អាមេរិក​ប្រកាស​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​តែ​បារម្ភ​រឿង​សិទ្ធិ​មនុស្ស

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក ចន ឃែរី (John Kerry) នៅ​ថ្ងៃ​ទី​២៦ ខែ​មករា បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ លោក​ផ្ដើម​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ដោយ​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ។ លោក ចន ឃែរី បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បន្ទាប់​មក​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ឃែរី ក៏​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​លោក កឹម សុខា និង​ក្រុម​សង្គម​ស៊ីវិល​ផង​ដែរ។

​លោក ចន ឃែរី ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា។ ក៏​ប៉ុន្តែ​លោក​ក៏​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ផង​ដែរ។ លោក ឃែរី លើក​សរសើរ​ប្រទេស​កម្ពុជា ថា មាន​សន្ទុះ​សេដ្ឋកិច្ច និង​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់។ លោក​គូស​បញ្ជាក់​ថា សហរដ្ឋអាមេរិក ជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាង​គេ​របស់​កម្ពុជា ហើយ​បន្ថែម​ថា ប្រទេស​ទាំង​ពីរ​នឹង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​បណ្ដាក់ទុន​តាម​រយៈ​ការ​ជួយ​កម្ចាត់​អំពើ​ពុករលួយ និង​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

​សហរដ្ឋអាមេរិក ជាទី​ផ្សារ​ធំ​មួយ​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា ដែល​វិស័យ​នេះ​ជា​សសរស្ដម្ភ​សំខាន់​មួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច។ ការ​នាំ​ចេញ​របស់​ទៅ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៤ មាន​តម្លៃ ១,៨​ពាន់​លាន​ដុល្លារ។

​យ៉ាង​ណា​ក៏ដោយ វិស័យ​សេដ្ឋកិច្ច​កម្ពុជា បាន​រអាក់រអួល ដែល​ប៉ះពាល់​ដោយ​ចំហាយ​នៃ​ការ​ធ្លាក់​ចុះ​ការ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​មេដឹកនាំ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស ព្រម​ទាំង​សកម្មជន​ផ្នែក​បរិស្ថាន​ផង​ដែរ។ លោក​ព្រួយ​បារម្ភ​ពី​ការ​ការ​គំរាមកំហែង​របស់​រដ្ឋាភិបាល​លើ​បក្ស​ប្រឆាំង ខណៈ​កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ។

នៅ​មុន​ពេល​មក​ដល់​របស់​លោក ឃែរី ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក បដិសេធ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ថ្មី​ណា​មួយ លុះត្រាតែ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឲ្យ​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​បាន​ល្អ​ប្រសើរ​ឡើង។

លោក ចន ឃែរី សង្កត់​ធ្ងន់​ថា លទ្ធិប្រជាធិបតេយ្យ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ហើយ​វា​ក៏​ជា​តួនាទី​សំខាន់​នូវ​ក្នុង​ការ​កំណត់​អំណាច​របស់​អ្នក​ដឹកនាំ​ផង​ដែរ។ លោក​បន្ត​ថា រដ្ឋាភិបាល​ប្រជាធិបតេយ្យ ត្រូវ​មាន​ទំនួល​ខុសត្រូវ ដោយ​ធានា​ថា រាល់​មេដឹកនាំ​ទាំង​ឡាយ​មាន​សេរីភាព​បំពេញ​ភារកិច្ច និង​កាតព្វកិច្ច​ដោយ​គ្មាន​ការ​បំភិតបំភ័យ ការ​ចាប់ចង និង​ការ​វាយប្រហារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។