កម្ពុជា-ចិន ចំណាយ ៤០០លានដុល្លារ សាងសង់ កន្លែងស្តុកទុក និងសម្ងួតស្រូវ ៤០កន្លែង

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយ ក្រុមហ៊ុនចិនមួយចំនួន ដោយបានចំណាយថវិកាប្រមាណ ៤០០លានដុល្លារអាមេរិក ដើម្បីសាងសង់កន្លែងស្តុកទុកស្រូវ និងកន្លែងសម្ងួតស្រូវ ៤០កន្លែង ក្នុងខេត្តចំនួន៩។

ថ្លែងក្នុងកម្មវិធីបិទវេទិកា ស្រូវអង្ករកម្ពុជាលើកទី ៥ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នាសណ្ឋាគារសុខាភ្នំពេញ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម បានផ្សព្វផ្សាយពីអង្ករបស់កម្ពុជា ទៅកាន់បរទេស ដើម្បីជំរុញការនាំចេញអង្ករកម្ពុជា ដូចនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបង្កើនគុណភាពអង្ករ ធ្វើយ៉ាងណាសម្រេចឲ្យបាន នូវគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការនាំអង្ករ ចេញឲ្យបាន ១លានតោន។

លោកបានបន្តថា “រាជរដ្ឋាភិបាលម្ពុជា កំពុងធ្វើកិច្ចសហប្រត្តិបតិ្តការ ជាមួយបណ្តាក្រុមហ៊ុន អ្នកវិនិយោគចិនលើទំហំទឹកប្រាក់ ៤០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការកសាងសង់កន្លែងស្តុកទុក និងសម្ងួតស្រូវរបស់កសិករកម្ពុជាចំនួន ៤០កន្លែង ក្នុងខេត្តចំនួន៩ ដើម្បីផ្តល់ភាពងាយស្រួល ដល់កសិករក្នុងស្តុកទុកស្រូវរបស់គេ និងអាចរក្សាតម្លៃស្រូវរបស់កម្ពុជា ឲ្យមានតម្លៃខ្ពស់ផងដែរ”។

ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានស្នើដល់សហព័ន្ធស្រូវអង្ករ និងសមាគមអ្នកនាំអង្ករចេញទាំងអស់ មិនត្រូវយកអង្ករបរទេស មកលាយជាមួយអង្ករកម្ពុជា ដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិ និង ប្រជាជន កម្ពុជា។

ការនាំយកអង្ករបរទេស មកលាយជាមួយអង្កររបស់កម្ពុជា នឹងធ្វើឲ្យកម្ពុជាបាត់បង់ឱកាស ក្នុងការនាំអង្ករចេញ ដោយមិនមានការបង់ពន្ធគយ។ បញ្ហានេះ ក្រសួងបានរៀបចំក្រុមការងារ ចុះទៅត្រួតពិនិត្យ នៅតាមសមាគម រោងម៉ាស៊ីនកិនស្រូវ ដើម្បីធ្វើទប់ស្កាត់ការនាំយកអង្ករបរទេស មកលាយជាមួយអង្ករកម្ពុជា៕

កម្ពុជា-ចិន ចំណាយ ៤០០លានដុល្លារ សាងសង់ កន្លែងស្តុកទុក និងសម្ងួតស្រូវ ៤០កន្លែង