បោះឆ្នោត ឆ្នាំ២០១៧-២០១៨ ជាប្រធានបទសំខាន់ សម្រាប់ជំនួប ឯកឧត្តម កឹម សុខា និងលោក ចន ឃើរី

ភ្នំពេញ៖ ឯកឧត្តម កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បានអះអាងថា ជំនួបរវាងឯកឧត្តម និងលោក ចន ឃើរី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក គឺផ្ដោតសំខាន់លើដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១៧ និងការបោះឆ្នោត ជ្រើសរើស តំណាងរាស្រ្តឆ្នាំ ២០១៨ ។

ឯកឧត្តម កឹម សុខា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបថា "យើងបានជជែកគ្នាទៅលើ បញ្ហាដំណើរការប្រជាធិបតេយ្យ យើងជជែកគ្នាលើដំណើរការបោះឆ្នោត ជាចំណុចសំខាន់ដែលយើង ជជែកគ្នា។  គណបក្សសង្រ្គោះជាតិ ជាគណបក្សមួយអហិង្សា ហើយយើង ចង់ធ្វើដំណើរ ទៅរកការ បោះឆ្នោតដោយសេរី និងដោយយុត្តិធម៌ កុំឲ្យមានការគំរាមកំហែង កុំឲ្យប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បី គៀបសង្កត់  ស្របតាមឆន្ទៈប្រជាពលរដ្ឋ "។

គួរបញ្ជាក់ថា ឯកឧត្តមកឹម សុខា មិនបានស្នើឲ្យសហរដ្ឋអាមេរិក ជួយអន្តរាគមន៍ ដើម្បីឲ្យឯកឧត្តមសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានវិលមកកម្ពុជា និងសកម្មជនទាំង១៥នាក់ ដែលកំពុងជាប់ឃុំក្នុង ពន្ធនាគារព្រៃស បាននៅក្រៅឃុំនោះទេ៕

បោះឆ្នោត ឆ្នាំ២០១៧-២០១៨ ជាប្រធានបទសំខាន់ សម្រាប់ជំនួប ឯកឧត្តម កឹម សុខា និងលោក ចន ឃើរី