Liverpool ឈានទៅប្រកួត League Cup វគ្គផ្តាច់ព្រ័ត្រ ក្រោយពីឈ្នះបាល់ប៉េណាល់ទី (មានវីដេអូ)

អ្នកចាំទី Simon Mignolet បានសង្គ្រោះបាល់ប៉េណាល់ទីកាត់សេចក្តីមួយគ្រាប់ពីសំណាក់កីឡាករ Marc Muniesa ខណៈដែលក្រុម Liverpool បានផ្តួលក្រុម Stoke City ដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល ៦-៥ នៅឯកីឡដ្ឋាន Anfield កាលពីថ្ងៃអង្គារដើម្បីឈានទៅប្រកួតដណ្តើមពាន League Cup វគ្គផ្តាច់ព្រ័ត្រ។
1
ក្រោយពីខ្សែបម្រើ Marko Arnautovic បានលុបចោលគ្រាប់បាល់នាំមុខ ១-០ របស់ក្រុម Liverpool កាលពីជើងទី១ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីមួយគ្រាប់ដែលហាក់បានកើតឡើងពីតំបន់ offside ការប្រកួតនេះបានឈានទៅកាន់នាទីបន្ថែម និងបន្ទាប់មកត្រូវកាត់សេចក្តីដោយការស៊ុតបាល់ប៉េណាល់ទី ហើយស្របពេលអ្នកចាំទី Mignolet បានសង្គ្រោះបាល់ពីការស៊ុតរបស់ Muniesa ខ្សែបម្រើ Joe Allen ជាអ្នកស៊ុតបាល់កាត់សេចក្តីពីចំណុច១១ម៉ែត្រ។

ក្រោយពីបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យកត់សម្គាល់នាពេលថ្មីៗ វាបានក្លាយជាជោគជ័យដ៏សំខាន់មួយសម្រាប់លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ Liverool ដែលត្រូវបានតែងតាំងកាលពីខែតុលា ហើយក្រុមរបស់លោកនឹងត្រូវជួបប្រកួតជាមួយនឹងក្រុម Manchester City ឬក៏ក្រុមស្ថិតក្នុងតំបន់ Merseyside តែមួយគឺ Everton ក្នុងវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ។ លោក Klopp បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «គ្រាប់បាល់របស់ពួកគេបានកើតឡើងពីទីតាំង offside ប៉ុន្តែ នៅទីបំផុត យើងបានជួបសំណាងក្នុងការស៊ុតបាល់ប៉េណាល់ទី។ ក្នុងរយៈពេល១២០នាទី កីឡាករ អ្នកគាំទ្រ និងក្រុម Liverpool ពិតជាស័ក្តិសមក្នុងការទទួលបានជ័យជម្នះនេះ។ Wembley គឺជាកន្លែងដ៏រំភើបក្នុងការលេងបាល់ទាត់ ប៉ុន្តែ យើងនឹងទៅទីនោះដើម្បីឈ្នះ។ វាមិនមានភាពរីករាយឡើយក្នុងការចាញ់នោះ»៕

Penalty Shootout

ប្រភពព័ត៌មាន៖ Channel News Asia