អ្នកស្រុក​នគរ​ក្រៅ​ប្រារព្ធ​ពិធី​ប្លុង​ក្រឡាន​តាម​ទំនៀម​បុរាណ​

ភ្នំពេញ: អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ដល់​ថ្ងៃ​ពេញ​បូ​ណ៌ ខែបុស្ស អ្នកភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ស្ទើរ​គ្រប់​ផ្ទះ​តែង​នាំគ្នា​ដុត​ក្រឡាន វេច​នំអន្សម​ផ្អាវ អន្សម​ក្បុង ដើម្បី​យកទៅ​ចូលរួម​ក្នុង​ពិធី​ប្លុង​ក្រឡាន​នាពេល​យប់ នៅ​សាលាឆទាន​ឬ​វត្ត​អារាម​។​

​ពិធី​នេះ​ត្រូវបាន​អ្នកស្រុក​ធ្វើ​តៗ​គ្នា​ពី​ដូនតា​មក ទុក​ថា​ជា​ទំនៀម​ពិសេស​ដោយឡែក​ពី​ភូមិ​ស្រុក​ដទៃ​។ អ្នកស្រុក​ហៅ​ពិធី​នេះ​ថា ពិធី​ប្លុង​ក្រឡាន មានន័យថា ពិធីបុណ្យ​ដែល​គេ​យក​ក្រឡាន​ទៅ​ប្លុង​ឬ​ទុកចោល ក្នុង​គោលបំណង​ឲ្យ​ព្រះសង្ឃ​ទៅ​ទស់​យក ដើម្បី​ឱ្យបាន​បុណ្យ​កុសល​ឧទ្ទិស​ដល់​ញាតិ​កា​ដែល​ស្លាប់​ទៅហើយ​។ ព្រះគ្រូ​ចៅអធិការ​វត្ត​ថ្មី​ដំរី​សែន​ជ័យ​ស្ថិត​ក្នុងភូមិ​នគរ​ក្រៅ ព្រះនាម ម៉ឹង សោម ព្រះជន្ម​៧២​វស្សា មាន​សង្ឃដីកា​ថា ឱ្យតែ​ដល់​ថ្ងៃ​ពេញ​បូ​ណ៌ ខែបុស្ស អ្នកស្រុក​នេះ​តែង​នាំគ្នា​ធ្វើ​ក្រឡាន ធ្វើ​អន្សម​យកទៅ​ប្លុង​ចោល​តាម​ទម្លាប់​ពី​បុរាណ ដើម្បីឱ្យ​លោក​ទស់​យក ហើយ​ឧទ្ទិស​កុសល​ដល់​ញាតិ​កា​ដែល​បាន​ចែក​ឋាន​ទៅហើយ​។ ពិធី​នេះ​គេ​ធ្វើ​នៅ​វត្ត​ក៏បាន សាលាឆទាន​ក្នុងស្រុក ឬ​ទី​អាស្រម​ណា​ក៏​បានដែរ ស្រេច​តែ​ការកំណត់​។ នេះ​ជា​ពិធី​តាម​ខែ​មួយ​ក្នុងចំណោម​ពិធី​ជាច្រើន​ក្នុង​មួយឆ្នាំៗ​របស់​អ្នកស្រុក​អង្គរ​។​

​លោក​អាចារ្យ យ៉ែម ឯក អាយុ​៧៥​ឆ្នាំ ជា​អ្នករៀបចំ​កម្មវិធី​នេះ​រាល់​ឆ្នាំ​បាន​រៀបរាប់​ដំណើរ​ពិធី​ថា ដំបូង​ឡើយ​អ្នកស្រុក​យក​គ្រឿង​រណ្តាប់​មាន ក្រឡាន អន្សម ផ្លែឈើ ត្រី សាច់ អំបិល ស្ករស ធូប​ទៀន​យកមក​ប្លុង​ចោល​នៅ​កន្លែង​ណាមួយ​នៃ​កន្លែង​រៀប​ពិធី រួច​យក​ស្លឹកឈើ​គ្របពីលើ ហើយ​អុជ​ធូប​ទៀន ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ញាតិ​កា​ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅ ឱ្យមក​ទទួល​មគ្គផល​ដែល​កូនចៅ​បានធ្វើ​បុណ្យ​ឧទ្ទិស​ជូន​។ បន្ទាប់មក​ក៏​និមន្ត​ព្រះសង្ឃ​សមាទានសីល ហើយ​និមន្ត​ព្រះសង្ឃ​១​អង្គ​ធ្វើ ធុតង្គ​៣​ជុំ​យ៉ាង​ស្ងប់ស្ងាត់​ដើម្បី​ឆាក​របស់​ទាំងនោះ​ឱ្យ​ខ្មោច ខណៈនោះ​អ្នកចូលរួម​ក៏​អង្គុយ​សំពះ​យ៉ាង​ស្ងៀម​ជុំជិត​ផងដែរ​។ ពេល​ឆាក​ចប់​អាចារ្យ​គណៈកម្មការ​ក៏​ជញ្ជូន​របស់​ទាំងនោះ​ទុក​លើ​សាលាឆទាន ដើម្បី​ទុក​ដល់​ព្រឹក​ឧទ្ទិស​កុសល​ឱ្យ​ខ្មោច​ម្តងទៀត​។ បើ​អ្នកណា​មិនបាន​យក​ក្រឡាន​មក​ប្លុង​ពេល​ល្ងាច អាច​យកទៅ​ប្រគេន​លោក​នៅ​វត្ត​ពេលព្រឹក​ក៏បាន​ដែរ មិនជា​ទាស់ខុស​អី​ទេ​។​

​លោកតា​បញ្ជាក់ថា រាល់​ឆ្នាំ​គឺមាន​អ្នកចូលរួម​ច្រើនយ៉ាង​នេះឯង តែ​គាត់​ក៏​បង្ហាញ​ភាព​ព្រួយបារម្ភ​ក្រែង​ប្រពៃណី​នេះ​បាត់បង់ នៅ​ថ្ងៃក្រោយ ទើប​ចេះតែ​ខំ​ធ្វើជា​គំរូ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ដើម្បីឱ្យ​ពួកគេ​ចងចាំ​និង​រក្សាបាន​នូវ​ទំនៀមទម្លាប់​ដូនតា​មួយ​នេះ​ឱ្យ ស្ថិតស្ថេរ​រហូត​ទៅ​។​

​ជាមួយគ្នា​នោះ​បងស្រី សឹង ណាន បាន​ប្រាប់ថា បន្ទាប់ពី​ច្រូតកាត់​ទុកដាក់​ស្រូវ​រួច បាន​អង្ករដំណើប​គឺ​តែង​យកមក​វេច​នំអន្សម ច្រក​ក្រឡាន​ដើម្បី​យកទៅ​ប្លុង ហើយ​ឱ្យតែ​ដល់​ខែ​ប្លុង​ក្រឡាន គាត់​តែងតែ​ដុត​ក្រឡាន​រាល់​ឆ្នាំ តែ​មិនបាន​ទៅ​ចូលរួម​នឹង​គេ​ទេ ឱ្យតែ​កូន​ទៅ​។​

​ប្អូនស្រី សា អាយុ​១៨​ឆ្នាំ​បាន​សម្តែង​នូវ​ការរីករាយ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ វា​បានធ្វើ​ឱ្យដឹងពី​ទំនៀមទម្លាប់​ដូនតា និង​បាន​ឧទ្ទិស​កុសល​ដល់​ជីដូន​ជីតា​ដែល​បាន​ស្លាប់ទៅ​ផង ហើយ​ប្តេជ្ញា​ចូលរួម​ថែរក្សា​ជំនឿ​នេះ​រហូត​ទៅ​។​

​ទង្វើ​ចូលរួម​របស់​យុវជន​ជំនាន់​ក្រោយ​នេះហើយ​ដែល​ធ្វើឱ្យ​អ៊ំស្រី ម៉ៃ អ៊ូច មានការ​សប្បាយចិត្ត ហើយ​សម្តែង​ការចាប់អារម្មណ៍​ថា ពិធី​នេះ​មិន​ងាយ​នឹង​បាត់បង់​ពី​ដែនដី​អង្គរ​ទេ ព្រោះ​ចាស់ៗ​ក្នុងភូមិ រួមទាំង​គាត់​ផង​បាន​ធ្វើជា​គំរូ​និង​អប់រំ​កៀងគរ​កូនចៅ​ឱ្យចូល​រួម​ស្រឡាញ់​ពិធី​នេះ​ទាំងអស់គ្នា​។ ទាក់ទង​នឹង​ពិធី​ប្លុង​ក្រឡាន​នេះដែរ អ្នក​បុរាណវិទ្យា​និង​ស្រាវជ្រាវ​នរវិទ្យា ជាតិ​ពិ​ន្ធុ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រឹទ្ធី បាន​ពន្យល់ថា ការ​ប្លុង​ក្រឡាន គឺ​ការយក​ក្រឡាន​ទៅ​បន្លំ​ទុក​នៅ​ទី​ព្រៃ​។ ពិធី​នេះ​ជា​អារ្យធម៌​មួយ​នៅក្នុង​តំបន់​អាស៊ី​មូសុង មិនមែន​មានតែ​នៅ​ខ្មែរ​ទេ​។ ក្រឡាន​គឺ​អាន​តាម​ពាក្យ​ខ្មែរ ដើមកំណើត​ពាក្យ​នេះ​មកពី​ភាសាមន ដែល​អាន​ថា កិ​ឡាន ហើយ​នៅ​ស្រុក​មន​ក៏​ក៏មាន​ទំនៀម​នេះ​ដូចនឹង​ខ្មែរ​ដែរ ព្រោះ​វា​ទាក់ទង​នឹង​អ្នកស្លាប់​ដូចគ្នា ។​

​ចំពោះ​ជនជាតិខ្មែរ ពិធី​នេះ​មានន័យ​សំខាន់​២​យ៉ាង ទី​១.​ទាក់ទង​នឹង​កសិកម្ម ការដាំដុះ និង​អបអរ​ការប្រមូល​ភោគផល​ដំណាំ ព្រោះ​ប្រទេស​យើង​ពឹង​លើ​កសិកម្ម​ជាធំ ហើយ​ចំពោះ​ការធ្វើ​កសិកម្ម ខ្មែរ​មាន​ពិធី​ច្រើនណាស់​ទាំង​មុន កំពុង និង​ក្រោយ​ការដាំដុះ​។ ពិធី​ប្លុង​ក្រឡាន​មិន​ស្ថិតក្នុង​ពុទ្ធសាសនា​សុទ្ធ​ឬ​ព្រហ្មញ្ញសាសនា​សុទ្ធ​ទេ តែ​ប្រទេស​យើង​យក​ព្រះពុទ្ធសាសនា​ជា​សាសនា​រដ្ឋ​និង​លាយឡំ​ដោយ​ព្រហ្មញ្ញសាសនា​ផង​នោះ ទើប​អ្នកស្រុក​និមន្ត​ព្រះសង្ឃ​មក​ចូលរួម​កិច្ច​ពិធី​ជា​អធិបតី​និង​មាន​រៀប​បាយសី​ផងដែរ​។ ដោយ​ពិត​ទៅ​ពិធី​នេះ​ជា​រឿង​របស់​លទ្ធិ​ជីវ​ច​ល​មាន​ជំនឿ​លើ​ធម្មជាតិ​ទឹក ដី ភ្លើង ខ្យល់​ជាដើម​។ ដូច្នេះហើយ​មុននឹង​រៀបចំ​ពិធី​ប្លុង​ក្រឡាន គេ​តែង​នាំគ្នា​សែនអ្នកតា​ធំ​នៅក្នុង​សហគមន៍​ជាមុន ព្រោះ​អ្នកតា​ជា​ថាមពល​របស់​ដី ជា​ម្ចាស់​ដី​ធ្វើឱ្យ​ដី​មាន​ជីជាតិ មាន​ភ្លៀង​គ្រប់គ្រាន់ មិនឱ្យ​សត្វ​ចង្រៃ​បំផ្លាញ​ដំណាំ​។​

​ទី​២.​ទាក់ទង​នឹង​បុព្វការី​ជន​ដែល​បាន​ស្លាប់ទៅ ជា​ហេតុផល​សំខាន់បំផុត​ក្នុង​ជំនឿ​នេះ​។ តាម​ជំនឿ​ខ្មែរ អ្នក​ដែល​អាច​កើតជា​មនុស្ស​បាន​ត្រូវមាន​ធាតុ​២​សំខាន់ គឺ​នាម (​ឈ្មោះ ព្រលឹង​) និង​រូប (​រាងកាយ​)​។ គ្រប់​បុគ្គល​ទាំងអស់​ស្លាប់ទៅ រូប​នឹង​ក្លាយជា​ដី ឯ​នាម​នៅ​រសាត់អណ្តែត​គ្រប់​ទីកន្លែង​។ ដូច្នេះ​ដើម្បី​អបអរ​ការកកើត​រូប​ម្តងទៀត កុំឱ្យ​ព្រលឹង​រសាត់​ទៅណា​ឆ្ងាយ​ពេក ទាល់តែ​មាន​រូប​ទី​២ ទើប​គេ​ត្រូវធ្វើ​រូប​ដោយ​រក​របស់​អ្វីដែល​ធ្វើ​ពី​ដី​ឡើងវិញ ដោយ​យក​ស្រូវ​អង្ករ​ជា​តំណាង​តួ​រូប​។ ដូច្នេះ​គេ​ក៏​យក​អង្ករដំណើប​មក​ធ្វើ​នំក្រឡាន គឺ​សំដៅ​រូបរាងកាយ​របស់​នាម​។ គេ​មិន​យកមក​ក្រឡាន​ទៅ​ដាក់​ផ្ទាល់​នៅ​កណ្តាលវាល​ទេ ខ្លាច​ព្រលឹង​មិនអាច​មកដល់​ផ្ទះ ហើយ​ដើម្បីឱ្យ​ព្រលឹង​នោះ​ចាប់បាន​រូប ទាល់តែ​គេ​យកទៅ​បោះចោល​នៅ​ទី​ព្រៃ រួច​យក​ស្លឹកឈើ​គ្រប ទើប​អាចារ្យ​ធ្វើ​កិច្ច​ពិធី​ហៅ​អ​ន្ទោ​ង​ព្រលឹង​ឱ្យមក និង​ឱ្យ​ព្រះសង្ឃ​មក​ទស់​របស់​ដែល​ប្លុង​ចោល​ដើម្បីឱ្យ​ព្រលឹង​នោះមក​ទទួលបាន​រូបរាង​ដែល​គេ​ឱ្យ​។ ចំពោះ​ការរៀបចំ​ពិធី​ប្លុង​ក្រឡាន​គឺ​មានន័យថា បញ្ជូន​រូបរាងកាយ​ឱ្យ​វិញ្ញាណ​ញាតិមិត្ត​សន្តាន​បានកើត​ឡើងវិញ​។ វា​ទាក់ទង​នឹង​ភ្ជុំបិណ្ឌ​ដែលជា​ពិធី​ព្រហ្មញ្ញសាសនា​ធំ​រយៈពេល​១៥​ថ្ងៃ គេ​បោះ​បាយបិណ្ឌ​មិនមែន​សំដៅ​ឱ្យ​ប្រេត​ស៊ី​ទេ គឺ​សំដៅ​ឱ្យនាម​នោះបាន​ទទួល​នូវ​រូប​កាយ​ដើម្បី​កកើត​ជាថ្មី​។​

​ជាការ​ពិតណាស់ ក្រៅពី​ពិធី​ប្លុង​ក្រឡាន​នៅមាន​ពិធី​ជាច្រើន​ទៀត​ដែល​អ្នកស្រុក​អង្គរ​នៅតែ​អភិរក្ស​និង​បន្តធ្វើ​រហូតដល់​សព្វថ្ងៃ​ដូចជា​ពិធី​សុំ​ទឹកភ្លៀង ឡើង​មាឃ បង្កក់ឆ្មប​ជាដើម​។ ក្នុងនាម​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​ភារកិច្ច​គ្រប់​គ្រង​និង​ការពារ​តំបន់​អង្គរ​នេះ ក៏​សូម​ចូលរួម​គាំទ្រ​និង​ជំរុញ​គ្រប់​សកម្មភាព​អភិរក្ស​ជំនឿ និ​ទំនៀមទម្លាប់​របស់​អ្នកស្រុក​អង្គរ​ឱ្យមាន​ភាព​ស្ថិតស្ថេរ​ជា​រៀងរហូត​៕

អ្នកស្រុក​នគរ​ក្រៅ​ប្រារព្ធ​ពិធី​ប្លុង​ក្រឡាន​តាម​ទំនៀម​បុរាណ​

អ្នកស្រុក​នគរ​ក្រៅ​ប្រារព្ធ​ពិធី​ប្លុង​ក្រឡាន​តាម​ទំនៀម​បុរាណ​

អ្នកស្រុក​នគរ​ក្រៅ​ប្រារព្ធ​ពិធី​ប្លុង​ក្រឡាន​តាម​ទំនៀម​បុរាណ​

អ្នកស្រុក​នគរ​ក្រៅ​ប្រារព្ធ​ពិធី​ប្លុង​ក្រឡាន​តាម​ទំនៀម​បុរាណ​

អ្នកស្រុក​នគរ​ក្រៅ​ប្រារព្ធ​ពិធី​ប្លុង​ក្រឡាន​តាម​ទំនៀម​បុរាណ​

អ្នកស្រុក​នគរ​ក្រៅ​ប្រារព្ធ​ពិធី​ប្លុង​ក្រឡាន​តាម​ទំនៀម​បុរាណ​