជើង​ម្តុំ​ជួរ​ភ្នំ​ដងរ៉ែក និង​ព្រំដែន​ថៃ​។ ឯ​នៅ​ប៉ែក​ខាងកើត លិច ត្បូង និង​កណ្តាល​ខេត្តបន្ទាយមានជ័យ អាកាសធាតុ បាន​ចុះ​ត្រជាក់​ត្រឹម​១៥-១៧​អង្សារ​សេ​។ រីឯ​នៅពេល​យប់ កម្រិត​ល្បឿន​ខ្យល់​បោកបក់​ខ្លាំង ជាង​ពេល​ថ្ងៃ បង្ក​អោយ​ប៉ើង​ជញ្ជាំង ដំបូលផ្ទះ និង​បាក់​ដើមឈើ​មួយចំនួន​។​
   អ្នកស្រុក​អះអាង និង​ត្អូញត្អែរ​ពី​ការលំបាក​ទ្រាំ​នឹង​អាកាសធាតុ ចុះ​ត្រជាក់​នេះ​។ ក្នុងនោះ ប្រជាពលរដ្ឋ​មួយចំនួន បាន​ផ្អាក​ចេញ​ក្រៅ​ផ្ទះ ឬ​មិន​ចេញទៅ​ធ្វើការ នៅតាម​វាល​។​
    
​យ៉ាងណាក៏ដោយ មិនទាន់មាន​របាយការណ៍​ពី​គ្រោះថ្នាក់​សុខភាព​ពលរដ្ឋ ដោយ​ធាតុអាកាស​ចុះ​ត្រជាក់​នេះ​ទេ​។ តែ​អ្នកស្រុក និង​មន្ត្រី​និយាយថា អាកាស​ចុះ​ត្រជាក់​ដូច្នេះ វា​ប៉ះពាល់​ដល់​ការប្រកប​របរ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ដែរ​។​

​សូម​រម្លឹកថា តាម​ការ​ព្យាករ អាកាសធាតុ​ចុះ​ត្រជាក់​ដូច្នេះ នឹងត្រូវ​បញ្ចប់ ត្រឹម​ថ្ងៃទី​២៦​មករា ឆ្នាំ​២០១៦ ក្រោយពី​ធាតុអាកាស​ត្រជាក់ ធ្លាក់​ដល់ ១៤ អង្សារ​សេ បានកើត​ឡើង កាលពី​ថ្ងៃ​តី​២៥​មករា នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ រួចមក​៕

អ្នកស្រុក​ជាប់​ព្រំដែន​ថៃ ពិបាក​ទ្រាំ​នឹង​អាកាសធាតុ​ចុះ​ត្រជាក់​ដល់​១៤ ទៅ ១៦ អង្សារ​

អ្នកស្រុក​ជាប់​ព្រំដែន​ថៃ ពិបាក​ទ្រាំ​នឹង​អាកាសធាតុ​ចុះ​ត្រជាក់​ដល់​១៤ ទៅ ១៦ អង្សារ​

អ្នកស្រុក​ជាប់​ព្រំដែន​ថៃ ពិបាក​ទ្រាំ​នឹង​អាកាសធាតុ​ចុះ​ត្រជាក់​ដល់​១៤ ទៅ ១៦ អង្សារ​