រដ្ឋមន្ត្រីការបរទេស​អាម​រិ​ក​៖ សិទ្ធិ​ធ្វើ​នយោបាយ​របស់​អ្នកតំណាងរាស្ត្រ មិនត្រូវ​រង​ការ​គំរាម និង​ការ​ចាប់ចង​ណា​

ភ្នំពេញ: លោក ច​ន ឃើ​រី រដ្ឋមន្ត្រីការបរទេស​សហ​រដ្ឋា​អាមេរិក បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ខ្លួន នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​ពីថ្ងៃ កាលពី​ថ្ងៃ​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ បន្ទាប់ពី​ជំនួប​បន្តបន្ទាប់​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​។​
​    ​
​ការបញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក គឺ​បានបញ្ចប់​ដោយ​ការកត់សម្គាល់ និង​ការវាយតម្លៃ​វិជ្ជមាន​។

​លោក ច​ន ឃើ​រី បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​មុខ​បញ្ចប់​ដំណើរ​ទស្សនកិច្ច កាលពី​ថ្ងៃទី​២៦ ខែមករា ថា សហរដ្ឋអាមេរិក នៅតែ​បន្ត​ទំនាក់ទំនង និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា លើ​គ្រប់​វិស័យ ដែល​សហរដ្ឋអាមេរិក ធ្លាប់​បានធ្វើ​កន្លងមក រួមមាន​វិស័យ​អប់រំ វិស័យ​សុខាភិបាល វិស័យ​អភិរក្ស​វប្បធម៌ ជាដើម​។

​លោក​បាន​បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា គឺមាន​ការជជែក​ឥត​លាក់លៀម​ជំហរ​រវាង​សហរដ្ឋអាមេរិក និង​ជំហរ​របស់​កម្ពុជា លើ​អនាគត​បន្ត​កិច្ចសហប្រតិបត្តិការ រួមទាំង​ដំណើរការ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ផងដែរ​។

​រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​ថ្លែងថា ក្រៅពី​ជួប​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា លោក​នៅបាន​ជួប​ជាមួយនឹង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួនទៀត​ផងដែរ​។​

លោក​បាន​លើកឡើងថា ក្នុងឱកាស​ជួប​ជាមួយនឹង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា លោក​បាន​លើក​អំពី​របៀបវារៈ​ខ្លះ​នៃ​កិច្ចប្រជុំ​កំពូល​អាមេរិក អាស៊ាន ខាងមុខ និង​ដោយឡែក​ជាមួយនឹង​កម្ពុជា ក៏​នឹងមាន​ការជជែក​អំពី​អនាគត​គម្រោង​វិនិយោគ​សេដ្ឋកិច្ច​របស់​អាមេរិក​ក្នុងប្រទេស​កម្ពុជា​នៅ​ខែក្រោយ​នោះ​ផងដែរ​។

​លោក​បាន​លើក​មក​ជជែក​ផងដែរ លើ​សិទ្ធិ​ធ្វើ​កិច្ចការ​នយោបាយ​របស់​អ្នកតំណាង​រាស្ត្រ​​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវគោរព​ច្បាប់ និង​មិនត្រូវ​រង​ការ​គំរាម និង​ការ​ចាប់ចង​ណាមួយ​នោះឡើយ ជាពិសេស​ក្នុងដំណាក់កាល ដែល​កម្ពុជា នឹង​រៀបចំ​ធ្វើការ​បោះឆ្នោត​អសកល និង​ការបោះឆ្នោត​សកល​ជា​បន្តបន្ទាប់​ទៅមុខទៀត​នេះ​។​

​លោក​ក៏បាន​ថ្លែង​រំលឹក​ផងដែរ​នូវ​អតីតកាល​កម្ពុជា ដែល​ជួបប្រទះ​សង្គ្រាម និង​សោកនាដកម្ម​ក្នុង​របប​ខ្មែរក្រហម ដែល​បានសម្លាប់​មនុស្ស ២ លាន​នាក់ និង​ការដែល​កម្ពុជា​បាន​ប្រឹងប្រែង​ធ្វើអោយ​ប្រទេស​រីកចំរើន ការទទួលស្គាល់​របស់​អន្តរជាតិ​នូវ​តួនាទី​ក​ម្ព​ជា ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រតិបត្តិការ​រកស​ន្តិ​ភាព​ជូន​ពិភពលោក និង​ការ​ស្ញប់ស្ញែង​ការអភិវឌ្ឍន៍​បច្ចុប្បន្ន​របស់​កម្ពុជា​នេះ​។ កិច្ចប្រឹងប្រែង​របស់លោក ជាមួយនឹង​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​រៀបចំ​អោយមាន​ការកាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ដែលមាន​មកទល់នឹង​បច្ចុប្បន្ន​៕​