សមុទ្រ​ចិន​ខាងត្បូង​៖ លោក ឃេ​រី មក​បញ្ចុះបញ្ចូល​កម្ពុជា និង​ឡាវ មុន​កិច្ចប្រជុំ​កាលី​ហ្វ​រ​នីញ៉ា​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃេ​រី មក​ទស្សនកិច្ច​នៅ​ឡាវ និង​កម្ពុជា​ពេលនេះ បង្ហាញ​ច្បាស់​ពី​បំណង​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​បញ្ចុះបញ្ចូល​រដ្ឋ​ទាំងនេះ​ឲ្យ​រក្សា​ឯកភាព​អាស៊ាន​ដើម្បី​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ អាមេរិក​ចង់ឃើញ ប្រធាន​អាស៊ាន​ឡាវ និង កម្ពុជា ជួយ​រក្សា​ឯកភាព​អាស៊ាន មុន​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​នៅ Sunny Land កាលី​ហ្វ​រ​នីញ៉ា​។​

​វត្តមាន​លោក ច​ន ឃេ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក​នៅ​ឡាវ​និង​កម្ពុជា​បង្ហាញ​កាន់តែច្បាស់​ពី​ក្តីបារម្ភ​របស់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា លើ​បញ្ហា​ឯកភាព​អាស៊ាន​ក្នុងចំណោម​រដ្ឋ​សមាជិក​ដើម្បី​ដោះស្រាយ​បញ្ហា​សមុទ្រ​ខាងត្បូង​ជាមួយ​មហា​យក្ស​ចិន​។ បច្ចុប្បន្ន ឡាវ​និង​កម្ពុជា​សុទ្ធតែជា​រដ្ឋ​ដែលមាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ក្រុង​ប៉េកាំង​ស្ទើរ​គ្រប់​វិស័យ​។

-​លោក ឃឺ​រី មក​បញ្ចុះបញ្ចូល​កម្ពុជា និង​ឡាវ​មុន​ប្រជុំ​កំពូល​នៅ​កាលី​ហ្វ​រ​នីញ៉ា​?
​គេ​វាយតម្លៃថា ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​នៅ​ឡាវ និង​កម្ពុជា​ពេលនេះ គឺ​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ រដ្ឋ​ទាំងនេះ​រក្សា​ជំហរ​អ​ព្យា​ក្រឹត​និង​ឯកភាពគ្នា មុន​កិច្ចប្រជុំ​អាមេរិក​-​អាស៊ាន​ត្រូវ​រៀបចំឡើង​នៅ​ពាក់កណ្តាល​ខែ​កម្ភៈ​នៅ​កាលី​ហ្វ​រ​នីញ៉ា​ផងដែរ​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ លោក ច​ន ឃេ​រី ក្លាយជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទី​បួន ដែល​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៥៥​។ រដ្ឋមន្ត្រីការបរទេស​លោក John Foster Dulles បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ១៩៥៥ ហើយ​បន្ទាប់មកលោក Colin Powell មកកម្ពុជាក្នុងឆ្នាំ ២០០៣។ ហើយបន្ទាប់​មកទស្សនកិច្ច​របស់​​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅក្នុង​ឆ្នាំ ២០១២ ក្នុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។​

 ទស្សនកិច្ច​របស់លោក ឃេ​រី ទៅកាន់​ប្រទេស​ឡាវ និង​កម្ពុជា ពេលនេះ​ក៏​ស្រប​ពេលដែល​ឥទ្ធិពល​របស់​ចិន​កើន​ឡើងលើ​ប្រទេស​​សមាជិក​អាស៊ានដូច​កម្ពុជា​និង​ឡាវនេះ ហើយ​គេ​នៅមាន​មន្ទិលសង្ស័យ​លើ​ឯកភាព​របស់​អាស៊ាន​ក្នុងការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។

យ៉ាង​ណាមិញ ទាក់ទិន​ទស្សនកិច្ចរបស់​រដ្ឋមន្ត្រីការបរទេសអាមេរិក​ ប្រមុខការទូតកម្ពុជាហោ ណាំហុង ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​លោក ច​ន ឃេ​រី នៅ​ថ្ងៃ​អង្គារ​ទី ២៦ មករា​នេះ បានលើកឡើង​ផងដែរ លោក ចន ឃឺរី បាន​បញ្ជាក់ប្រាប់លោកផ្ទាល់ក្នុងជំនួបថា អាមេរិក​ចង់ឃើញ​កម្ពុជា​មានអព្យាក្រឹត មិននៅខាងអាមេរិក ឬនៅខាងចិនឡើយ។ តែលោកបានពន្យល់ទៅវិញ កម្ពុជា​ទោះជាតូច ឬក្រមែន តែជារួមជារដ្ឋអធិបតេយ្យ ​និងរដ្ឋឯករាជ្យ។  

 នេះ​ក៏ដោយ​សារ ការ​បែកខ្ញែក​គ្នា​ក្នុងចំណោម​រដ្ឋ​អាស៊ាន​ពាក់ព័ន្ធ​ការដោះស្រាយ​បញ្ហា​ជម្លោះ​ជាមួយ​ចិន​នឹង​ក្លាយជា​រឿងចម្រូងចម្រាស​ជាថ្មី ដ្បិត​ឡាវ​ដែលជា​មិត្ត​ជិតស្និទ្ធ​និង​អ្នកជិតខាង​ល្អ​របស់​ចិន​នោះ កំពុងកាន់​កាប់​កៅអី​ប្រធាន​អាស៊ាន​។ គេ​ក៏​ខ្លាច​ថា ប្រធាន​អាស៊ាន​ឡាវ​នឹង​បរាជ័យ ដូច​កម្ពុជា​ដែល​ក្នុងការ​សម្របសម្រួល​អាស៊ាន​ឲ្យ​មានការ​សាមគ្គី​និង​ឯកភាពគ្នា​ដើម្បី​ដោះស្រាយ​ជម្លោះ​ជាមួយ​ចិន​កាលពី​ឆ្នាំ​២០១២ ។ 

-​កម្ពុជា​រក្សា​ជំហរ​នយោបាយ​ការបរទេស​ខ្លួន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​
​យ៉ាងណាក៏ដោយ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​លោក ច​ន ឃេ​រី នៅ​ថ្ងៃ​អង្គារ​ទី ២៦ មករា​នេះ រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ហោ ណាំហុង បានលើកឡើង​ជាថ្មី​ទាក់ទិន​ឆ្នាំ ២០១២ ពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​និង​បរាជ័យ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​រួម​ព្រោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។  ប្រមុខ​ការទូត​កម្ពុជា សង្កត់ធ្ងន់ថា ការបរាជ័យ​កន្លងមក​នេះ​មិនមែន​ភាពលម្អៀង​ឬ​រង​សម្ពាធ​ពី​ចិន​ឡើយ តែ​កម្ពុជា​មិនមែនជា​តុលាការ មិនអាច​កាត់សេចក្តី​បាន ហើយ​ជំហរ​កម្ពុ​ជាមាន​ភាព​ឯករាជ្យ និង​អ​ព្យា​ក្រឹតក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ប៉ុណ្ណោះ​។  បន្ថែម​ពីនេះ លោក បានលើក​ឡើងពី​សមិទ្ធផលកម្ពុជាសម្រេចបានក្នុងនាម​ជាប្រធានអាស៊ាន​ឆ្នាំ ២០០២ គឺ​សេចក្តី​ប្រកាស​ប្រតិបតិ្តភាគីសមុទ្រចិនខាងត្បូង​ (DOC) ហើយកម្ពុជា​បន្ត​ជំរុញឲ្យ​ភាគីជម្លោះសម្រេចបាន​ក្រមប្រតិបត្តិ(COC) ថ្មីមួយឲ្យបាន​ឆាប់ផងដែរ។

​កន្លងមក នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន ក៏​ធ្លាប់​បញ្ជាក់​ហើយ​ថា អ្នកណា​មាន​ជម្លោះ​ជាមួយ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង អ្នកនោះ​ចូល​ដោះស្រាយ មិនមែន​ទាញ​អាស៊ាន​ទាំងមូល​ទៅ​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​នេះ​ទេ​។

​សូម​រម្លឹក​បន្តិច​ថា ក្រោយ​បរាជ័យ​ឆ្នាំ ២០១២​នេះ គេ​ចាប់ផ្តើម​រិះគន់​គោលជំហរ​កម្ពុជា ដែល​ហាក់​មាន​និន្នាការ​គាំទ្រ​ចិន ដែល​វា​បង្ក​ការប៉ះពាល់​ដល់​ការ​ភាព​គ្នា​របស់​អាស៊ាន​។ កម្ពុជា​និង​ចិន​មាន​ទំនាក់ទំនង​ស្អិតល្មួត​យូរអង្វែង​មកហើយ ហើយ​ចិន​តែងតែ​ផ្តល់ជំនួយ​ផង កម្ចីអនុគ្រោះ​ផង​ដល់​កម្ពុជា​ដើម្បី​អភិវឌ្ឍ ហើយ​ចិន​តែង​គាំទ្រ​កម្ពុជា​ក្នុង​វេទិកា​អន្តរជាតិ​ផង​៕  

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​