ប្រាក់រង្វាន់របស់អាស៊ី អឺរុបចំពោះ អ្នកទៅរត់នៅវៀតណាម

ភ្នំពេញ:      ភ្នំពេញ​៖​សាកលវិទ្យាល័យ​អាស៊ី អឺ​រុ​ប​នា​ថ្ងៃទី​២៦​មករា​បានរៀបចំ​ពិធី​ជូន​រង្វាន់​លើកទឹកចិត្ត​ដល់​កី​ ឡាករ​-​កីឡាការិនី​ចំនួន ៦ រូប​ដែល​ទើបតែ​ត្រឡប់​មកពី​ប្រកួត​រត់​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។​

​     ​លោក​ស៊ា​ង សុវណ្ណ​អគ្គលេខាធិការ​កីឡា​ប្រចាំ​សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​ប តំណាង​ក្រុមហ៊ុន Online និង លោក​ពៅ ហុក​ជា​គ្រូធំ​ខាង​កីឡា​ប្រចាំ​សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​ប​បាន​ចូលរួម​ ក្នុង​ពិធី​ប្រគល់​​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​៥​រូប​និង​កីឡាការិនី​១ ​រូប​របស់​សាកលវិទ្យាល័យ​នេះ​ដែល​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការប្រកួត​នៅ​ វៀតណាម​ដែល​ទើបនឹង​បញ្ចប់​នេះ ។​

​    គួ​រ​បញ្ជាក់ថា​ក្នុងការ​ប្រកួត​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​នោះ​ កីឡាករ​ម៉ា វី​រ៉ូ​ដណ្ដើមបាន​មេ​ដាយ​សំរិទ្ធ​លើ​វិញ្ញាសា​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ ។​

​     ​សម្រាប់​កីឡាករ​ម៉ា វី​រ៉ូ​ដែល​ដណ្ដើមបាន​មេដាយសមរិទ្ធ​នោះ​បានទទួល​រង្វាន់​លើកទឹកចិត្ត​ចំនួន ៦០ម៉ឺន​រៀល កីឡា​ការ​រិ​នី​ហេង ម៉ី​ជូន​បាន​រង្វាន់​២០០.០០០​រៀល ចំពោះ​កីឡាករ ៤ រូប​ទៀត​បានទទួល​រង្វាន់​លើកទឹកចិត្ត​ក្នុង​ម្នាក់ៗ​ចំនួន ១២០.០០០​រៀល​ដែរ ។​

​    ​សាកលវិទ្យាល័យ​អាស៊ី​អឺ​រ៉ុ​គឺជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​មួយ​ដែលមាន​ កីឡា​ជាច្រើន​ប្រភេទ​ដូចជា បាល់ទាត់ បាល់ទះ អត្តពលកម្ម​ហើយ​ពេល​ថ្មីៗ​នេះ​សាកលវិទ្យាល័យ​ទើបតែ​បង្កើត​ឲ្យ​មាន​កីឡា​ ទ្រី​យ៉ា​ត្លុង​បន្ថែម​ទៀតផង ។

    ​លោក​ពៅ ហុក​ប្រតិភូ​ដឹកនាំ​កី​អត្ត​ព​លិ​កម្ពុជា​អត្តពលកម្ម​តំណាង​ឲ្យ​ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​បានដឹងថា ព្រឹត្តិការណ៍​ការប្រកួត​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​មាន​ប្រទេស​ លើសពី​២០​ប្រទេស​ចូលរួម និង​មាន​កីឡាករ​-​កីឡាការិនី​ជាង ២​ម៉ឺន​នាក់​ទៅ ៣​ម៉ឺន​នាក់ ដោយ​ចែកចេញជា​៣​វិញ្ញាសា គឺ​វិញ្ញាសា​រត់ ចម្ងាយ ៥ គីឡូម៉ែត្រ ,​វិញ្ញាសា​រត់​ចម្ងាយ ១០ គីឡូម៉ែត្រ និង​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ដែលជា​វិញ្ញាសា​ផ្លូវការ ចំណែក​វិញ្ញាសា​រត់​ចម្ងាយ ៥ និង ១០ គីឡូម៉ែត្រ គ្រាន់តែ​ជា​វិញ្ញ​សា​អម​តែប៉ុណ្ណោះ​។​

     លោក​បាន​បន្តទៀតថា កីឡាករ​កីឡាការិនី​ទាំង​៦​នាក់ ទទួលបាន​ការជួយ ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​អន​ឡាញ​នៅ​ថវិកា​ចំនួន ៣​លាន​៥​រយ​ដប​បួន​ពាន​រៀល និង​សាកលវិទ្យាល័យ​ចំនួន ៣០០​ដុល្លារ សម្រាប់​ការធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម​៕