ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​៣៥​គ្រួសារ​នៅ​ក្នុងភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​ស្នើ​សុំ​អោយ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​ទំនាស់​ដីចម្ការ​ចំនួន​៥​ហិ​កតា​របស់​ពួក​គាត់​ជាមួយ​មន្ត្រី​សូ​រិ​យោ​ដី​ខេត្ត​ម្នាក់​រួច​មក នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៦ ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ដឹកនាំ​ដោយ​លោក ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដី​ទំនាស់ និង​ឯកសារ​ពាក់ព័ន្ធ​របស់​ភាគី​ទាំង​សងខាង ដើម្បី​ធ្វើការ​ដោះស្រាយ ។

លោក ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​បណ្តឹង​ថា ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​មក​ថ្ងៃនេះ គឺ​សុំ​អោយ​ភាគី​ទាំង​២​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ និង​ការ​កាន់កាប់​ដីចម្ការ​ទំនាស់​ទាំងអស់​របស់​ខ្លួន​មក​អោយ​ក្រុមការងារ​ត្រួត​ខេត្ត​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ​សិន ទើប​ធ្វើ ការ​បូក​សរុប​ដាក់​ជូន​លោក​អភិបាលខេត្ត​ពិនិត្យ​សម្រេច​ពេល​ក្រោយ ។

ក្នុង​គ្រានោះ​ដែរ ប្រជាពលរដ្ឋ និង​លោក​មេ​ភូមិ​សន្ទៃ បាន​ជូន​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ទៅ​ចង្អុល បង្ហាញ​ដីចម្ការ​ទំនាស់ និង​ព្រំប្រទល់​ដី​ភូមិ​សន្ទៃ​ជាមួយ​ភូមិ​ភ្នំ​តូច ដែល​មាន​បញ្ហា​ជាមួយ​ប័ណ្ណ​ដី​ដែល បាន​ចេញ​អោយ​មន្ត្រី​សុរិយោដី និង​ប្រជាពលរដ្ឋ​នោះ ដើម្បី​ក្រុមការងារ​ជំនាញ​វាស់វែង​តាម​និយាម​កាម  អោយ​បាន​ច្បាស់លាស់​ពិនិត្យ​ក្នុង​ផែនទី ថា​តើ​ដី​ទំនាស់​ស្ថិត​នៅ​ក្នុងភូមិ​ណា​ពិតប្រាកដ ងាយស្រួល​ក្នុង​ការ​ដោះស្រាយ ។

លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់​ទៀត​ថា រឿង​នេះ​ត្រូវការ​សិក្សា និង​ស្រាវជ្រាវ​យូរ​ទៀត​ទើប​អាច​ប្រមូលផ្តុំ​ឯកសារ​ដោះស្រាយ​បាន ហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ព្រួយបារម្ភ និង​សង្ស័យ​យ​ថា ក្រុមការងារ​ខេត្ត​ជា​បក្ខពួក​ខាង​ណា​អោយ​សោះ ។

លោក ប៉ែន ចាន់​យឿ​ន មេ​ភូមិ​សន្ទៃ តំណាង​អោយ​ប្រជាពលរដ្ឋ​ទាំង​៣៥​គ្រួសារ បាន​អះអាង​ថា ចំណុច​ព្រំប្រទល់​ដី​ភូមិ​សន្ទៃ ជាមួយ​ភូមិ​ភ្នំ​តូច ប៉ែក​ខាងជើង គឺ​មាន​ទីតាំង​ចាស់​នៅ​ដដែល​តាំងពី​ឆ្នាំ​១៩៧៩ រហូត​មក ពុំ​មាន​អ្នក​ណា​រំកិល​ចុះឡើង​ឡើយ ។ ដូចនេះ​បើ​ពិនិត្យ​តាម​ប័ណ្ណ​កាន់កាប់​ដីចម្ការ​របស់​ភាគី​មន្ត្រី​សូ​រិ​យោ​ដី​ខេត្ត ដីចម្ការ​ដែល​គេ​បាន​កាន់កាប់​មិន​ស្ថិត​ក្នុង​ដី​របស់​ភូមិ​សន្ទៃ​ឡើយ ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ទាំងអស់​ឆ្ងល់​ថា ហេតុ​អ្វី​ពលរដ្ឋ​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩​មក​មិន​អាច​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​​លើ​ដីចម្ការ​ទាំងនេះ​បាន បែរជា​មន្ត្រី​សូ​រិ​យោ​ដី​ខេត្ត​ធ្វើ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​បាន​នៅ​ក្នុង​ឆ្នាំ​១៩៩៥​ទៅ​វិញ ។

ប្រជាពលរដ្ឋ​ទាំង​៣៥​គ្រួសារ​ដែល​ធ្លាប់​បាន​កាន់កាប់​ដីចម្ការ​នេះ​តាំងពី​ឆ្នាំ​១៩៨៦​ស្នើ​សុំ​ក្រុមការងារ​ចម្រុះ ថ្នាក់​ខេត្ត​មេត្តា​ជួយ​ស្រាវជ្រាវ​អោយ​បាន​ច្បាស់លាស់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់​ដែល​ធ្លាប់​បាន​កាន់កាប់​ដីចម្ការ​បាន​អាស្រ័យ​ផល​ឡើង​វិញ​ផង ៕