ឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្ត​អោយ​ស្តារ​ស្ទឹង និង​សន្សំសំចៃ​ទឹក​

បន្ទាយមានជ័យ: លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​គាំទ្រ និង​លើកទឹកចិត្ត​អោយ​ពលរដ្ឋ បន្ត​ស្តា​របាត​ស្ទឹង​មង្គល​បូរី បន្តទៀត ដើម្បី​ស្ទាក់ ស្តុក​ទឹក​ទុក​ផ្គត់ផ្គង់​ការបរិភោគ និង​ប្រើប្រាស​ក្នុង​ជីវភាព​គ្រួសារ​។​
 
​លោក​ឧបនាយករដ្ឋមន្ត្រី និង​មន្ត្រី​ក្រុមការងារ មន្ត្រី​អាជ្ញាធរ​ដែនដី ព្រមទាំង​មន្ត្រី​ជំនាញ បាន​ចុះទៅពិនិត្យ ដោះស្រាយ​ស្ថានភាព​ទឹក​ក្នុង​ស្ទឹង​មង្គល​បូរី ក្នុង​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី កាលពី​ល្ងាច​ថ្ងៃទី​២៥ មករា ឆ្នាំ​២០១៦​។​
    
​ចំពោះមុខ​ពលរដ្ឋ​រាប់រយ​នាក់ និង​មន្ត្រី លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត គាំទ្រ និង​អនុញ្ញាតអោយ​ពលរដ្ឋ​ប្រើ​គ្រឿងចក្រ ចូក​ជីក​ស្តារ​ស្ទឹង​មង្គល​បូរី ដូចដែល​ពួកគេ បានធ្វើ ក្នុង​ពោះ​ស្ទឹង​នេះ ក្នុងភូមិ​សាស្ត្រ ឃុំ​បត់​ត្រង់ ជា​បន្តបន្ទាប់​មកនេះ ដើម្បី​ស្ទាក់ ស្តុក​រក្សា​ទឹក​ទុក​បរិភោគ និង​ប្រើប្រាស់​ចំពោះមុខ នា​រដូវប្រាំង​ឆ្នាំ​២០១៦​នេះ​។​
    
​លោក កែ គឹមយ៉ាន បានផ្តល់​ការឧបត្ថម្ភ​ប្រេងម៉ាស៊ូត ២.០០០ លីត្រ ដល់​អាជ្ញាធរ​ឃុំ​បត់​ត្រង់ ដើម្បី​យកទៅ​ចាក់​គ្រឿងចក្រ រួមចំណែក​ស្តារ​ស្ទឹង បន្តទៀត​។ ពោលគឺ​ស្តារ​ស្ទឹង អោយ​ជ្រៅ ពេលណា​ទឹកធ្លាក់​ពីលើ​មក ពលរដ្ឋ​នឹងមាន​ទឹក​ផឹក និង​ប្រើប្រាស់​គ្រប់គ្រាន់ ក្នុង​រដូវប្រាំង​នេះ​។​
  លោក និង​មន្ត្រី បាន​បន្តទៅ​ពិនិត្យ​ទំនប់​ទប់​ស្ទឹង​សិរីសោភ័ណ​ទៀត នៅ​ចំនុចប្រសព្វ​ស្ទឹង​ស្វាយចេក ក្នុង​សង្កាត់​ព្រះ​ពន្លា និង​ភ្នៀ​ត ដែល​កសាង​បណ្តោះអាសន្ន គ្រាអាសន្ន ដោយ​អាជ្ញាធរ​ដែនដី ដើម្បី​ស្ទាក់​ទឹក​ទុក​ផ្គត់ផ្គង់​ពលរដ្ឋ​ប្រជុំជន​ក្រុង​សិរីសោភ័ណ​។​

​លោក​ណែនាំ​អោយ​ពលរដ្ឋ និង​មន្ត្រី ឲ្យ​បន្ត​ត្រៀម​បម្រុង​រក្សា​ទឹក​ទុក​ក្នុង​អាង​ពាង​ធុង និង​ស្រះ ហើយ​ត្រូវ​បង្កើន​ការ​សន្សំសំចៃ​ខ្ពស់បំផុត ដើម្បី​ធានាថា ទឹក​សេសសល់​ក្នុង​ប្រភព​នានា នឹង​ធានា​ប្រើប្រាស់​គ្រប់គ្រាន់​ក្នុង ១​រដូវប្រាំង​នេះ​។​
 
​ចំពោះ​កសិករ ដែល​ឈ្លោះ​គ្នា​ដណ្តើម​ទឹក​ស្រោចស្រព​ស្រូវប្រាំង លោក​ប្រធាន​ក្រុមការងារ បាន​សូម​ចិត្ត សូមអោយ​អោយមាន​អធ្យាស្រ័យ​គ្នា ព្រោះ​ទឹក​រដូវវស្សា​ឆ្នាំ​២០១៤-១៥ កន្លងមក តិច ហើយ​កសិករ​នៅ​ស្រុក​មង្គល​បូរី នា​ឆ្នាំនេះ ធ្វើ​ស្រូវប្រាំង​កើន​ខ្ពស់ គឺ​ចំនួន​ជាង ១៣.០០០ ហិច​តា លើ​ផែនការ​តែ​ជាង ៦.០០០ ហិច​តា​៕        

ឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្ត​អោយ​ស្តារ​ស្ទឹង និង​សន្សំសំចៃ​ទឹក​

ឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្ត​អោយ​ស្តារ​ស្ទឹង និង​សន្សំសំចៃ​ទឹក​

ឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្ត​អោយ​ស្តារ​ស្ទឹង និង​សន្សំសំចៃ​ទឹក​

ឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្ត​អោយ​ស្តារ​ស្ទឹង និង​សន្សំសំចៃ​ទឹក​