ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌទួលគោក​បាន​ឃាត់ខ្លួន​យុវជន​២​នាក់​ដែល​មាន​គ្រឿងញៀន​ម៉ាក​ទឹកកក​២​កញ្ចប់​នៅ​ជាប់​នឹង​ខ្លួន​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៦ ខណៈ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ សម្បត្តិ រាជ​ណា​ឆា អាយុ​១៦​ឆ្នាំ ជា​ជាង​ជួសជុល​ទូរស័ព្ទ​នៅ​ផ្សារ​ទួល​សង្កែ ស្នាក់​នៅ​ម្តុំ​ផ្សារ​ហេង​លី និង​ម្នាក់​ទៀត​ឈ្មោះ ណ​ន ឌី​ណេ​ត អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ ស្នាក់​នៅ​ម្តុំ​សង្កាត់​ទួល​សង្កែ​ង ខណ្ឌឫស្សីកែវ ។ ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CZ-8663 ព្រម​ទាំង​ដក​ហូត​បាន​ថ្នាំ​ញៀន​២​កញ្ចប់ និង​វត្ថុតាង​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕