សម្តេច​ហ៊ុនសែន​៖ ជំនួប​ជាមួយ​លោក ច​ន ឃើ​រី បានទទួល​លទ្ធផល​វិជ្ជមាន​ល្អជា​ច្រើន សម្រាប់​កម្ពុជា​

ភ្នំពេញ: ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ទី​២៧​មករា​នេះ សម្តេច​តេ​ជោ សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា ក្នុង​កិច្ចប្រជុំ​រវាង​សម្តេច និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃើ​រី ( John Kerry ) កាលពី​ព្រឹក​ថ្ងៃទី​២៦​មករា ឆ្នាំ​២០១៦ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ គឺ​ទទួលបាន​លទ្ធផល​វិជ្ជមាន​ល្អជា​ច្រើន សម្រាប់​កម្ពុជា​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក សម្តេច​ហ៊ុនសែន លើកឡើងថា "​នៅក្នុង​ជំនួប​ថ្ងៃ​ម្សិលមិញ​រវាង​ខ្ញុំ និង John Kerry រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែលមាន​រយៈពេល​ជាង ១​ម៉ោង នៅ​វិមាន​សន្តិភាព គឺ​បានទទួល​ល​ទ្ឋ​ផល​វិជ្ជមាន​ល្អជា​ច្រើន សម្រាប់​កម្ពុជា​។ ខ្ញុំ​បានស្នើ​ទៅ​អាមេរិក អោយ​បើក​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា អោយបាន​ទូលំទូលាយ ដើម្បី​ប្រជាពលរដ្ឋ និង​ពាណិជ្ជករ​ខ្មែរ​កាន់តែ​ងាយស្រួល​ក្នុងការ​នាំចេញ​ផលិតផល​ពី​កម្ពុជា​ចេញទៅ​ទីផ្សារ​អាមេរិក​។ ក្រៅពីនោះ គឺ​ខ្ញុំ​បានបញ្ជាក់​អំពី​គោលជំហរ​កម្ពុជា ក្នុង​ការរួម​ដៃ​សហការ​ជាមួយ​អាមេរិក ដើម្បី​ទប់ស្កាត់​អំពី​ភេ​រកម្ម ក៏ដូចជា​ជំហរ​កម្ពុជា​គាំទ្រ​ដំណោះស្រាយ​បញ្ហា លើ​ការចរចា​ពិភាក្សា​ដែល​នាំមក​នូវ​សន្តិភាព​សម្រាប់​តំបន់​ទាំងមូល​"​។

​សម្តេច​តេ​ជោ សែន បន្តថា "​ជារួម ជំនួប​នេះ គឺ​បាន​ផ្តល់នូវ​ផលប្រយោជន៍​យ៉ាងសំខាន់ ក្នុង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក និង​រវាង​អាស៊ាន​ជាមួយ​សហរដ្ឋអាមេរិក​ផងដែរ​"​។​

​សូម​រម្លឹកថា លោក John Kerry បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​ព្រលប់​ថ្ងៃ​តី​២៥​មករា ដើម្បី​ធ្វើ​ទស្សនកិច្ច ២ ថ្ងៃ នៅ​កម្ពុជា​។ កាលពី​ព្រឹក​ថ្ងៃទី​២៦​មករា លោក ច​ន ឃើ​រី បាន​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ មុននឹង​ជួប​លោក​ហោ​ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ព្រមទាំង​ជួប​សម្តេច​តេ​ជោ ហ៊ុនសែន ជួប​លោក​កឹម​សុខា ក្រុម​អង្គការ​សង្គម​ស៊ីវិល​។ ក្រោយមក លោក​ច​ន​ឃើ​រី បានធ្វើ​សន្និសីទកាសែត នៅ​រសៀល​ថ្ងៃទី​២៦​មករា ឆ្នាំ​២០១៦ មុនពេល​លោក ចាក​ចេញពី​ភ្នំពេញ ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ច​ន​ឃើ​រី នៅ​កម្ពុជា នាពេលនេះ គឺ​បាន​ធ្វើឡើង មុនពេល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន រួមទាំង​មេដឹកនាំ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ៩ ផ្សេងទៀត ត្រូវ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន នា​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សហរដ្ឋអាមេរិក​៕​

សម្តេច​ហ៊ុនសែន​៖ ជំនួប​ជាមួយ​លោក ច​ន ឃើ​រី បានទទួល​លទ្ធផល​វិជ្ជមាន​ល្អជា​ច្រើន សម្រាប់​កម្ពុជា​

សម្តេច​ហ៊ុនសែន​៖ ជំនួប​ជាមួយ​លោក ច​ន ឃើ​រី បានទទួល​លទ្ធផល​វិជ្ជមាន​ល្អជា​ច្រើន សម្រាប់​កម្ពុជា​

សម្តេច​ហ៊ុនសែន​៖ ជំនួប​ជាមួយ​លោក ច​ន ឃើ​រី បានទទួល​លទ្ធផល​វិជ្ជមាន​ល្អជា​ច្រើន សម្រាប់​កម្ពុជា​