សុខភាព &raquo សុខភាព

អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​ប្រកាស​អាសន្ន​លើ​ការ​រាតត្បាត​របស់​វីរុស «Zika» ដែល​មូស​ជា​អ្នកចម្លង​នៅ​ទ្វីបអាមេរិក ។ វីរុស​នេះ​ផ្ដល់​ផល​អាក្រក់​ដល់​ទារក​ក្នុង​ផ្ទៃ​ធ្វើ​ឱ្យ​កោសិកា​ខួរក្បាល​ត្រូវ​បំផ្លាញ ។ ទារក​ទើប​កើត​ដំបូង​ក្នុង​ប្រេ​ស៊ី​ល​ដល់​ទៅ​២៧០០​នាក់​ឯណោះ មាន​លក្ខណៈ​ពិការ​តាំងពី​កំណើត​ដែល​អាច​ឆ្លង​ពី​វីរុស​នេះ ។

រដ្ឋាភិបាល​អែ​ល​សាល់​វ៉ា​ឌ័​រ បាន​ចេញ​ប្រកាស​ស្នើ​ស្ដ្រី​ឱ្យ​ផ្អាក​មានគភ៌​រហូត​ដល់​ឆ្នាំ​២០១៨ ។ កាសែត​«​វ៉ា​ស៊ីន​តោន​ប៉ុស្ដិ៍​» បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ការ​រាតត្បាត​ខ្លាំង​នៅ​តំបន់​អា​មេ​រិ​កឡា​ទី​ន​បណ្ដា​រដ្ឋាភិបាល​នានា ក្នុង​តំបន់ រួម​មាន​ប្រេ​ស៊ីល និង​អែ​ល​សាល់​វ៉ា​ឌ័​រ ស្នើ​សុំ​មិន​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ពពោះ​ក្នុង​អំឡុង​ឆ្នាំ​នេះ រហូត​ដល់​ឆ្នាំ​២០១៨ ដើម្បី​បង្ការ​វីរុស ដែល​ផ្ដល់​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ។

សេចក្ដីថ្លែងការណ៍​របស់ WHO បង្ហាញ​ថា វីរុស Zika ប្រទះ​ឃើញ​នៅ​ទ្វីបអាមេរិក លើកលែងតែ​កា​ណា​ដា និង​អីុ​តា​លី ដោយ​ការ​រាតត្បាត​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​បា​បា​ដុស បូ​លី​វី ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី អេក្វាទ័រ ក្វា​តេ​ម៉ា​ឡា ហៃ​ទី ហុង​ឌុ​យ​រ៉ា​ស់ និង​វ៉េ​ណេ​ហ្សុ​៊​យ​អេ​ឡា ។

សារព័ត៌មាន​របស់​រុ​ស្ស៊ី​បង្ហាញ​ថា នៅ​ប្រេ​ស៊ី​ល​មាន​របាយការណ៍​ពី​ក្មេង​ទើប​កើត​ដំបូង​ស្ថិត​ក្នុង​សភាព​ពិការ​ដែល​មាន​ជំនឿ​ថា មក​ពី​វីរុស Zika ចំនួន​ដល់​ទៅ​២៧០០​នាក់ តម្រូវ​ឱ្យ​មន្ដ្រី​ប្រេ​ស៊ី​ល ស្នើ​ដល់​ស្ដ្រី​ត្រូវ​ពន្យារពេល​មានគភ៌​ក្នុងអំឡុងពេល​នេះ ។ កាលពី​ថ្ងៃ​ទី​២១ មក​រា ២០១៦ រដ្ឋាភិបាល​ហុង​ឌុ​ង​រ៉ា​ស់ សម្រេច​លើ​គោលនយោបាយ​ហាម​ស្ដ្រី​មាន​ផ្ទៃពោះ​រហូត​ដល់​ឆ្នាំ ២០១៨ ។

ប្រភព​ព័ត៌មាន «RT» លើក​ឡើង​ថា វីរុស Zika មាន​ចំណែក​បំផ្លាញ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​ទារក​នៅ​ក្នុង​ផ្ទៃ ធ្វើ​ឱ្យ​ទារក​ដែល​សម្រាល​កើត​ជំងឺ​មាន​ក្បាល​តូច (Microcephaly) ពិការ​តាំងពី​កំណើត កុមារ​រីក​លូត​លា​ល់​យឺត​លើ​គ្រប់​ផ្នែក ទាំង​ដងខ្លួន​ទាប​ទឹកមុខ​ខុស​ប្រក្រតី និង​អាច​មាន​អាការ​កន្ដ្រាក់​ផង​ដែរ ៕