សុខភាព &raquo សុខភាព

ពិត​ណាស់ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ជា​ញឹកញាប់​មិន​ផ្តល់​ផល​ល្អ​ដល់​សុខភាព​រាង​កាយ​ឡើយ ជា​ពិសេស​បើ​ការ​ទទួលទាន​នោះ​ធ្វើ​ឡើង​ក្នុង​វ័យ​កណ្តាល​ទៅ ។

ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​ក និង​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Journal of Geriatric Psychiatry បាន​រក​ឃើញ​ថា បណ្តា​បុរស​-​ស្ត្រី​ក្នុង​វ័យ​ខ្ទង់​៥០​និង​៦០​ឆ្នាំ ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​ប្រឈម​ទ្វេ​ដង​នឹង​បញ្ហា​ចង​ចាំ ។

ពួក​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា លទ្ធផល​លើក​នេះ​គឺជា​លក្ខខណ្ឌ​នៃ​សុខភាព​ដ៏​សំខាន់​មួយ​ដែល​មហាជន​ចាំបាច់​ត្រូវ​តែ​យកចិត្តទុកដាក់ ។ ជាង​នេះ​ទៅ​ទៀត​លទ្ធផល​នេះ​គឺ​បាន​កើត​ចេញពី​ការ​ពិសោធ​តាមដាន​លើ​បុគ្គល​៦​ពាន់​៥​រយ​នាក់​នៅ​សហរដ្ឋអាមេរិក ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ វេជ្ជបណ្ឌិត Ian Lang មក​ពី​សាកលវិទ្យាល័យ University of Exeter Medical School បាន​ថ្លែង​ថា យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា ជា​ទូទៅ​គ្រឿង​ស្រវឹង​ផ្តល់​ផល​អាក្រក់​ដល់​ខួរក្បាល ប៉ុន្តែ​វា​មិន​ត្រឹម​ដែល​ថា​ ​ផឹក​ច្រើន​ប៉ុនណា​នោះ​ទេ ។ អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​វា​បាន​ផ្តល់​ផល​ប៉ះពាល់​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត ។ ត្រង់​ចំណុច​នេះ បរិមាណ​នៃ​ការ​ទទួលទាន​គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់ ។

ទោះជា​យ៉ាងនេះ​ក្តី គ្រឿង​ស្រវឹង​ត្រូវ​បាន​ក្រុម​អ្នកជំនាញ​មួយ​ចំនួន​បញ្ជាក់​ថា ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ខ្លះ​ៗ​ដែរ ប្រសិនជា​ការ​ប្រើប្រាស់​នោះ​គឺ​ស្ថិត​ក្នុង​កម្រិត​មួយ​សមរម្យ ។ ការ​ទទួលទាន​ក្នុង​មួយ​ថ្ងៃ​ប្រហែលជា​១៤០​មី​ល្លី​លី​ត្រ​(​ស្រា​) ឬ​៣៥៥​មី​ល្លី​លី​ត្រ​(​ស្រា​បៀរ​)​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល ក៏​ដូច​ជា​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ ៕