លោក ចន ឃើរី ចាកចេញពីកម្ពុជា ទៅចិន ដើម្បីពិភាក្សារឿង ប្រឆាំងនឹងកូរ៉េខាងជើង

ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ចន ឃើរី ក្រោយពីបានបំពេញដំណើរទស្សនកិច្ច នៅកម្ពុជា រយៈពេល ២ថ្ងៃ ហើយនោះ លោកត្រូវបានគេរំពឹងថា នឹងចេញដំណើរបន្ដទៅកាន់ ប្រទេសចិន នៅថ្ងៃពុធនេះ ដើម្បីប្រើអនុភាពរបស់ខ្លួនជាច្រើនទៀតទៅលើ ការដោះស្រាយ បញ្ហា កូរ៉េខាងជើង នៅពេលដែលលោកជួបពិភាក្សាគ្នាជាមួយនឹងសមភាគីចិនលោក វ៉ាង យី និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកការទូតកំពូលរបស់អាមេរិក មកកាន់ប្រទេសចិន ចាប់តាំងពីប្រទេសកូរ៉េខាងជើងបានបង្កភាពចលាចលដល់សហគមន៍អន្ដរជាតិ កាលពីថ្ងៃ ទី០៦ ខែមករា ដើមឆ្នាំ២០១៦នេះ ដោយបានធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន ដ៏កក្រើក។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក ចន ឃើរី ធ្វើឡើងបន្ទាប់ពីអាមេរិក និង សម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងជប៉ុន និងកូរ៉េខាងត្បូង កំពុងស្វែងរកការដាក់ទណ្ឌកម្ម យ៉ាង តឹងរឹងពីអង្គការសហប្រជាជាតិ ទៅលើប្រទេសកូរ៉េខាងជើង និងជឿជាក់ថា កិច្ចសហប្រតិបត្តិការ ដ៏រឹងមាំ ពីសំណាក់ភាគីចិន ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយដល់ពួកគេ៕

លោក ចន ឃើរី ចាកចេញពីកម្ពុជា ទៅចិន ដើម្បីពិភាក្សារឿង ប្រឆាំងនឹងកូរ៉េខាងជើង