សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ លោក​សឿ​ន វី​តា ជា​តារា​សម្តែង​កំពុង​មានទុក្ខ​ជា​ទម្ងន់ ដោយ​ជីតា​របស់​លោក​ទទួលមរណភាព​ក្រោយ​ទ្រាំទ្រ​អាការ​ជំងឺ​លែង​បាន ។ មរណភាព​នេះ​បាន​ធ្វើ​ឱ្យ​តារា​សម្តែង​វី​តា​នឹកឃើញ​អនុស្សាវរីយ៍​ជា​ច្រើន ពិសេស​ការ​អប់រំ​ប្រៀនប្រដៅ​ឱ្យធ្វើ​ជា​មនុស្ស​ល្អ​របស់​លោកតា ។

ជីតា​របស់​លោក​សឿ​ន វី​តា គឺ​លោក​កង ចន្ទ អតីត​សមាជិក​ព្រឹទ្ធសភា​នី​តី​កាល​ទី​១ និង​ទី​២ ទទួលមរណភាព​កាលពីដើម​ឆ្នាំ​២០១៦​នេះ ។ ពិធី​បុណ្យសព​បន្ត​ធ្វើ​នៅ​ភ្នំពេញ និង​ខេត្តបាត់ដំបង​បន្ទាប់​ពី​ត្រូវ​បាន​ធ្វើ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​រួច​មក ។ តារា​សម្តែង​សឿ​ន វី​តា ទាំង​ទឹកមុខ​ស្រពោន​និយាយ​ថា លោក​មាន​អារម្មណ៍​សោកសង្រេង​ខ្លាំង​ចំពោះ​មរណភាព​របស់​លោកតា​កាលពី​ថ្ងៃ​ទី​១ ខែមករា ខណៈ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ដើម្បី​ព្យាបាល ។ នៅ​សហរដ្ឋអាមេរិក​មាន​លោកយាយ​ចាប យ៉ុ​ង និង​កូនចៅ​នៅ​ទីនោះ​ជា​អ្នក​មើលថែ ប៉ុន្តែ​ដោយសារ​ជំងឺ​ធ្ងន់ ទើប​លោកតា​ទទួលមរណភាព​ក្នុង​ជន្មាយុ​៨៤​ឆ្នាំ ។

លោក​សឿ​ន វី​តា ចេញពី​ខេត្តបាត់ដំបង​តាំងពី​កុមារភាព​ម្ល៉េះ​មក​រស់នៅ​ភ្នំពេញ​ដោយ​មាន​លោកតា​ជា​អ្នក​មើលថែ​អប់រំ​ណែនាំ និង​ផ្គត់ផ្គង់​ការ​រៀនសូត្រ ។ «​លោកតា គឺជា​ឪពុក ជា​ជីតា និង​ជា​មន្ត្រី​រដ្ឋាភិបាល​ដ៏​ល្អ ជា​គំរូ​សម្រាប់​អ្នក​នៅ​ជុំវិញ​ខ្លួន ហើយ​តា​របស់ខ្ញុំ​តែង​អប់រំ​ប្រដៅ​ខ្ញុំ​ជា​ប្រចាំ ទោះបីជា​ខ្ញុំបម្រើ​ការងារ ឬ​ប្រឡូក​ក្នុង​អាជីព​ជា​អ្នកសិល្បៈ​ក្តី ។ អ្វី​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​នោះ គឺ​មាន​អនុស្សាវរីយ៍​ចង​ចាំ​ក្នុង​ចិត្តជា​ច្រើន​មិន​អាច​បំភ្លេច ពិសេស​ទឹកចិត្ត​អាណិត​ស្រឡាញ់​កូនចៅ​ប្រកបដោយ​មេត្តាធម៌ ។

ខ្ញុំ​ធ្លាប់​ដើរ​លេង​ធ្វើ​ឲ្យ​គាត់​ពិបាកចិត្ត ហើយ​បាន​ហៅ​ខ្ញុំ​មក​វិញ ថែម​ទាំង​និមន្ត​ព្រះសង្ឃ​ស្រោច​ទឹក​ទៀត​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ក្តុកក្តួល ព្រោះតែ​ការ​ភ្លេចខ្លួន​ធ្វើបាប​គេឯង​នេះ​ជា​រូបភាព​មិន​អាច​បំភ្លេច​បាន ។ លើស​ពី​នេះ​តាំងពី​យល់​តម្លៃ​នៃ​ការ​ដឹងគុណ​មក កាលពី​លោកតា​នៅ​ក្បែរ ខ្ញុំ​តែងតែ​ទិញ​ចំណីអាហារ​ណា ល្អ​ៗ​ឲ្យ​គាត់​ពិសា ។ ឲ្យ​តែ​ចំណី​ណា​ល្អ​ទើបតែ​ចេញ​ម៉ាក ថ្មី​ៗ​គឺ​ទិញ​ជូន  គាត់ ។ លុយ​បាន​ពី​ការ​ថត គឺ​ដក​យក​ទៅ​ទិញ​ជូន​គាត់​រហូត ហើយ​គាត់​ត្រេកអរ​ពេល​ឃើញ​យើង​ធ្វើ​កាយវិការ​ល្អ​បែប​នេះ​» ។ លោក​សឿ​ន វី​តា​និយាយ​បែប​នេះ ។

លោកស្រី​ចាប យ៉ុ​ង ជា​ភរិយា​នៃ​សព​លោក​កង ចន្ទ មាន​ប្រសាសន៍​ថា មរណភាព​របស់​ស្វាមី​លោកស្រី​គឺជា​ទុក្ខ​ដ៏​ក្រៀមក្រំ​របស់​ក្រុម​គ្រួសារ​ទាំងមូល​ដែល​បាត់បង់​ស្វាមី ឪពុក ជីតា ជីតា​ទួត ។ លោក​កង ចន្ទ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ស្ថិត​ក្នុង​ត្រកូល​ជា​មន្ត្រីឃុំ ។ លោក​កង ចន្ទ ជួយ​កិច្ចការ​ជាតិ​មាតុភូមិ​នៅ​មូលដ្ឋាន​ជា​យូរ ហើយ​រហូត​ដល់​ឆ្នាំ​១៩៩៣ បាន​ចូល​ម​ម្រើ​ការងារ​ជា​សមាជិក​ព្រឹទ្ធសភា តំណាងរាស្ត្រ​ខេត្តបាត់ដំបង រហូត​ចូល​និវត្តន៍ ។

ក្នុង​រយៈពេល​នៃ​ការ​បំពេញការងារ​នោះ​លោកស្រី​ជា​ភរិយា​មាន​ប្រសាសន៍​ថា ស្វាមី​លោកស្រី​បាន​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​ប្រទេស​ជាតិ​ជា​ច្រើន ពិសេស​គឺ​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ សាលារៀន វត្ត​អារាម​ជាដើម ។

ក្រោយ​រៀបចំ​ពិធី​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​រួច​មក សព​តម្កល់​ធ្វើបុណ្យ​នៅ​ភ្នំពេញ​នា​ថ្ងៃ​ទី​២៥ មក​រា  លុះ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ដង្ហែ​ទៅ​ធ្វើបុណ្យ​២​យប់​៣​ថ្ងៃ និង​បញ្ចុះ​ទៅ​នៅ​ទឹកដី​កំណើត​ក្នុងភូមិ​ស្ល​ខ្លាញ់ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ៕