ហេតុអ្វីៗស្ងាត់ៗនាងសុំបែក និង ឲ្យចាត់ទុកជាបងប្អូនទៅវិញ ?

Doliprane TVC

លោកតា«ប្រជាប្រិយ»ថ្មីៗកន្លងទៅនេះរូបខ្ញុំបានជួបវិបត្តិក្នុងរឿងស្នេហាផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅដែលមិនអាចរកផ្លូវដោះស្រាយ ឬនិយាយប្រាប់គេបាន តែដោយដឹងថាលោកតា«ប្រជាប្រិយ»អាចមានសិល្ប៍វិធីជួយរកដំណោះស្រាយ និង បង្ហាញផ្លូវដល់ខ្ញុំទើបខ្ញុំដាច់ចិត្តជម្រាបរឿងនេះដល់លោកតា ។

លោកតា«ប្រជាប្រិយ»ខ្ញុំបាទអាយុ ២៥ ឆ្នាំហើយតែសុំលាក់ឈ្មោះ រស់នៅនិង ធ្វើការងារនៅក្រុងភ្នំពេញ បានចាប់ចិត្តស្រឡាញ់នារីម្នាក់អាយុ ២០ ឆ្នាំ ។ ដោយសារតែនាងជួលបន្ទប់ស្នាក់នៅក្បែរបន្ទប់ខ្ញុំ ដំបូងយើងទាំងពីរគ្រាន់តែ រាប់អានគ្នានិយាយគ្នាលេងសើចធម្មតា ប៉ុន្តែការរាប់អាននេះមិនយូរប៉ុន្មានក៏បាន ឈានដល់ក្តីស្នេហាផ្អែមល្ហែមល្អូកល្អិនជាមួយគ្នាឱ្យតែមានពេលទំនេរ ឬ ថ្ងៃឈប់ សម្រាកពួកយើងតែងនាំគ្នាទៅរកទីកន្លែងដើរកម្សាន្តបង្កើតបាននូវអនុស្សាវរីយ៍ រាប់ម៉ឺនជំពូកដែលខ្ញុំមិនអាចពណ៌នាបានអស់នាពេលនេះ ។

ក្តីស្នេហាដែលខ្ញុំតែងសង្ឃឹមថានឹងបានទទួលសុភមង្គលគ្មានថ្ងៃជួបវិបត្តិស្នេហ៍នោះ ពេលនេះវាបានប្រែប្រួលអស់ហើយ ព្រោះនៅសុខៗមិនដឹងជានាង មានរឿងអ្វីបែរជាមកនិយាយប្រាប់ខ្ញុំដោយត្រង់ៗថាចាប់ពីពេលនេះទៅយើង ឈប់ទាក់ទងគ្នារបៀបជាគូស្នេហ៍ទៀតទៅ បើនៅអាណិតស្រឡាញ់នាងសូមចាត់ទុកនាង ឬ រាប់អាននាងក្នុងនាមជាបងប្អូនវិញទៅចុះ ។ តើឱ្យខ្ញុំសម្រេចចិត្តបែបណា ? ព្រោះកំពុងស្រឡាញ់គ្នាល្អូកល្អិនទៅជាមានរឿងសោះកក្រោះឈឺចាប់ ពើតផ្សាក្នុងចិត្តយ៉ាងនេះទៅវិញ ?

លោកតា«ប្រជាប្រិយ»ជួយបង្ហាញទិសខ្ញុំផងដោយសារតែខ្ញុំស្រឡាញ់នាងខ្លាំងពេក ហើយនាងប្រើសម្តីបែបនេះធ្វើឱ្យខ្ញុំស្ទើរឆ្កួតចិត្តម្នាក់ឯងទៅហើយ ព្រោះវាមិនដែលមានទេពីគូស្នេហ៍មកសុំត្រឹមរាប់អានជាបងប្អូនវិញនោះខ្ញុំធ្លាប់ តែដឹងជាទូទៅថាគេមុននឹងដល់ក្តីស្នេហាត្រូវចាប់ផ្តើមពីការស្គាល់រាប់អានគ្នាសិន ម្ល៉ោះហើយទើបមាពាក្យមួយឃ្លាលើកឡើងថា«ការរាប់អានស្និទ្ធស្នាលរវាងបុរស និង នារីគ្រាន់តែជាការបិទបាំងរឿងស្នេហាប៉ុណ្ណោះ» ។

ពីលោកតា«ប្រជាប្រិយ»
ចៅដែលកំពុងជួបវិបត្តិស្នេហ៍ដ៏គួរឱ្យអាណិត តាមការរៀបរាប់ប្រាប់របស់ ចៅគឺហាក់មានការយល់ដឹងរឿងស្នេហាច្រើនណាស់ ពិសេសអាចប៉ាន់ស្មានបានថា ចៅជាមនុស្សម្នាក់ដែលពូកែប្រើសម្តីទាក់ទាញចិត្តនារីម្នាក់នោះហើយ ព្រោះ បើមិនដូច្នេះទេក៏មិនមែនគ្រាន់តែរស់នៅក្បែរបន្ទប់នាងជួលក៏អាចរាប់អានហើយ ឈានដល់ស្រឡាញ់គ្នាជាសង្សារបានទៀតផង ។ ប៉ុន្តែចៅភ្លេចគិតថារឿងនោះចៅជាអ្នកចង ហេតុនេះចៅត្រូវចេះរកវិធីស្រាយចំណងនោះដោយខ្លួនឯងវិញ ។ ចៅដឹងទេថា នារីដែលចៅស្រឡាញ់នាងកំពុងតែរើចេញពីចំណងរបស់ចៅហើយ គឺរើតាមរយៈពាក្យសម្តីសុំចៅបែកដោយត្រង់ៗ និង ទុកគ្នាជាបងប្អូនវិញដើម្បី កុំឱ្យចៅទុកនាងជាសត្រូវ ។

ចៅប្រុសគិតទៅមើល៍ថា បើចៅខឹងចំពោះសម្តីនាងចង់ចងអាឃាតព្យាបាទ នាងគឺជាការខុសឆ្គង តែបើចៅងាកទៅតូចចិត្តនឹងខ្លួនឯងហើយគិតខ្លីចង់បញ្ចប់ ជីវិតខ្លួនឯងដោយប្រការណាមួយគឺវាកាន់តែខុសធ្ងន់ទាំងក្នុងផ្លូវសង្គម និង ផ្លូវធម៌ ត្រូវដឹងថាអ្វីៗទាំងអស់នៅក្នុងលោកសុទ្ធសឹងតែប្រែប្រួល ដូចជាពីក្មេងទៅចាស់ ពីតូចទៅធំ… ជាដើម ។ យ៉ាងណាមិញក្តីស្នេហារបស់ចៅបើនិយាយទៅគឺវាអាចកើតចេញពីចិត្តភ្លើតភ្លើនរៀងៗខ្លួនប៉ុណ្ណោះ ហេតុនេះអាចម្តាយឪពុក ឬ បង ប្អូនរបស់នារីនោះអាក់អន់ស្រពន់ចិត្តនឹងចៅដែលបានប្រព្រឹត្តមិនគប្បីប្រាសចាកសីលធម៌ប្រពៃណីខ្មែរជាមួយកូន ឬ បងប្អូនគេទើបគេណែនាំឬប្រាប់ឱ្យនាងធ្វើការកែខ្លួនរៀបចំដំណើរជីវិតជាថ្មីឱ្យបានល្អ ដោយខ្លាចចៅប្រុសបោកប្រាស់ នាងទាំងផ្លូវចិត្តផ្លូវកាយទទេ មិនចូលតាមផ្លូវទៅតាមច្បាប់នាំខូចមុខមាត់មេបា ចាស់ទុំអាស្រូវកេរ្តិ៍នាង ។

ដូច្នេះជាការល្អណាស់គួរតែចៅសាកសួរនាងដោយត្រង់ៗថា ដើម្បីកុំឱ្យស្នេហាយើងបាត់បង់បងសុំចូលស្តីដណ្តឹងអូនរៀបការពេញច្បាប់ តើគិតយ៉ាងណាវិញ ? បើនាងយល់ព្រមគឺអស់បញ្ហាចៅត្រូវ ធ្វើតាមញក្យរបស់ចៅសន្យាមិនត្រូវភូតភរបោកប្រាស់គេទេ តែបើនាងនៅ តែប្រកែកថាមិនបាច់ឱ្យចៅចូលស្តីដណ្តឹងទេនោះចៅត្រូវប្រើចិត្តត្រជាក់ ចេះគិតគូរពិចារណាវែងឆ្ងាយថា តើនាងសុំបែកដោយសារមានមូលហេតុអ្វី ? អាចមកពីចៅមានអត្តចរិតមិនល្អ ចៅដើរលេងច្រើនពេក ចៅខ្ជះខ្ជាយប្រាក់កាសពេក ចៅរិះពេក… ទើបគេមិនត្រូវការរូបចៅបែរទៅចាប់អារម្មណ៍ បុរសផ្សេងដែលនាងយល់ថាអាចផ្ញើវាសនាអនាគតជាមួយបាន គួរតែចៅចេះ កាត់ចិត្តព្រមទាំងគិតថា«ដើម្បីឱ្យអូនបានសុខបងលះបង់គ្រប់យ៉ាង» ហើយ ចៅត្រូវតែញញឹមសង្ឃឹមក្នុងចិត្តថា«ថ្ងៃណាមួយនឹងជួបស្នេហ៍ពិត» ។

បើធ្វើបែបនេះបានទើបពេញហៅថាចៅប្រុសដ៏ល្អ មានវិចារណញ្ញាណក្នុងខ្លួន ហើយទៅអនាគតទាំងអតីតគូស្នេហ៍ក៏នៅតែចងចាំនូវអំពើល្អរបស់ចៅពុំមានពេលភ្លេច រួមទាំងអ្នកដឹងរឿងចៅគេនាំគ្នាអាណិតស្រឡាញ់ចៅខ្លាំងឡើង ៕
លោកតា«ប្រជាប្រិយ»