EU ភ្ជាប់សេវាអ៊ីនធឺណិត ក្នុងក្លិបអ្នកកាសែត កម្ពុជាសម្រាប់ អ្នកសារព័ត៌មាន

ភ្នំពេញ៖ សហភាពអឺរ៉ុប(EU)ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៦នេះ បានបន្តការគាំទ្រក្នុង ការភ្ជាប់សេវាអ៊ីនធឺណិត ដែលមានឈ្មោះថា អ៊ីនធឺណិតកាហ្វេ EU-CCJ និងការផ្ដល់ជូននូវ ម៉ាស៊ីនកុំព្យុទ័រម៉ាស៊ីន បោះពុម្ភព្រមទាំងការ បង្កើនល្បឿននៃ ការតភ្ជាប់បណ្តាញ អ៊ីនធឺណិតនៅក្នុង ក្លិបអ្នកកាសែតកម្ពុជា សម្រាប់អ្នកសារព័ត៌ មាននៅកម្ពុជា។

លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុបប្រចាំប្រទេសកម្ពុជា បានថ្លែងថា “ខ្ញុំមានសេចក្តី សោមនស្សរីករាយ ជាខ្លាំងដែលបានឃើញ ការចូលរួមចំណែកដ៏ធំធេង និងប្រកបដោយប្រសិទ្ធភាព ជាវិជ្ជមានរបស់អ៊ីនធឺណិត កាហ្វេ EU-CCJ កន្លងមកនេះ" ។

លោកបានបន្តថា "ខ្ញុំសង្ឃឹមថាអ៊ីនធឺណិតកាហ្វេ EU-CCJ នឹងបន្តដើរតួនាទីយ៉ាងសំខាន់ ពោលគឺមិនត្រឹមតែ ជាវេទិកាដ៏មានសារ ប្រយោជន៍ដែលអ្នក សារព័ត៌មានកម្ពុជា អាចស្វែងរកព័ត៌មាន និងប្រាស្រ័យទាក់ទង ជាមួយនិពន្ធនាយករបស់ខ្លួន និងអ្នកសារព័ត៌មានផ្សេងទៀត នៅក្នុងតំបន់ និងនៅក្នុងពិភព លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជា មជ្ឈមណ្ឌលបណ្តុះ បណ្តាលកុំព្យូទ័រ និងអ៊ីនធឺណិតសម្រាប់ អ្នកសារព័ត៌មានផងដែរ”។

ចំណែកលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែត កម្ពុជាបានអះអាងថា “អ៊ីនធឺណិតកាហ្វេនៃក្លិបអ្នកកា សែតកម្ពុជាដែលគាំទ្រ ដោយសហភាពអឺរ៉ុបនេះ បានផ្តល់ដល់អ្នក សារព័ត៌មានកម្ពុជានូវ សេវាអ៊ីនធឺណិត ដែល វាសំខាន់ណាស់សម្រាប់ ការងារប្រចាំថ្ងៃរបស់ពួកគាត់ គឺពួកគាត់អាច ស្វែងរកព័ត៌មាន អាចប្រាស្រ័យទាក់ទង ជាមួយមិត្តរួមអាជីព និងប្រភពព័ត៌មានផ្សេងៗ ព្រមទាំងជួយបង្កើនចំណេះដឹងរបស់គាត់ផងដែរ។ ខ្ញុំមាន មោទនភាពយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងក្លិបអ្នកកាសែតកម្ពុជា កិច្ចសហប្រតិ បត្តិការនេះមានសារ ប្រយោជន៍យ៉ាងខ្លាំងចំពោះ អ្នកសារព័ត៌មានកម្ពុជា”។

ប្រព័ន្ធផ្សព្វផ្សាយដើរ តួនាទីយ៉ាងសំខាន់នៅក្នុងការ ផ្សព្វផ្សាយព័ត៌មានដល់ប្រជាជន កម្ពុជាទូទៅ និងជា ពិសេសចំពោះអ្នក តាក់តែងគោលនយោបាយ ដូចនេះហើយអ្នកសារព័ត៌មាន ចាំបាច់ត្រូវមានលទ្ធភាព ខ្ពស់បំផុតក្នុងការ ទទួលបានព័ត៌មាន។

គួរបញ្ជាក់ថា ការប្រើប្រាស់កុំព្យូទ័រ និង អ៊ីនធឺណិត នៅអ៊ីនធឺណិតកាហ្វេ EU-CCJ គឺពុំគិតថ្លៃឡើយ អ្នកសារព័ត៌មានអាជីព និង និស្សិតផ្នែកបណ្តាញ ផ្សព្វផ្សាយព័ត៌មាន ទាំងអស់អាចប្រើប្រាស់ បានដោយសេរី។ អ៊ីនធឺណិតកាហ្វេ EU-CCJ បើកចាប់ពីថ្ងៃ ចន្ទ ដល់ ថ្ងៃសុក្រ (លើកលែងថ្ងៃបុណ្យ) ចាប់ពីម៉ោង ៨:០០-១២:០០ព្រឹក និង១៤:០០-១៧:៥០ ល្ងាច។ អ៊ីនធឺណិតកាហ្វេ EU-CCJ មានអាសយដ្ឋានស្ថិត នៅក្នុងការិយាល័យ CCJ (អគារលេខ ១២០ ផ្លូវ ៤៧២ រាជធានីភ្នំពេញ ប្រហែល ៦០០ម៉ែត្រ ខាងត្បូងផ្សារទួលទំពូង៕

EU ភ្ជាប់សេវាអ៊ីនធឺណិត ក្នុងក្លិបអ្នកកាសែត កម្ពុជាសម្រាប់ អ្នកសារព័ត៌មាន

EU ភ្ជាប់សេវាអ៊ីនធឺណិត ក្នុងក្លិបអ្នកកាសែត កម្ពុជាសម្រាប់ អ្នកសារព័ត៌មាន