អាហ្វ្រិក​ចង់បាន​កៅអី​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ UN

​ប្រធានាធិបតី​ស៊ីម​បា​វ៉េ​លោក រ៉ូបឺត មូ​ហ្កា​បេ ដែលជា​ប្រធាន​សហភាព​អាហ្វ្រិក​បាន​និយាយថា សហភាព​អាហ្វ្រិក នៅតែ​ចិញ្ចឹមចិត្ត​ចង់​មាន​តំណាង​របស់ខ្លួន​សម្រាប់​កៅអី​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​ចង់បាន​ការកែទម្រង់​ក្រុមប្រឹក្សា​នេះ កុំ​ឲ្យ​ក្រុម​លោកខាងលិច​មាន​ឥទ្ធិពល​ខ្លាំងពេក​។ លោក មូ​ហ្កា​បេ​ឡើង​បែបនេះ​កើតឡើង​នៅមុន​ការបើក​សម័យប្រជុំ​រប​ស់​សហភាព​អាហ្វ្រិក​នៅ​ថ្ងៃទី​៣០ ខែមករា​។

​សហភាព​អាហ្វ្រិក​នឹង​ចាប់ផ្ដើម​ឡើងវិញ​គំនិត​កែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក្នុងពេល​កិច្ចប្រជុំ​របស់ខ្លួន​ក្នុង​ទីក្រុង​អា​ឌី​ស អា​បេ​បា​។ ហើយ​សហភាព​អាហ្វ្រិក​នឹង​នៅតែ​ពិភាក្សា​លើ​គំនិត​កែទម្រង់​នេះ​ឲ្យ​ខាន​តែ​បាន ទោះជា​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​របស់​ក្រុមប្រឹក្សាសន្តិសុខ​មិន​អើពើ​លើ​រឿង​កែទម្រង់​នេះ​ក៏ដោយ​។

​ទ្វីបអាហ្វ្រិក​គឺជា​តំបន់​ដែល​ទទួលយក​បេសកកម្ម​ថែរក្សា​សន្តិភាព​ច្រើនជាងគេ តែ​តំបន់​នេះ​ស្ទើរតែ​គ្មាន​សំឡេង​ទាល់តែសោះ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ ដែលជា​ស្ថាប័ន​ត្រួតពិនិត្យ​លើ​កិច្ចការ​នេះ​។ ដោយសារ​មូលហេតុ​នេះ ទើប​សហភាព​អាហ្វ្រិក​ចង់បាន​កៅអី​ដល់​ទៅ​ពីរ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខសម្រាប់​ប្រទេស​អាហ្វ្រិក​។ 

​លើសពីនេះ ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​អេក្វាទ័រ ប្រធានាធិបតី​ស៊ីម​បា​វ៉េ​លោក រ៉ូបឺត មូ​ហ្កា​បេ ដែលជា​ប្រធាន​សហភាព​អាហ្វ្រិក​និយាយថា ក្នុងពេល​កិច្ចប្រជុំ​សហភាព​អាហ្វ្រិក លោក​នឹង​ពិភាក្សា​ពី​គោលជំហរ​របស់​អាហ្វ្រិក​ពាក់ព័ន្ធ​នឹង​រឿង​ជាច្រើន ដែល​រួមទាំង​ការកែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​ផងដែរ​។ ជារឿយៗ លោក មូ​ហ្កា​បេ មាន​ជំហរ​ប្រឆាំងនឹង​ឥទ្ធិពល​របស់​ក្រុម​លោកខាងលិច​នៅលើ​ឆាក​អន្តរជាតិ ហើយ​តែង​រិះគន់​យ៉ាង​ចាស់ដៃ​ទៀតផង​។​

​សូម​រម្លឹកថា ក្រុមប្រឹក្សាសន្តិសុខ​គឺជា​ស្ថាប័ន​មាន​ឥទ្ធិពល​បំផុត​របស់​អង្គការសហប្រជាជាតិ ដែលមាន​តួនាទី​រក្សា​សន្តិសុខ​និង​សន្តិភាព​នៅ​ទូទាំង​ពិភពលោក​។ ក្រុមប្រឹក្សា​នេះ​មាន​សមាជិក​១៥​ប្រទេស ដែល​ក្នុងនោះ​មាន​សមាជិក​អចិន្ត្រៃយ៍​៥​ប្រទេស​។ ប្រទេស​ទាំង​៥​នោះ មាន​សិទ្ធិ​វ៉េតូ​លើ​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​ផងដែរ​។

​មួយវិញទៀត​នោះ ក្រុមប្រឹក្សា​នេះ ក៏​ទទួលរង​ការ​រិះគន់ថា គ្មាន​ប្រជាធិបតេយ្យ​និង​មិន​បម្រើ​ផលប្រយោជន៍​ទូទៅ​ឡើយ​។ នេះ​ក៏ដោយ​សារ ក្រៅពី​ប្រទេស​ចិន ប្រ​ទស​សមាជិក​អចិន្ត្រៃយ៍​៤​ទៀត គឺ​មកពី​តំបន់​អឺរ៉ុប​ទាំងអស់​៕ 

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​