ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ នារី​កម្មការិនី​កាត់ដេរ​ម្នាក់ និង​ជា​កូនកំព្រា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាក់ជើង​ខាងស្តាំ តែ​នាង​អត់​មាន​លុយ​ព្យាបាល​ជំងឺ​ទេ បាន​អំពាវនាវ​សុំ​សប្បុរសជន​ជួយ​ឧបត្ថម្ភ ដែល​បច្ចុប្បន្ន​នាង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

នារី​រង​គ្រោះ​ឈ្មោះ​សំ សុធា​រ៉ា អាយុ​១៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​នៅ​ម្ដុំ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ មានស្រុក​កំណើត​ក្នុងភូមិ​ជ្រៃ​ក្រ​ហឹ​ម ឃុំ​កំពង់​ប្ញ​ស្សី ស្រុក​ពោធិ៍​រាង ខេត្តព្រៃវែង ។ នារី​រង​គ្រោះ​ឱ្យ​ដឹង​ថា នាង​ជា​កូនកំព្រា​មាន​តែ​២​នាក់​បងប្អូន ដោយ​ប្អូនប្រុស​ឈ្មោះ​សំ សុធា​រ៉ាត់ អាយុ​១៦​ឆ្នាំ ជា​កម្មករ​ចិញ្ចឹម​ទា នៅ​ស្រុក​កំណើត ។ នាង​ទើបតែ​មក​ធ្វើការ​រោងចក្រ​បាន​២​ខែ​ប៉ុណ្ណោះ គឺ​មក​ធ្វើ​ជាមួយ​មិត្តភក្តិ​កាលពី​ថ្ងៃ​ទី​២៤ មក​រា ២០១៦ ខ្លួន​បាន​ទៅ​ចូលរួម​ខួបកំណើត​មិត្តភក្តិ​នៅ​រកា​កោង លុះដល់​ម៉ោង​៨​យប់ ទើប​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជាមួយ​មិត្តភក្តិ​ត្រឡប់​មក​វិញ​តាម​ផ្លូវជាតិ​លេខ​៦ មក​ដល់​ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល ស្រាប់តែ​ត្រូវ​មួយ​គ្រឿង​ទៀត​បើក​បុក​ពីក្រោយ បណ្តាល​ឱ្យ​ដួល​បក់​ជើង​ខាងស្តាំ ចំណែក​ម៉ូតូ​បង្ក​បើក​រត់គេច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ គេ​បាន​បញ្ជូន​រូប​នាង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ប៉ុន្តែ​ពេល​សម្រាក​បាន​២​ថ្ងៃ​ដោយសារ​តែ​នាង​អត់​មាន​សាច់ញាតិ​មើលថែ ពិសេស​អត់​មាន​លុយ​ព្យាបាល​មន្ទីរពេទ្យ ក៏​បញ្ជូន​នាង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​វិញ ។