សុខភាព &raquo សុខភាព

ស្ករ​ជា​សារធាតុ​ដែល​មាន​រសជាតិ​ផ្អែម និង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​របប​អាហារ​យ៉ាង​សំខាន់​នា​ពេល​បច្ចុប្បន្ន ។ នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​បើ​ខ្វះ​ឬ​លើស​ជាតិ​ស្ករ​គឺ​សុទ្ធតែ​ផ្តល់​ផល​អាក្រក់​ចំពោះ​សុខភាព ។ ដូច្នេះ​ដើម្បី​រក្សា​វា​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា​ចាំបាច់​ត្រូវ​អនុវត្ត​ទម្លាប់​មួយ​ចំនួន​ដូច​តទៅ ៖

១-​បន្ធូរ​អារម្មណ៍​តាម​វិធីសាស្ត្រ​ណាមួយ ៖ ចូរ​ចំណាយពេល​១០​នាទី​ក្នុង​មួយ​ថ្ងៃ​បន្តឹង​រួច​បន្ធូរ​សាច់ដុំ​តាម​រាង​កាយ រាប់​ចាប់ពី​ម្រាម​ដល់​ភ្នែក​។ ការ​សិក្សា​ពិសោធ​ថ្មី​មួយ​លើ​បុគ្គល​លើស​ស្ករ​១០០​នាក់​បង្ហាញ​ថា អនុវត្ត​សកម្មភាព​កាត់​បន្ថយ Stress ប្រភេទ​នេះ​ជួយ​ឱ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​របស់​ពួក​គេ​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​វិញ ។

២-​ទោះ​តិច​ឬ​ច្រើន​ក្តី ចូរ​ព្យាយាម​ដើរ​ឱ្យ​បាន​រាល់ថ្ងៃ ៖ តាម​ការ​សិក្សា​មួយ​របស់​អា​មេ​រិ​ករក​ឃើញ​ថា ការ​ដើរ​ត្រឹម​១,៥​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ទប់ស្កាត់​ហានិភ័យ​ស្លាប់​ដោយ​ជំងឺ​ទឹកនោមផ្អែម​បាន​ច្រើន​ជាង​១/៣ ។ ប្រ​សិន​ដើរ​ប្រហែលជា​១០​គីឡូម៉ែត្រ​ក្នុង​មួ​យស​ប្តា​ហ៍ ហានិភ័យ​ស្លាប់​ដោយ​ជំងឺ​បេះដូង​គឺ​មាន​តិច​ជាង​៣៤​ភាគរយ ខណៈ​ហានិភ័យ​ស្លាប់​ពី​បុព្វហេតុ​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ជំងឺ​ទឹកនោមផ្អែម​មាន​តិច​ជាង​៤០​ភាគរយ ។ អត្ថប្រយោជន៍​បែប​នេះ ពីព្រោះ​ការ​ដើរ​បាន​ធ្វើ​ឱ្យ​បណ្តា​កោសិកា​កាន់តែ​ងាយ​ក្នុង​ការ​ទទួលយក​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន ។ ជាង​នេះ​ទៅ​ទៀត វា​ក៏​ជួយ​បង្កើន​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ផង​ដែរ ។

៣-​ទទួលទានដំណេក​៨​ម៉ោង​ក្នុង​មួយ​យប់ ៖ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​សុទ្ធតែ​បាន​រក​ឃើញ​ថា ការ​ទទួលទានដំណេក​ពេល​យប់​មិន​បាន​ឆ្អែត​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​កម្រិត​ស្ករ​ក្នុង​ឈាម​និង​អាំង​ស៊ុ​យ​លី​ន ។ ចូរ​ព្យាយាម​ដេក​ឱ្យ​បាន​យ៉ាងតិច​៨​ម៉ោង​ក្នុង​មួយ​យប់ ។

៤-​ហាត់ប្រាណ​ជា​ប្រចាំ ៖ ចូរ​ហាត់ប្រាណ ជា​ពិសេស​ប្រភេទ​លំ​ហាត់ប្រាណ​ប្រើ​កម្លាំង​សាច់ដុំ​យ៉ាង​ហោច​ណាស់​១​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ ។ ដរាបណា​រាង​កាយ​សម្បូរ​ដោយ​សាច់ដុំ នោះ​ការ​ដុត​បំផ្លាញ​ជាតិ​ស្ករ​របស់​រាង​កាយ​គឺ​កាន់តែ​មាន​ប្រសិទ្ធភាព ។

៥-​ទស្សនា​រឿង​កំប្លែង​ឱ្យ​បាន​ញឹកញាប់ ៖ តាម​ការ​សិក្សា​មួយ​របស់​ជប៉ុន​រក​ឃើញ​ថា បុគ្គល​កើត​ជំងឺ​ទឹកនោមផ្អែម​ដែល​សើច​បាន​ច្រើន​ភ្លាម​ៗ​បន្ទាប់​ពី​ទទួលទាន​អាហារ​រួច​គឺ​អាច​ជួយ​ឱ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​ថយ​ចុះ​ច្រើន​ជាង​បុគ្គល​ដែល​មិន​បាន​ទស្សនា ។ អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា លទ្ធផល​នេះ​ក៏​ត្រូវ​គ្នា​នឹង​បណ្តា​បុគ្គល​ដែល​មិនមែន​ជា​អ្នកជំងឺ​ទឹកនោមផ្អែម​ផង​ដែរ ។

៦-​គួរ​ពិនិត្យ​កម្រិត​ស្ករ​ក្នុង​ឈាម​ឱ្យ​បាន​ញឹកញាប់ ៖ ការ​ពិនិត្យ​ឈាម​ជា​រឿយ​ៗ​គឺជា​ទម្លាប់​ល្អ​ជាងគេ​រក្សា​កម្រិត​ស្ករ​មិន​ឱ្យ​លើស ។ បើ​ទោះ​ណា បុគ្គល​មួយ​ចំនួន​បាន​អនុវត្ត​របៀបរបប​រស់នៅ​ល្អ​ហើយ​ក្តី តែ​ម្តងម្កាល​ពួក​គេ​អាច​នឹង​ខ្ជីខ្ជា​ក្នុង​នោះ​មាន​ដូច​ជា ការ​បណ្តោយ​ឱ្យ​ឡើង​ទម្ងន់​ខ្លួន ការ​ទទួលទាន​គ្រឿង​ស្រវឹង ការ​ជក់បារី​...​។ ដូច្នេះ​មាន​តែ​ការ​ពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ​នោះ​ទេ ទើប​អាច​ដឹង​បាន​ថា ស្ករ​ក្នុង​ឈាម​លើស​ឬ​ខ្វះ ៕