ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់ ៖ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្តរបស់​សហរដ្ឋអាមេរិក រួម​នឹង​និស្សិត​បុគ្គលិក​ខ្មែរ​ចំនួន​១១០​នាក់ ដឹកនាំ​ដោយលោក​វេជ្ជបណ្ឌិត តាន់ ស៊ុ​ង ​​​ចុះ​​​ពិនិត្យនិងព្យា​បាល​​ជំងឺជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ក្នុង​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី២៥ ខែមក​រា ដល់​ថ្ងៃ​ទី៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពីលោក​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និងលោក ម៉ៅ ធនិន អភិបាល​​ខេត្ត​ពោធិ៍សាត់ ព្រមទាំង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត ។

លោក​វេជ្ជបណ្ឌិត ច័ន្ទ សុខា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្តរបស់​សហរដ្ឋអាមេរិក​ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត​តាន់ ស៊ុ​ង (Dr. Song Tan) បាន​មក​ពិនិត្យ និង​ព្យាបាល​ជំងឺជូន​ដល់​ប្រជាពលរដ្ឋ​​​នា​ពេល​នេះ ផ្តោត​លើ​ការ​ព្យាបាល​ជំងឺ​ទូទៅ​រួម​មាន ​ជំងឺ​កុមារ ​ជំងឺ​ភ្នែក មាត់​ធ្មេញ ច្រមុះ​ត្រចៀក បំពង់ក ក្រពះ​ពោះវៀន រោគ​ស្ត្រី ពិនិត្យ​ផ្ទៃពោះ ជំងឺផ្លូវចិត្ត ជំងឺ​សើរ​ស្បែក ជំងឺ​កាមរោគ ពិការ​ភាព និង​បង្រៀន​ពី​ការ​ប្រើប្រាស់​ដៃ​សិប្បនិម្មិត...​។​ល​។ ព្រមទាំង​ផ្តល់​ថ្នាំ​សម្រាប់​ទ្រទ្រង់​ដល់​សេវា​ព្យាបាល​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង និង​លោក ម៉ៅ ធនិន បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត មក​ពី​សហរដ្ឋអាមេរិក រួម​នឹង​និស្សិត​បុគ្គលិក​ខ្មែរ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​នាម​ជា​បុគ្គល និង​ថវិកា​យ៉ាង​សន្ធឹកសន្ធាប់ ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ក្រីក្រក្នុង​ខេត្តពោធិ៍សាត់ ដែល​កំពុង​ប្រឈម​បញ្ហា​សុខភាព ។

លោក​បាន​ថ្លែង​ទៀត​ថា នេះ​ជា​ឱកាស​ល្អ​ណាស់ សម្រាប់​​​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ ហើយ​កន្លង​មក ​គ្មាន​លទ្ធភាព​ព្យាបាល​នោះ ឥឡូវនេះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​បាន​​ចុះ​​​ពិនិត្យ និង​ព្យាបាល​ជំងឺជូន​បងប្អូន​ដោយ​ឥត​គិតថ្លៃ​ហើយ ដូច្នេះ​សូម​បងប្អូន​ដែល​មាន​ជំងឺ​ផ្សេង​ៗ អញ្ជើញ​មក​ឲ្យ​បាន​រួសរាន់ ព្រោះ​ក្រុម​គ្រូពេទ្យ មាន​ពេលវេលា​តែ​១០​ថ្ងៃ​ប៉ុណ្ណោះ ។​

លោក​ក៏​បាន​ស្នើ​ឲ្យ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត មក​ពី​សហរដ្ឋអាមេរិក បន្ត​បេសកកម្ម ជួយ​ព្យាបាល​ជំងឺជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទៀត​នៅ​ទូ​ទាំង​ប្រទេស​ ៕ ​