អាជ្ញាធរ​រារាំង​ជនរងគ្រោះ​ដីធ្លី​មិន​ឱ្យ​ដាក់​ញត្តិ​ទៅ​លោក​ចន ឃែរី

អាជ្ញាធរ​រារាំង​ជនរងគ្រោះ​ដីធ្លី​មិន​ឱ្យ​ដាក់​ញត្តិ​ទៅ​លោក​ចន ឃែរី

ក្រុម​សកម្មជន​សហគមន៍​ដីធ្លី​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​ដាក់​ញត្តិ​ជូន​លោក​ John Kerry រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅប្រទេស​កម្ពុជា។ ប៉ុន្តែ​ពួក​គេ​ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​អាច​ដង្ហែរ​ទៅ​មុខ​ស្ថានទូត​អាមេរិក​ឡើយ។ (ធីតា វីន/VOA)

អាជ្ញាធរ​រារាំង​ជនរងគ្រោះ​ដីធ្លី​មិន​ឱ្យ​ដាក់​ញត្តិ​ទៅ​លោក​ចន ឃែរី

ក្រុម​សកម្មជន​សហគមន៍​ដីធ្លី​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​ដាក់​ញត្តិ​ជូន​លោក​ John Kerry រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅប្រទេស​កម្ពុជា។ ប៉ុន្តែ​ពួក​គេ​ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​អាច​ដង្ហែរ​ទៅ​មុខ​ស្ថានទូត​អាមេរិក​ឡើយ។ (ធីតា វីន/VOA)កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​ឈរ​ជើង​នៅ​ក្បែរ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​បំបែក​ប្រជាពលរដ្ឋ​ដែល​ប្រមូល​ផ្តុំ​នៅ​ក្បែរ​នោះ​មិន​ឱ្យ​​មាន​ការ​ជួប​ជុំ​គ្នា ​និង​មិន​ឱ្យ​​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ទៀត​ផង។ ភ្នំពេញ—

សហគមន៍​ដី​ធ្លី​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​បរាជ័យ​ក្នុង​ព្យាយាម​ទៅ​ជួប​ជុំ​គ្នា​នៅ​មុខ​ស្ថាន​ទូត​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​យក​ញត្តិ​ដាក់​ជូន​លោក ចន ឃែរី (John Kerry) ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​មាន​ការ​រារាំង​ជា​ខ្លាំង​ពី​កង​កម្លាំង​មាន​សមត្ថកិច្ច។

ពួកគេ​បាន​ស្រែក​តវ៉ា​ថា៖ «ហេតុ​អ្វី​បិទ​សិទ្ធ​បិទ​សេរីភាព​មិន​ឱ្យចេញ​ពី​កន្លែង​ហ្នឹង​បាន​ទៀត? ​ធ្វើ​របៀប​ហ្នឹង​ហើយ​គាត់​អួត​ថា​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​របស់​ខ្មែរ​បើក​សិទ្ធ​សេរីភាព​គ្រប់​បែប​យ៉ាង​ទាំងអស់។ ​បើក​ត្រង់​ណា​បើ​កន្លែង​ហ្នឹង​កំពុង​តែ​បិទ​នេះ ​គ្រាន់​តែ​គេ​ដាក់​ញត្តិ​នេះ​ក៏​បិទ​សិទ្ធិ​សេរីភាព​គេ​ស្ទាក់​វាយ​ទាត់​ធាក់‍»។

សហគមន៍​ដី​ធ្លី​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ព្យាយាម​យក​ញត្តិ​ជូន​លោក​ចន ​ឃែរី​ដើម្បី​ឱ្យ​ លោក​ជួយ​ ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ ឱ្យបញ្ឈប់​ការរំលោភ​ដី​ធ្លី ​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ ​អំពើ​ហិង្សា​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ដើម។ ​ក៏​ប៉ុន្តែ​ការ​ដាក់​ញត្តិ​នេះ​ខក​ខាន​បន្ទាប់​ពី​អាជ្ញាធរ បាន​រារាំងក្រុម​សហគមន៍​ដី​ធ្លី​ជា​២​ផ្នែក​ធំៗ។

កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​ឈរ​ជើង​នៅ​ក្បែរ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​បំបែក​ប្រជាពលរដ្ឋ​ដែល​ប្រមូល​ផ្តុំ​នៅ​ក្បែរ​នោះ​មិន​ឱ្យមាន​ការ​ជួប​ជុំ​គ្នា ​និង​មិន​ឱ្យផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ទៀត​ផង។

ចំណែក​ឯ​នៅ​បឹង​កក់​វិញ​កង​កម្លាំង​មាន​សមត្ថកិច្ច​បាន​បិទ​ផ្លូវ​មិន​ឱ្យក្រុម​សហគមន៍​ដី​ធ្លីទាំង​នោះ​ចេញ​ពី​តំបន់​បឹង​កក់​បាន​ឡើយ។ក្រុម​សកម្មជន​ដី​ធ្លី​ទាំង​នោះ​ប្រមាណ​ជា​៥០​នាក់​មាន​កាន់​រូប​លោក ​ចន​ ឃែរី ​ទង់​ជាតិ​កម្ពុជា​ ទង់ជាតិ​សហរដ្ឋ​អាមេរិក ​ផ្កាឈូក​ និង​យក​ការ៉ុង​ពណ៌​ស មក​ពាក់​ពី​លើ​អាវ​ដែល​មាន​សរសេរ​អក្សរ​ថា ​អភិវឌ្ឍន៍​សម្រាប់​អ្នក​ទាំង​អស់​គ្នា ​និង​បញ្ឈប់​អំពើ​ពុក​រលួយ។

ក្រុម​សកម្មជន​ដី​ធ្លី​ទាំង​នោះ​បាន​ព្យាយាម​រុញ​ច្រាន​យ៉ាង​ស្វិត​ស្វាញ​ជា​មួយ​កង​កម្លាំង​មាន​សមត្ថកិច្ច​ដើម្បី​រក​ច្រក​ចេញ​ក៏​ប៉ុន្តែ​មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ។​ក្រុម​របស់​ពួក​គាត់​ក៏​បានរំសាយ​គ្នា​នៅ​ពេល​ថ្ងៃ​ត្រង់។

«សូម​លោក ​ចន ​ឃែរី ​ដែល​ជា​តំណាង​ឱ្យប្រទេស​អាមេរិក​ទាំង​មូល​មេត្តា​ជួយ​អន្តរាគមន៍​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​រងគ្រោះ​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ឱ្យទទួល​បាន​យុត្តិធម៌​ផង‍»។

អាជ្ញាធរ​រារាំង​ជនរងគ្រោះ​ដីធ្លី​មិន​ឱ្យ​ដាក់​ញត្តិ​ទៅ​លោក​ចន ឃែរី

ក្រុម​សកម្មជន​សហគមន៍​ដីធ្លី​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​ដាក់​ញត្តិ​ជូន​លោក​ John Kerry រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅប្រទេស​កម្ពុជា។ ប៉ុន្តែ​ពួក​គេ​ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​អាច​ដង្ហែរ​ទៅ​មុខ​ស្ថានទូត​អាមេរិក​ឡើយ។ (ធីតា វីន/VOA)

លោក​ស្រី ​ទេព ​វន្នី​ សកម្ម​ជន​ដី​ធ្លី​បាន​ឱ្យដឹង​ថា​ទោះ​បី​ជា​មិន​បាន​ទទួល​ជោគ​ជ័យ​ក្នុងការ​ដាក់​ញត្តិ​នេះ​ក៏​ដោយ​ក៏​ប៉ុន្តែ​ក្រុម​សហគមន៍​ដី​ធ្លី​សង្ឃឹម​ថា​ខ្លឹមសារ​នៃ​ញត្តិ​នេះ​នឹង​ឮ​ទៅ​ដល់​លោក​ ចន ​ឃែរី។

«គម្រោង​ទុក​របស់​ពួក​យើង​មិន​បាន​ទទួល​ជោគជ័យ​ដោយ​ជួប​ជុំ​គ្នា​តាម​អ្វី​ដែល​យើង​រៀប​ចំ​ផែនការ​នៅ​ជួប​គ្នា​នៅ​មុខ​ស្ថាន​ទូត​អាមេរិក​នោះ​ទេ​ដោយសារ​តែ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​និង​កង​កម្លាំង​សន្តិ​សុខ​ខណ្ឌ​ជា​ច្រើន​បាន​ដាក់​រាយ​កម្លាំង​គ្នា​និង​បិទ​ផ្លូវ​ច្រក​ជុំវិញ​តំបន់​បឹង​កក់​ហើយ​នឹង​ព័ទ្ធ​ជុំ​វិញ​ស្ថាន​ទូត​អាមេរិក​ផង​ដែរ​ហើយ​ធ្វើ​ឱ្យពួក​ខ្ញុំ​មិន​បាន​ជួប​ជុំ​គ្នា​ត្រូវ​បែក​គ្នា​ខ្ចាត់​ខ្ចាយ‍»។

លោក​ស្រី​ទេព វន្នី​បាន​ចាត់​ទុក​ថា​ការ​រារាំង​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​ក្នុង​ខណៈ​ដែល​វត្តមាន​របស់​លោក​ចន​ ឃែរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​គឺ​ជា​ការ​មើល​ងាយ​យ៉ាង​ខ្លាំង​ដល់​លោក​ចន​ ឃែរី។

‍«ថ្ងៃនេះ​គឺ​ជា​ថ្ងៃ​ដែល​លោក​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​រដ្ឋាភិបាល​កម្ពុជា​ហ៊ាន​រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដល់​ថ្នាក់​ហ្នឹង​ហើយ​ចុះ​ទំ​រាំ​ដែល​មិន​មាន​វត្ត​មាន​របស់​លោក ​និង​ប្រទេស​អំណាច​ផ្សេងៗ​ទៀត​ដែល​ចុះ​មក​ប្រទេស​កម្ពុជា​តើ​ពួក​ខ្ញុំ​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដល់​កម្រិត​ណា?​ នេះ​គឺ​ជា​ការ​ប្រមាថ​មួយ​ដ៏​ធំ​ទៅ​ដល់​លោក​ចន ​ឃែរី‍»។

លោក​ អំ​ សំអាត​ ជា​អ្នក​គ្រប់​គ្រង​បច្ចេកទេស​ស៊ើបអង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ពេល​មាន​ការ​រារាំង​របស់​កងកម្លាំង​មាន​សមត្ថ​កិច្ច​នោះ​បាន​ឱ្យដឹង​ដែរ​ថា​ការ​រារាំង​បែប​នេះ​គឺ​ជា​មិនមែន​ជា​វិធី​រក​ដំណោះ​ស្រាយ​ល្អ​នោះ​ទេ។

«រាល់​លើក​យើង​ឃើញ​នៅ​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​របស់​ប្រមុខ​ការ​ទូត​ឬ​ប្រមុខ​ដឹក​នាំ​បរទស​មក​កម្ពុជា​ក៏​តែង​តែ​មាន​ការ​ហាម​ឃាត់​ជា​រឿយៗ​ផង​ដែរ​ក៏​ប៉ុន្តែ​បើ​យើង​មើល​ជា​ការ​ពិត​ទៅ​បើ​ការ​ហាម​ឃាត់​នេះ​ហើយ​នឹង​ការ​រិះ​រក​មធ្យោបាយ​ដើម្បី​ឱ្យមាន​ការ​ដាក់​ញត្តិ​ឬ​ក៏​តវ៉ា​ដោយ​សន្តិវិធី​នៅ​ទី​ណា​មួយ​វា​ល្អ​ជា​ជាង​ការ​ដែល​យើង​រឹត​ត្បិត​ហាម​ឃាត់​មិន​ឱ្យចេញ​ឬ​ក៏​មិន​ឱ្យទៅ​ដាក់​ញត្តិ។ នេះ​វា​ជះ​ឥទ្ធិ​ពល​មក​ល្អ​ទៅ​វិញ​ទេ​បាទ។

លោក​ គួច ​ចំរើន​ អភិបាល​ខណ្ឌ​ដូន​ពេញ​បាន​មាន​ប្រសាសន៍​ ថា​ការ​រារាំង​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ការពារ​សន្តិ​សុខ​ជូន​លោក​ចន ​ឃែរី​ តែ​ប៉ុណ្ណោះ។

«ស្រុក​អាមេរិក​ក៏​ដូច​គ្នា​ដែរ​មាន​ប្រតិភូ​ទៅ​គេ​មិន​ដែល​ឱ្យទៅ​រញ៉េរ​ញ៉ៃ​នៅ​មុខ​ហ្នឹង​ទេ​ខ្ញុំ​ជឿ​ថា​វា​អីចឹង។​សហរដ្ឋ​អាមេរិក​គេ​មក​ទស្សនកិច្ច​ផ្លូវការ​យើង​ត្រូវ​រៀប​ចំ​ឱ្យមាន​សុវត្ថិភាព​សម្រាប់​គេ‍»។

ទំនាស់​ដី​ធ្លី​ក្នុង​ប្រទេស​កម្ពុជា​បាន​កើត​ឡើង​ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ​ ក៏​ប៉ុន្តែ​មិន​មាន​ដំណោះស្រាយណា​មួយ​សម​ស្រប​សម្រាប់ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដី​ធ្លី​នោះ​ទេ​ដែល​ជា​ហេតុ​បណ្តាល​ឱ្យប្រជា​ពល​រដ្ឋ​ស្វះ​សែ្វង​រក​អន្តរាគមន៍​ពី​ម្ចាស់​ជំនួយ​ផ្សេងៗ​ឱ្យដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ដើម្បី​ជំរុញ​ឱ្យមាន​ការ​ដោះ​ស្រាយ​ណា​មួយ​ដែល​ប្រកប​ដោយ​យុត្តិធម៌៕