ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​៣​នាក់​បាន​ភ្ជង់​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ស្ពាយ​កាំភ្លើង​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​​ប្រមាណ​ជា​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ខ្លោងទ្វារវត្ត​កំពែង ស្ថិត​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង ឡា ជា​មន្ត្រី​ប៉ូលិស ហើយ​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BR-538 ។

ប្រភព​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​មន្ត្រី​ប៉ូលិស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ម្តុំ​ទួល​ពង្រ​មក​យាម​ប្រចាំការ​នៅ​ការដ្ឋាន​មួយ​កន្លែង​ក្បែរ​កន្លែង​កើតហេតុ​ដោយ​មាន​ស្ពាយ​កាំភ្លើង​១​ដើម​ផង ខណៈ​មក​ដល់​កន្លែង​កើតហេតុ​ជិត​ការដ្ឋាន ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​ចេញ​មក​ស្ទាក់​ភ្ជង់ ហើយ​បាញ់​គំរាម​ជា​ច្រើន​គ្រាប់ ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ទាំង​ប៉ូលិស​ទាំង​អាវុធហត្ថ​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​ដល់​កន្លែង​កើតហេតុ ប៉ុន្តែ​ក្រុម​ចោរ​បាន​គេចខ្លួន​បាត់​អស់​ទៅ​ហើយ ៕