វិចារណកថាៈ រដ្ឋមន្ត្រីការ បរទេសអាមេរិក ទទួលស្គាល់ការពិត នៅកម្ពុជា

 ដំណើរទស្សនកិច្ច របស់លោក ចន ឃើរី  មកកាន់ប្រទេសកម្ពុជា ថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦ បានមើល ឃើញនូវការពិតទាំងឡាយនៅប្រទេសកម្ពុជា ក្នុងនោះរួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាសិទ្ធិមនុស្ស ផងដែរ ។ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ លោក ចន ឃើរី បានចំណាយពេលពេញមួយថ្ងៃ ដើម្បីបំពេញ ការងាររបស់លោក នៅក្នុងប្រទេសកម្ពុជា ដោយបានជួបពិភាក្សាជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង ការបរទេស នៃប្រទេសកម្ពុជា បន្ទាប់មកជួបពិភាក្សាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ តាមរយៈកិច្ចពិភាក្សានេះ លោក ចន ឃើរី បានមើលឃើញយ៉ាងច្បាស់ ពីស្ថាន ភាពនយោបាយ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនៅកម្ពុជា ហើយលោកក៏បាន បង្ហាញនូវជំហរព្យាយាម ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ ។

 អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលោក ចន ឃើរី បានលើកសរសើរប្រទេសកម្ពុជាថា មានសន្ទុះសេដ្ឋកិច្ចឆាប់ រហ័ស និងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ ជាមួយគ្នានេះលោកបាន អះអាងថា សហរដ្ឋអាមេរិកជាទីផ្សារ នាំចេញធំជាងគេរបស់កម្ពុជា ដូច្នេះប្រទេសទាំងពីរ នឹងព្យាយាមពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការបណ្តាក់ ទុនតាមរយៈការជួយកម្ចាត់អំពើពុករលួយ និងការពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ មានន័យថា ដំណើរទស្សន កិច្ច របស់លោក ចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកមកកម្ពុជា គឺជាបញ្ហាដ៏សំខាន់ ដើម្បីជួយឲ្យ សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជា កាន់តែរឹងមាំ និងរីកចម្រើន។ ដោយហេតុថា សហរដ្ឋអាមេរិក គឺជាទីផ្សារ ដ៏ធំមួយ នៃការនាំចេញសម្លៀកបំពាក់ពីប្រទេសកម្ពុជា ដែលវិស័យកាត់ដេរ គឺជាសសរស្តម្ភ សំខាន់មួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ តាមតួលេខនាពេលកន្លងមក បានឲ្យដឹងថា ការនាំចេញផលិតផល កាត់ដេរទៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៤ មានតម្លៃរហូតដល់ទៅ ១៨០០លានដុល្លារ ។

 អ្នកតាមដានស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា បានវាយតម្លៃថា ដំណើរទស្សនកិច្ច របស់លោក ចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦ អាចធ្វើឲ្យ សហរដ្ឋអាមេរិក មើលឃើញយ៉ាងច្បាស់រាល់បញ្ហានៅកម្ពុជា។ កន្លងមក សហរដ្ឋអាមេរិកតែងតែយក ចិត្តទុក ដាក់ពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាវិស័យផ្សេងៗទៀត ពាក់ព័ន្ធនឹង ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ លើសនេះទៅទៀត លោក ចន ឃើរី ក៏ជាអ្នកផ្តួចផ្តើមគំនិត ក្នុងការបង្កើត សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផងដែរ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះជាង ៣លាននាក់ ដែលស្លាប់បាត់បង់ជីវិតក្នុងរបបវាលពិឃាត ដ៏សាហាវព្រៃផ្សៃ។ ដូច្នេះដំណើរទស្សនកិច្ចរបស់លោក ចន ឃើរី អាចស្វែងយល់បានគ្រប់បញ្ហានៅកម្ពុជា ហើយក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិក គឺលោកអាចធ្វើឲ្យទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរឹងមាំថែមទៀត ។

 អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ បានកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ សហរដ្ឋអាមេរិកក្នុង នាមជាប្រទេស មហាអំណាច ប្រជាធិបតេយ្យ បានបង្ហាញនូវទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយកម្ពុជា។ ក្នុងនោះកាលពីថ្ងៃ ៧មករា ឆ្នាំ២០១៦ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ គាំទ្រថ្ងៃ ៧មករា ដែលជាថ្ងៃផ្តូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ បន្ទាប់មកលោក ចន ឃើរី បានមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ហើយបានស្វែងយល់ការពិតនៅកម្ពុជា ដោយបានជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានជួបពិភាក្សាជាមួយមេដឹកនាំគណបក្សប្រឆាំងផងដែរ។ តាមរយៈ កិច្ចពិភាក្សានោះ លោក ចន ឃើរី អាចស្វែងយល់បានយ៉ាងច្បាស់ចំពោះស្ថាននយោបាយ ក៏ដូចជាស្ថាន ភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្ស។

 ការដែលលោក ចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ព្យាយាមពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺជាបញ្ហាសំខាន់បំផុតសម្រាប់កម្ពុជា។ មានន័យថា ប្រសិនបើសហរដ្ឋ អាមេរិកទទួលទិញកសិផលពីកម្ពុជាបន្ថែមទៅលើផលិតផលកាត់ដេរទៀតនោះ គឺអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនកាន់តែឆាប់រហ័ស និងជួយឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា កាន់តែប្រសើរជាងមុន។ នៅពេលដែលសហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំជាងគេ សម្រាប់កម្ពុជាទាំងទទួលទិញផលិតផលសម្លៀកបំពាក់ និងអង្ករជាដើម គឺជាកត្តាមួយដ៏សំខាន់ ធ្វើឲ្យវិស័យពាណិជ្ជកម្មនៅកម្ពុជា មានភាពរីកចម្រើន មិនចាញ់ ប្រទេសជិតខាងឡើយ។ អាចនិយាយបានថា ដំណើរទស្សនកិច្ចរបស់លោក ចន ឃើរី មកកាន់ប្រទេសកម្ពុជា បាននាំមកនូវផលប្រយោជន៍ច្រើនយ៉ាង សម្រាប់ប្រទេសទាំងពីរ អាមេរិក-កម្ពុជា ហើយវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត កាន់តែរឹងមាំជាងមុនយ៉ាងពិតប្រាកដ៕