ចាំបាច់​ទេ​ដែល​ត្រូវ​អោយ​កូនស្រី​អ្នកលេង​កីឡា​?

ចាំបាច់​ទេ​ដែល​ត្រូវ​អោយ​កូនស្រី​អ្នកលេង​កីឡា​?

​ហេតុអ្វី​បានជា​អ្នក ត្រូវការ​លេង​កីឡា​? តើ​វា​ធ្វើអោយ​អ្នក​រីករាយ​ឬ​? ប្រាកដ​ណាស់​។ ប៉ុន្តែ​វា​មានរឿង​លើសពី​ហ្នឹង​ទៅ​ទៀត​។ ជា​ការពិត​, វា​មាន​យ៉ាងហោច​ណាស់​ហេតុផល​៥​ដែល​ក្មេង​ស្រី​គួរតែ​លេង​កីឡា​។ ដោយយោង​តាម Women’s Sports Foundation បានបង្ហាញ​ថា​, ក្មេងស្រី​ដែល​លេង​កីឡា គឺ​ទទួល​បាន​ភាព​រីករាយ​ច្រើនជាង​ទទួលបាន​កាយសម្បទា​រឹងមាំ​។​

១. ក្មេងស្រី​ដែល​លេង​កីឡា គឺ​មាន​ភាពប្រសើរ​ឡើង​នៅក្នុង​សាលារៀន​
 អ្នក​អាច​គិតថា ការហាត់​កីឡា​នឹង​កាត់បន្ថយ​ពេល​នៃ​ការសិក្សា​របស់​អ្នក​។ ប៉ុន្តែ​ការស្រាវជ្រាវ​បានបង្ហាញ​ថា ក្មេងស្រី​ដែល​លេង​កីឡា នឹង​មាន​ភាពប្រសើរ​ឡើង​ចំពោះ​ការសិក្សា​ជាង​ក្មេងស្រី​ដែល​មិន​លេង​កីឡា​។ លំ​ហាត់ប្រាណ​ផ្តល់​ភាព​ប្រសើរ​ឡើង​ដល់​ការសិក្សា​, ការចងចាំ និង​ការប្រមូលផ្តុំ​អារម្មណ៍​ដែល​អាច​ផ្តល់​អោយ​ក្មេងស្រី​មាន​សភាព​រស់​រវើក​នៅ​ក្នុង​ថ្នាក់រៀន​។​

២. ក្មេងស្រី​ដែល​លេង​កីឡា បង្រៀន​អោយ​ក្មេងស្រី​រៀនធ្វើការ​ជា​ក្រុម និង​ជំនាញ​នៃ​ការកំណត់​ទិសដៅ កីឡា​បង្រៀន​ពី​ជំនាញ​ដ៏​មានតម្លៃ​។ នៅពេល​ដែល​អ្នកធ្វើការ​ជាមួយនឹង​គ្រូបង្រៀន​, អ្នក​បង្វឹក ដើម្បី​ឈ្នះ​នូវ​ការប្រកួត​មួយ ហើយ​ទទួលបាន​នូវ​គោលដៅ​មួយ​នោះ គឺ​អ្នក​កំពុងតែ​សិក្សា​ពី​របៀប​ដែល​នាំអោយ​អ្នក​ជោគជ័យ​។ ជំនាញ​នោះ​នឹង​ជម្រុញ​អ្នក​អោយ​ធ្វើការ​បាន​ល្អ​។​

៣. កីឡា​គឺ​ល្អ​សម្រាប់​សុខភាព​របស់​ក្មេងស្រី​
បន្ថែម​ពីលើ​កាយសម្បទា​រឹងមាំ និង​រក្សា​ទម្ងន់​នោះ​, ក្មេងស្រី​ដែល​លេង​កីឡា​ក៏​មិន​ជក់បារី​ផងដែរ​។ ហើយ​នៅពេល​ក្រោយ​, ក្មេងស្រី​ដែល​ធ្វើ​លំ​ហាត់ប្រាណ​ហាក់ដូចជា​មិន​ងាយ​នឹង​កើត​ជំងឺមហារីក​សុដន់ ឬ​ជំងឺ​ពុក​ឆ្អឹង​នោះទេ​។​

៤. ការលេង​កីឡា​ជម្រុញ​ដល់​ភាព​ជឿជាក់​លើ​ខ្លួនឯង
ក្មេងស្រី​ដែល​លេង​កីឡា គឺ​មាន​អារម្មណ៍ល្អ​ចំ​ពោះ​ខ្លួនឯង​។ ហេតុអ្វី​? ព្រោះ​វា​បង្កើត​នូវ​ភាពជឿជាក់​នៅពេល​ដែល​អ្នក​ដឹងថា អ្នក​អាច​ធ្វើបាន​, ផ្តល់​ភាព​ប្រសើរ​ឡើង និង​សម្រេច​ដល់​គោលដៅ​។ កីឡា​ក៏​ជា​សកម្មភាព​ល្អ​មួយ​ផង​ដែរ​ព្រោះ​វា​អាច​ជួយ​ក្មេងស្រី​មាន​រាង​ស្អាត​, រក្សា​ទម្ងន់ និង​បង្កើត​មិត្តភិក្ត​ថ្មី​។​

៥. ការហាត់​កីឡា​បន្ថយ​សម្ពាធ​
ការលេង​កីឡា​អាច​បន្ថយ​សម្ពាធ និង​ជួយ​អោយ​អ្នក​មាន​អារម្មណ៍​សប្បាយ​។ តើ​វា​ធ្វើឡើង​ដោយ​របៀប​ណា​? សារធាតុ​គីមី​នៅក្នុង​ខួរក្បាល​ដែល​ត្រូវ​បាន​បញ្ចេញ​អំឡុងពេល​ធ្វើ​លំ​ហាត់ប្រាណ ផ្តល់​ភាព​ប្រសើរ​ឡើង​ដល់​អារម្មណ៍​របស់​មនុស្ស​។ មិត្តភិក្តក៏​ជា​អ្នក​ផ្តល់អារម្មណ៍​ប្រសើរ​ឡើង​ផងដែរ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។