ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានីភ្នំពេញ ៖ យុវជន​ម្នាក់​ស្រវឹង​ជោក​​ជាំ​​​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​​​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​បណ្តាល​ឱ្យ​ដួល​សន្លប់​ស្តូកស្តឹង ​​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមករា នៅ​ចំណុច​មុខ​សាលារៀន​ចិន ឈុ​ង ជឹ​ង តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣​កែង​​​ផ្លូវ​លេខ​២៣២ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។

ម៉ូតូ​បង្ក​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CQ-4417 ​បើកបរ​ដោយ​យុវជន​ម្នាក់ ចំណែក​រថយន្ត​ម៉ាកអូ​ឌី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-6978 បើក​បរ​​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ អាយុប្រមាណ​៣០​ឆ្នាំ ។       

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​​បាននិយាយ​​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​រថយន្ត​​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​២៣២ ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ស្គូ​ពី តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣​យ៉ាង​​​លឿន​ក្នុង​សភាព​ស្រវឹង​ជោ​ជាំ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​​បុក​ចំ​ពី​ចំហៀង​រថយន្ត​ខាងឆ្វេង​ពេញទំហឹង បណ្តាល​បោក​ផ្ទប់​នឹង​រថយន្ត​សន្លប់​ស្តូកស្តឹង​តែ​ម្តង ។​

​ក្រោយ​ពេល​បុក​ភ្លាម​ អ្នក​បើករថយន្ត​ស្មាន​តែ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ហើយ បាន​រត់​​គេចខ្លួន​បាត់ ​​មួយសន្ទុះ​ក្រោយមក​​យុវជន​ម្នាក់​នោះ​បានដឹង​ខ្លួន​ឡើង​វិញ គ្រាន់តែ​បែក​មុខ​បែក​មាត់​ហូរ​ឈាម​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ ប្រជាពលរដ្ឋ​បាន​​ទាក់​ទង​​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​កន្លែង​កើតហេតុ និង​​វាស់វែង​ រួចយក​រថយន្ត​និង​ម៉ូតូ​ដែល​ខូចខាត​ទាំង​២​គ្រឿង ព្រមទាំង​អ្នក​ជិះ​ម៉ូតូ​​ ​ទៅ​អធិការ​ដា្ឋ​ន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​ដោះស្រាយ​នា​ពេល​ក្រោយ ៕