ស្លាប់​អ្នក​ផ្ទុក​អេ​ដស៍​ទី​១៨ អ្នក​ភូមិ​រកា​មាន​ប្រតិកម្ម​ចំពោះ​ការ​ឧបត្ថម្ភ​មឈូស​ត្រៀម​ដាក់​សព

ស្លាប់​អ្នក​ផ្ទុក​អេ​ដស៍​ទី​១៨ អ្នក​ភូមិ​រកា​មាន​ប្រតិកម្ម​ចំពោះ​ការ​ឧបត្ថម្ភ​មឈូស​ត្រៀម​ដាក់​សព

ខេត្តបាត់ដំបង ៖ ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ម្នាក់​ទៀត​ហើយ​បាន​ស្លាប់ កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមករា ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​អេ​ដស៍​នៅ​ឃុំ​រកា កើន​ដល់​ចំនួន​១៨​នាក់ ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ខណៈ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​និង​អ្នក​ភូមិ​កំពុង​ប្រតិកម្ម​យ៉ាង​ខ្លាំង ដល់​សប្បុរសជន​ដែល​បាន​ជួយ​ឧបត្ថម្ភ​មឈូស​ចំនួន​១៥​ត្រៀម​សម្រាប់​ដាក់​សព​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ក្រោយ​ៗ​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​កាន់តែ​មាន​អារម្មណ៍​តក់ស្លុត នៅ​ពេល​ឃើញ​ក្ដារ​មឈូស​ដាក់​ត្រៀបត្រា​នៅ​ចំពោះ​មុខ ។

សព​អ្នក​ផ្ទុក​ម​រោគ​អេ​ដស៍​នោះ ត្រូវ​បាន​សាច់ញាតិ​និង​អ្នក​ភូមិ​ដឹក​យក​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត​រកា ស្ថិត​ក្នុងភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ។ ប្រធាន​គណៈកម្មការ​វត្ត​រកា លោក សំ ឡ​ម អាយុ​៨១​ឆ្នាំ មាន​ប្រសាសន៍​ថា ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង វិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ហេង ម៉េ​ង អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​រកា ។ លោក ឡេ​ង វិត ជា​ជន​រង​គ្រោះ​ទី​១៨​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺអេដស៍​នៅ​ឃុំ​រកា ។

បើ​តាម​សាច់ញាតិ​និយាយ​ថា ជន​រង​គ្រោះ​ឡេ​ង វិត ត្រូវ​ប្រពន្ធ​រត់​ចោល​ទៅ​ស្រុក​កំណើត​វិញ​រយៈពេល​ជិត​២​ខែ​ហើយ ក្រោយ​ពី​រៀប​ការ​រួមរស់​ជា​ប្ដី​ប្រពន្ធ​បាន​ប្រហែល​១​ឆ្នាំ​កន្លង​មកនេះ​។ ប្រភព​ដដែល​បន្ត​ថា ជន​រង​គ្រោះ​ទើប​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ប៉ុន្មាន​ថ្ងៃមុន​នេះ​ប៉ុណ្ណោះ​ក៏​លាចាក​លោក​តែ​ម្ដង ដែល​គ្រួ​ពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន ។ ម្យ៉ាងទៀត គាត់​ហាក់ដូចជា​តក់ស្លុត ដូច​អ្នកជំងឺ​ដទៃ​ទៀត​ដែរ ពេល​ឃើញ​គេ​ដឹក​ក្ដារ​មឈូស​យ៉ាងច្រើន​យក​មក​ទុក​ក្នុង​វត្ត​រកា ដើម្បី​ត្រៀម​ឧបត្ថម្ភ​ដល់​អ្នក​ស្លាប់​ដោយសារ​ជំងឺអេដស៍​នៅ​ក្នុង​ឃុំ​រកា ។

ជុំវិញ​ការ​ជួយ​ឧបត្ថម្ភ​ជា​ក្ដារ​មឈូស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ដាក់​សព​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​នៅ​ឃុំ​រកា​នេះ ធ្វើ​ឲ្យ​អ្នក​ភូមិ និង​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​នៅ​ឃុំ​រកា ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ដែល​ក្ដារ​មឈូស​ទាំងនោះ​ត្រូវ​គេ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​ព្រះ​វិហារ​វត្ត​រកា​រួច​ស្រេច​ទៅ​ហើយ​។ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ក៏​ដូច​ជា​អ្នក​ភូមិ​ដែរ សុទ្ធតែ​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ត​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​ក្ដារ​មឈូស​សម្រាប់​ដាក់​សប​អ្នក​ជំងឺអេដស៍​នេះ​។ ពួក​គាត់​យល់​ឃើញ​ថា ជំនួយ​បែប​នេះ​គឺជា​ការ​ប្រមាថ និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អារម្មណ៍​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ឲ្យ​កាន់តែ​ភ័យ​តក់ស្លុត និង​កាន់តែ​បារម្ភ​អំពី​ជោគវាសនា​របស់​ខ្លួន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ពេល​ឃើញ​ក្ដារ​មឈូស​ស្ថិត​នៅ​ចំពោះ​មុខ​ដូច្នេះ ។

ប្រធាន​គណៈកម្មការ​វត្ត​រកា លោក សំ ឡ​ម បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ពេល​គាត់​កំពុង​ចូលរួម​ក្នុង​ពិធី​បុណ្យសព​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ទី​១៨ នៅ​ក្នុង​វត្ត​រកា​ថា ជំនួយ​ក្ដារ​មឈូស​ទាំងនោះ​ពិតជា​ធ្វើ​ឲ្យ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​នៅ​ក្នុង​ឃុំ​រកា ភ័យ​តក់ស្លុត​មែន ពេល​ឃើញ​គេ​ដឹក​មឈូស​មក​ដល់​ក្នុង​វត្ត​ភ្លាម ។ ក្ដារ​មឈូស​ទាំងនោះ​មាន​ចំនួន​១៥ តែ​លោក​មិនដឹង​ច្បាស់​អំពី​ម្ចាស់​ជំនួយ​នេះ​ទេ គ្រាន់តែ​ដឹង​ថា​មឈូស​ទាំងនោះ​សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​ស្លាប់​ដោយសារ​ជំងឺអេដស៍ ។ 

ប្រធាន​គណៈកម្មការ​វត្ត​រូប​នេះ មាន​ប្រសាសន៍​ទៀត​ថា ការ​ឧបត្ថម្ភ​ក្ដារ​មឈូស​សម្រាប់​ដាក់​សព​អ្នក​ជំងឺអេដស៍ ខណៈ​ពួក​គេ​កំពុង​នៅ​មានជីវិត​បែប​នេះ កុំ​ថា​តែ​ប្រជាពលរដ្ឋ​និង​សាមីខ្លួន​ដែល​ផ្ទុកមេរោគ​អេ​ដស៍ សូ​ម្បី​តែ​រូប​គាត់​ផ្ទាល់​ក៏​មិន​សប្បាយចិត្ត​ដែរ ។ ម្ចាស់​ជំនួយ​គួរតែ​ជួយ​ឧបត្ថម្ភ​ជា​ស្បៀងអាហារ ថ្នាំពេទ្យ ឬ​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ក្រៅពី​ក្ដារ​មឈូស ប្រសើរ​ជាង ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ពួក​គេ ។ មិន​ថា​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ មិន​ថា​អ្នក​មិន​ផ្ទុកមេរោគ​អេ​ដស​៦​ទេ ស្ទើរ​គ្រប់​ៗ​គ្នា​បាន​បង្ហូរទឹកភ្នែក នៅ​ពេល​ឃើញ​គេ​ដឹក​ក្ដារ​មឈូស​ទាំងនោះ​ចូល​ដល់​ក្នុង​វត្ត​ភ្លាម ។

ប្រតិកម្ម​នឹង​ក្ដារ​មឈូស​នេះ​ដែរ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ម្នាក់ គឺ​អ្នកស្រី លឹ​ម ថេ​ត អាយុ​៥១​ឆ្នាំ និយាយ​ថា គាត់​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដឹង​ថា ក្ដារ​មឈូស​ទាំងនោះ​ជា​ជំនួយ​ឧបត្ថម្ភ​សម្រាប់​ដាក់​សព​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​ជំងឺអេដស៍​នៅ​ឃុំ​រកា (​ទឹកភ្នែក​គាត់​បាន​ហូរ​រហាម​ពេល​គាត់​និយាយ​ដល់​ចំណុច​នេះ​) ។ គាត់​និយាយ​បណ្ដើរ​លើក​កន្សែង​ជូត​ទឹកភ្នែក​បណ្ដើរ​ថា គាត់​កាន់តែ​រន្ធត់​ចិត្ត​ទ្វេ​ដង​នៅ​ពេល​កូនស្រី​វ័យ​១៣​ឆ្នាំ​របស់​គាត់​ម្នាក់ ដែល​នាង​មាន​ផ្ទុកមេរោគ​សង្គម​នេះ​ដូច​គាត់​ដែរ រត់​មក​ប្រាប់​គាត់​អំពី​ចំនួន​ក្ដារ​មឈូស​ដ៏​សន្ធឹកសន្ធាប់​នោះ ។

អ្នកស្រី​និយាយ​ថា កូនស្រី​ដ៏​កម្សត់​បាន​សួរ​គាត់​ថា «​ម៉ែ​ៗ ខ្ញុំ​ឃើញ​គេ​ដឹក​ក្ដារ​មឈូស​ច្រើន​ណាស់​មក​ទុក​ក្នុង​វត្ត​រកា​.. តើ​គេ​ដឹក​យក​មក​ធ្វើ​អ្វី​ច្រើន​ម្លេះ​ម៉ែ​..​?​» គ្រានោះ​គាត់​យំ​ឱប​កូនស្រី ដោយ​មិន​និយាយ​ប្រាប់​កូនស្រី​តាម​ត្រង់​ទេ ហើយ​គាត់​បាន​ព្យាយាម​និយាយ​កុហក​កូនស្រី​ទៅ​ជា​រឿង​ផ្សេង​ទៅ​វិញ ព្រោះ​ខ្លាច​នាង​ភ័យ ។ អ្នកស្រី លឹ​ម ថេ​ត បាន​បញ្ជាក់​ថា អ្នក​ភូមិ​និង​អ្នក​ដែល​មាន​ផ្ទុក​ជំ​ងឹ​អេ​ដស៍ ពេល​ដឹង​ដំណឹង​នេះ​ភ្លាម នាំ​គ្នា​ទៅ​ចោមរោម​មើល​ក្ដារ​មឈូស  ហើយ​ម្នាក់​ៗ​បាន​យំសោក​គ្រប់​ៗ​គ្នា ដោយ​គិត​ថា ខ្លួន​មិន​ទាន់​ស្លាប់​ឬ​មិនដឹង​ស្លាប់​ថ្ងៃ​ណា​ផង ពិតជា​តក់ស្លុត និង​រន្ធត់​ចិត្តខ្លាំង​ណាស់ ។ 

ជុំវិញ​បញ្ហា​នេះ ព្រះ​គ្រូ​ចៅអធិការ​វត្ត​រកា នាម មុំ ហេង ព្រះ​ជន្ម​៨២​ឆ្នាំ ដែល​ព្រះ​អង្គទ​ទូល​ក្ដារ​មឈូស​នេះ​ពី​ម្ចាស់​ជំនួយ មាន​ថេរ​ដីកា​ថា ក្ដារ​មឈូស​ទាំង​១៥​នោះ ជា​ជំនួយ​ឧបត្ថម្ភ​របស់​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក ។ ម្ចាស់​ជំនួយ​បាន​ដឹក​ក្ដារ​មឈូស​ទាំង​១៥​នេះ ទៅ​រក្សា​ទុក​នៅ​ក្នុង​វត្ត​រកា កាលពី​ថ្ងៃ​ទី​២២ ខែមករា ។ ព្រះ​អង្គ​មាន​ថេរ​ដីកា​បន្ត​ថា ម្ចាស់​ជំ​នួន​បាន​ជួយ​ឧបត្ថម្ភ​ក្ដារ​មឈូស​ទាំងនេះ​ក្នុង​បំណង​ជួយ​សម្រួល​ដល់​បន្ទុក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយសារ​ជំងឺអេដស៍ មិន​មាន​ចេតនា​មាក់ងាយ​ឬ​ប្រមាថ​ដល់​អាយុជីវិត​អ្នកជំងឺ​ណា​ម្នាក់​ទេ ។ សូ​ម្បី​តែ​ព្រះ​អង្គ​ផ្ទាល់ ក៏​មាន​ផ្ទុកមេរោគ​អេ​ដស៍​ដូច​អ្នក​ភូមិ​ជិត​៣០០​នាក់​នៅ​ឃុំ​រកា ហើយ​ក៏​កំពុង​ត្រូវការ​ក្ដារ​មឈូស​នេះ​ដែរ ។

ព្រះ​តេជគុណ មុំ ហេង បាន​ឲ្យ​ដឹង​ថា កន្លង​មក​អ្នក​ស្លាប់​ដោយសារ​ជំងឺអេដស៍​មួយ​ចំនួន ត្រូវ​ព្រះ​អង្គ​ជួយ​ឧបត្ថម្ភ​ជា​ក្ដារ​ដើម្បី​ធ្វើ​មឈូស​ច្រើន​នាក់​ហើយ ។ ដោយសារ​តែ​យើង​ជួប​នូវ​បញ្ហា​ខ្វះខាត​ខ្លះ​ៗ​អុ​ី​ចឹ​ង​ហើយ ទើប​មាន​សប្បុរសជន​នៅ​ក្រៅប្រទេស​ជួយ​ឧបត្ថម្ភ​ជា​ក្ដារ​មឈូស ដើម្បី​ជួយ​សម្រាល​ដល់​គ្រួសារ​ក្រីក្រ​មួយ​ចំនួន​ដែល​ជួប​ការ​លំបាក​ខ្លាំង ។ ដូច​ជា​ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង វិត នេះ​ជាដើម ត្រូវ​ប្រពន្ធ​រត់​ចោល ហើយ​ម្ដាយ​ក៏​ចាស់ជរា​ទៀត រស់នៅ​ម្នាក់ឯង​យ៉ាង​លំបាក​បំផុត ។

ព្រះ​អង្គ​បញ្ជាក់​ថា ការ​ធ្វើបុណ្យ​នេះ​គឺ​មាន​តែ​អ្នក​ភូមិ អាជ្ញាធរ និង​គណៈកម្មការ​វត្ត​ប៉ុណ្ណោះ ដែល​ជួយ​ជ្រោមជ្រែង ហើយ​ព្រះ​អង្គ​បាន​អនុញ្ញាត​ឲ្យ​សាច់ញាតិ​និង​អ្នក​ភូមិ​ដឹក​សព​ជន​រង​គ្រោះ​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត​តែ​ម្ដង ។ ដូច្នេះ ព្រះ​អង្គ​ស្នើ​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ក្នុង​ឃុំ​រកា​ទាំងអស់ មេត្តា​អធ្យាស្រ័យ​ដល់​ម្ចាស់​ជំនួយ​ក្ដារ​មឈូស​នេះ​ផង ព្រោះ​ការ​ជួយ​ឧបត្ថម្ភ​នេះ​ក្នុង​ចេតនា​ចង់​ជួយ​សម្រាល​ការ​លំបាក​ខ្លះ​ៗ​ដល់​គ្រួសារ​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ ៕