ចំណុច​គួរ​ពិចារណា​មុន​ពេល​អ្នក​ចង់​មានកូន​

ចំណុច​គួរ​ពិចារណា​មុន​ពេល​អ្នក​ចង់​មានកូន​

​ការសម្រេចចិត្ត ក្នុង​ការ​មាន​កូន​គឺជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​និង​ដៃគូ​របស់​អ្នក ។ ចំពោះ​លទ្ធផល​នៃ​ការសម្រេចចិត្ត​នេះ​គឺ​អាស្រ័យ​ទៅលើ​កត្តា​ជាច្រើន​។ ជាដំបូង​អ្នក​គួរតែ​និយាយ​ជាមួយ​ដៃគូ​របស់​អ្នក​ឲ្យបាន​ច្បាស់លាស់​ពីអារម្មណ៍​ពិត​ទាំងអស់​របស់​អ្នក បើទោះបីជា​វា​ហាក់ដូចជា​ទើសទាល់​ក៏ដោយ ព្រោះ​មាន​តែ​អ្នក​ទាំង​ពីរ​ប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់​ថា​នៅពេលណា​ដែល​សាក​សម សម្រាប់​អ្នក​ទាំង​ពីរ​បង្កើត​សមាជិក​ថ្មី​ម្នាក់​ក្នុង​គ្រួសារ​។ ខាងក្រោម​នេះ​គឺជា​ជំនួយ​ដល់​អ្នក​ក្នុង​ការកំណត់​ពី​ពេលវេលា​ដែល​អ្នក​និង ដៃគូ​គួរ​មានកូន​។​

១. ចូរ​ពិចារណា​ពី​ស្ថានភាព​ការងារ​របស់​អ្នក​៖ តើ​នឹង​មាន​នរណា​ម្នាក់​នៅ​ផ្ទះ​ដើម្បី​មើល​ថែ​ទារក​ដែល​ទើប​នឹង​កើត​នោះ ដែរឬទេ​? ប្រសិនបើ​គ្មាន​នោះ​ទេ​តើ​អ្នក​ទាំង​ពីរ​ទុកចិត្ត​ឲ្យ​ទារក​នៅ​ជាមួយ អ្នកមើល​ក្មេង​ឬ​ឲ្យ​ទារក​នៅ​កន្លែង​មើល​ក្មេង​ដែរឬទេ​?​ចូរ​និយាយ​ជាមួយ ដៃគូ​របស់​អ្នក​ពី​បញ្ហា​នេះ ព្រោះ​ការងារ​របស់​អ្នក​អាច​ជា​ឧបសគ្គ​ដ៏​ធំ​ក្នុង​ការកំណត់​ថា​អ្នក​គួរ មានកូន​នៅពេល​នេះ​ដែរ​ឬទេ​។​

២. ពិនិត្យ​និង​ត្រួតពិនិត្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​៖ ខណៈ​ដែល​វា​មិន​មាន​អារម្មណ៍​កក់ក្តៅ​ក្នុងការ​គិត​ពី​បញ្ហា​នេះ​ប៉ុន្តែ ការពិតទៅ​គឺ​ការ​មាន​កូន​ត្រូវ​ចំណាយ​ប្រាក់​អស់​ជាច្រើន​។ ចូរ​សួរ​ខ្លួន​អ្នក​ថា​តើ​អ្នក​មាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​សម្រាប់ ចិញ្ចឹម​កូន​នោះទេ​? តើ​គម្រោង​ហិរញ្ញវត្ថុ​ទៅ​ថ្ងៃ​អនាគត​របស់​អ្នក​យ៉ាងណាដែរ​? តើ​អ្នក​នឹងត្រូវ​បោះបង់​អ្វី​ចោល​គ្រប់យ៉ាង​ព្រោះ​អ្នក​ជ្រើសរើស​ក្នុង​ការ មានកូន​ឬ​? វា​គឺជា​សំណួរ​ខ្លះៗ​ដែល​អ្នក​ត្រូវ​គិត​មុន​ពេល​សម្រេចចិត្តថា​មានកូន​។​

៣. កំណត់​ថា​តើ​ផ្ទះ​របស់​អ្នក​អាច​បន្ថែម​សមាជិក​ថ្មី​បាន​ដែរឬទេ​៖ ការចំណាយ​ក្នុង​ការរស់នៅ​នឹង​ប្រែប្រួល​នៅពេល​ដែល​អ្នក​សម្រេចចិត្ត​ថា​នឹង មានកូន​។ តើ​អ្នកត្រូវការ​ផ្ទះ​ធំ​ជាង​នេះ​ដែរ​ឬទេ​? តើ​អ្នក​ចង់​បាន​ធ្លាមុខផ្ទះ​ដើម្បី​ឲ្យ​កូន​របស់​អ្នកលេង​ដែរឬទេ​? ជាថ្មី​ម្តងទៀត​វា​មិនមែន​ជា​រឿង​សប្បាយ​ដែល​គួរ​ឲ្យ​គិត​នោះ​ទេ ប៉ុន្តែ​វា​គឺជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ដឹង​ពី​ពត៌មាន​ទាំងនេះ​មុនពេល អ្នក​ធ្វើ​ការសម្រេចចិត្ត​។​

៤. ស្វែងយល់​ពី​តំបន់​ដែល​អ្នក​រស់នៅ​ថា​តើ​ល្អ​សម្រាប់​កូន​របស់​អ្នក​ដែរ​ទេ ៖ ចូរ​ធ្វើការ​ស៊ើបសួរ​ពី​សាលា​ក្នុង​តំបន់​ដែល​អ្នក​រស់នៅ​ហើយ​កំណត់​ថា​តើ អ្នក​ចង់ឲ្យ​កូន​របស់អ្នក​រៀន​នៅ​សាលា​នោះ​ដែរ​ឬទេ​? វា​ហាក់ដូចជា​អ្នក​សំលឹង​មើលទៅ​ឆ្ងាយ​ពេក​ប៉ុន្តែ​វា​ក៏​ជា​ចំណុច​សំខាន់ ដែល​អ្នក​ត្រូវ​ពិចារណា​ផង​ដែរ​។​

៥. ចូរ​សាកសួរ​ប្តី​ប្រពន្ធ​ផ្សេង​ទៀត​ពី​បត​ពិសោធន៍​របស់​ពួកគេ​៖ អ្នក​អាច​សាកសួរ​គេ​ថា​តើ​ពួកគេ​ដឹង​ដោយ​របៀប​ណា​ថា​ពេល​ណាមួយ​ដែល​សាក​សម សម្រាប់​ពួកគេ​ក្នុង​ការ​មាន​កូន​។ ចូរ​កុំ​ខ្លាច​ក្នុងការ​សួរ​ពួកគេ​នូវ​សំណួរ​លំបាកៗ ដូចជា​តើ​ពួកគេ​ស្តាយក្រោយ​ដែរឬទេ ឬ​តើ​ពួកគេ​នៅតែ​ជ្រើសរើស​ជម្រើស​ដដែល​ដែរ​ឬ​ទេ​ប្រសិនបើ​ពួកគេ​អាច​ត្រលប់ ពេល​ថយក្រោយ​?

៦. ចូរ​ផ្តល់​ពេលវេលា​ឲ្យ​ខ្លួន​អ្នក​ក្នុងការ​រិះគិត​ឡើងវិញ​ពី ការសម្រេចចិត្ត​របស់​អ្នក​៖ មាន​តែ​អ្នក​នោះ​ទេ​ដែល​ដឹង​ថា​អ្នក​ត្រៀមលក្ខណៈ​រួចរាល់​ឬ​នៅ​ក្នុង​ការ មានកូន​។ ចូរ​ពិចារណា​ឲ្យបាន​ច្បាស់លាស់​ពី​ចំណុច​គ្រប់យ៉ាង​ហើយ​បន្ទាប់មក​និយាយ ជាមួយ​ដៃគូ​របស់​អ្នក​ពី​ការព្រួយបារម្ភ​របស់​អ្នក​ប្រសិនបើ​មាន​។ អ្នក​ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​នឹង​ដៃគូ​របស់​អ្នក​អំពី​ក្តីសង្ឃឹម​និង ភាពភ័យខ្លាច​របស់​អ្នក នៅពេលដែល​មាន​កូន​។ នៅពេល​ដែល​អ្នក​បាន​និយាយ​ហើយ​អ្នក​នឹងមាន​អារម្មណ៍​ថា​អ្នក​មាន​ភាព ក្លាហាន​ជាង​មុន​ក្នុង​ការ​មានកូន​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។