​អត្ថប្រយោជន៍​ឡាន​ប្រើ​សាំង និង​ម៉ាស៊ូត


​អត្ថប្រយោជន៍​ឡាន​ប្រើ​សាំង និង​ម៉ាស៊ូត

ប្រេងឥន្ធនៈ​រថយន្ត​ពីរ​ប្រភេទ​ដែល​​អ្នក​បើកបរ​រថយន្ត​ធ្លាប់​ដឹង គឺ​ប្រភេទ​​សាំង និង​ម៉ាស៊ូត។ ប្រេង​ឥន្ធនៈ​ទាំង​នេះ​មាន​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​ផ្សេង​ៗ​គ្នា អីចឹង តើ​ប្រេង​ឥន្ធនៈ​ទាំង​នោះ​មាន​ភាព​ខុស​គ្នា និង​មាន​អត្ថប្រយោជន៍​បែប​ណា​ខ្លះ?

 

លោក ផាន់​ណា ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ជួសជុល​រថយន្ត​រយៈ​ពេល​ច្រើន​ឆ្នាំ​នៅ​ហាង មិត្តភាព​អូតូ​បាន​​រៀបរាប់​ពី​​ភាព​ខុស​គ្នា​រវាង​ប្រភេទ​​ប្រេង​ឥន្ធនៈ​ទាំង​ពីរ​នេះ ដើម្បី​ជា​ចំណេះដឹង​ដល់​អ្នក​ប្រើប្រាស់​រថយន្ត​ទូទៅ។

 

​អត្ថប្រយោជន៍​ឡាន​ប្រើ​សាំង និង​ម៉ាស៊ូត

 

១/ ប្រភេទ​ប្រេង​សាំង៖

 

សាំង ជា​ប្រភេទ​ឥន្ធនៈ​ដែល​មាន​ការ​​ប្រើប្រាស់​​ច្រើន​ទាំង​​ប្រភេទ​រថយន្ត​ប្រើប្រាស់​លក្ខណៈ​​គ្រួសារ និង​រថយន្ត​ឈ្នួល​ជា​ដើម។ លក្ខណៈ​ពិសេស​នៃ​រថយន្ត​ប្រើ​​សាំង​ ​គឺ​វា​មាន​សន្ទុះ​ខ្លាំង​ ម៉ាស៊ីន​ដំណើរការ​ស្ងាត់​ល្អ​ បើកបរ​បាន​លឿង​ជាពិសេស​​មិន​​បញ្ចេញ​​ផ្សែង​​ពុល​​​ដែល​បង្ក​ផល​ប៉ះពាល់​​​​បរិយាកាស​ធ្ងន់ធ្ងរ​​​ដូច​ឡាន​ប្រើ​ម៉ាសូត។ ចំណុច​អវិជ្ជមាន​គឺ​រថយន្ត​ប្រើ​សាំង​ចំណាយ​ច្រើន​លើ​ការ​ប្រើប្រាស់​ថាមពល និង​មិនអាច​បើកដឹកធ្ងន់​បាន​ច្រើន​។

 

២/ ប្រភេទ​ប្រេង​ម៉ាស៊ូត៖

 

ម៉ាស៊ូត ជា​ប្រភេទ​ប្រេង​ឥន្ធនៈ​សម្រាប់​រថយន្ត​ធុន​ធ្ងន់ រថយន្ត​សណ្ដោង​។ ​ស្រុក​ខ្មែរ​មាន​ការ​ពេញនិយម​រថយន្ត​ប្រើ​ម៉ាស៊ូត​ព្រោះ​វា​ធន់ការ​រត់​ផ្លូវ​ឆ្ងាយ ហើយ​ស៊ី​តិច​ជាង​ប្រេង​សាំង​ដែលអាច​​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​បាន​ច្រើន​​។ ចំណុច​អវិជ្ជមាន​វា​មិន​សូវ​ស្ទុះ​​ខ្លាំង​ដូច​រថយន្ត​ប្រើ​សាំង​ទេ ហើយ​ការ​បំពុល​បរិស្ថាន​ក៏​ធ្ងន់ធ្ងរ​ដែរ។

 

លោក​ថា​ ប្រទេស​ជា​ច្រើន​ដូច​អាមេរិក​ភាគ​ច្រើន​មិន​សូវ​ប្រើ​រថយន្ត​ប្រើ​ម៉ាសូតព្រោះ​វា​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​។ ចំណែក​ប្រទេស​នៅ​អឺរ៉ុប​វិញ ​រថយន្ត​ដែល​ប្រើ​ម៉ាសូត​ត្រូវ​បំពាក់​បច្ចេកវិទ្យា​ ដើម្បី​កាត់​​បន្ថយ​ការ​ប៉ះពាល់​បរិស្ថានឲ្យ​ស្ថិត​នៅ​កម្រិត​តិច​បំផុត។

 

លោក​បញ្ជាក់​ថា សម្រាប់​រថយន្ត​ប្រើ​ម៉ាសូត​ឬ​សាំង​មានការ​ពិបាក​សម្គាល់​ណាស់​​បើ​ទោះ​បី​មួយ​ចំនួន​គេ​អាច​ស្តាប់​សំឡេង។ ឡាន​សម័យ​ថ្មី​ទាំង​ម៉ាសូត​និង​សាំង​សំឡេង​ស្ងាត់​ដូច​គ្នា អីចឹង​មាន​តែ​​ទៅ​មើល​ផ្ទាល់​។

 

បន្ត​អាន៖  បញ្ហា៥​លើ​រថយន្ត​ ដែល​អ្នក​អាច​ហិត​ក្លិន​​ក៏​ដឹង

 

អត្ថបទ៖ រក្សា