ចោរ​ប្រដាប់​អាវុធ​បាញ់​រះ​ចូល​ប្លន់​បាន​មាស​ជាង​១៥​តម្លឹង

ចោរ​ប្រដាប់​អាវុធ​បាញ់​រះ​ចូល​ប្លន់​បាន​មាស​ជាង​១៥​តម្លឹង

ខេត្តកណ្ដាល ៖ ក្រុម​ចោរ​ប្រដាប់​ដោយ​កាំភ្លើង​វែង និង​ខ្លី​បាន​បាញ់​រះ​ចូល​ប្លន់​ផ្ទះ​លក់​គ្រឿងទេស​មួយ​កន្លែង បណ្ដាល​ឱ្យ​ស្លាប់​បុរស​ម្នាក់ និង​រង​របួសធ្ងន់​ស្រាល​៣​នាក់​ផ្សេង​ទៀត ប្រមូល​យក​លុយ​បាន​ជាង​២​ពាន់​ដុល្លារ និង​គ្រឿង​អលង្ការ​ជា​មាស​ប្រមាណ​១៥​តំឡឹង រួច​នាំ​គ្នា​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព បាន​កើត​មាន​ឡើង​កាលពី​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៥ មក​រា នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ​នេះ​ក្រុម​ចោរ​មាន​គ្នា​លើស​ពី​២​នាក់​ប្រដាប់​ដោយ​អាវុធ​វែង និង​ខ្លី​បាន​ធ្វើ​សកម្មភាព​បាញ់​រះ​ចូល​ប្លន់​ផ្ទះ​លក់​គ្រឿងទេស​មួយ បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​ឈ្មោះ ធួ​ក ថាវ​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​កូនប្រសា​ម្ចាស់ផ្ទះ​មានមុខរ​បរជា​កម្មករ​រោងចក្រ និង​អ្នក​រង​របួស​៣​នាក់​ទៀត​ទី​១-​ឈ្មោះ សុខ ចាន់ធូ ភេទ​ស្រី អាយុ​៥២​ឆ្នាំ រង​របួស​ដោយ​គ្រាប់កាំភ្លើង​បាញ់​ត្រូវ​ចំ​ភ្លៅ​ខាងឆ្វេង​។ ទី​២-​ឈ្មោះ ឡាយ ធា​រ៉ា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រង​របួស​ត្រូវ​ចំ​ជើង​ខាងឆ្វេង និង​ទី​៣-​ឈ្មោះ រស់ ស្រី​មុំ អាយុ​១២​ឆ្នាំ រង​របួសស្រាល ជា​កូន​អ្នក​ជិតខាង ដែល​គ្រាប់កាំភ្លើង​ចោរ​បាញ់​ហើរ​ទៅ​ត្រូវ ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​បាត់បង់​ក្នុង​អំពើ​ប្លន់​នេះ​មាន​ខ្សែ​.​ក​មាស​១០​ខ្សែ ស្មើនឹង​៥​តម្លឹង ខ្សែដៃ​មាស​៧​ខ្សែ ស្មើ​និង​១០​តម្លឹង លុយ​២​ពាន់​ដុល្លារ និង​លុយ​ខ្មែរ​៥​លាន​រៀល​ទៀត ។ តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​២៥ មក​រា ពេល​ដែល​ក្រុម​គ្រួសារ​គាត់​កំពុង​ជុំ​គ្នា​រៀបចំ​ហូប​បាយ និង​មើល​ទូរទស្សន៍​ដោយ​បិទទ្វារ​ផ្ទះ ស្រាប់តែ​បានឮ​សំឡេង​សត្វ​ទា​ផ្អើល និង​ស្រែក​នៅ​ក្នុង​ទ្រុង​ខាងក្រោយ​ផ្ទះ ។ ពេល​នោះ​កូនប្រសា​ម្ចាស់ផ្ទះ​ឈ្មោះ ធួ​ក ធា​រ៉ា បាន​បើកទ្វារ​ចេញ​ទៅ​មើល ពេល​បើកទ្វារ​ចេញ​ទៅ​នោះ​ក៏​ជួប​វាក់​ក្រុម​ចោរ​ប្រដាប់​ដោយ​កាំភ្លើង​ដើរមក​ដល់ ក៏​បាន​រត់​ចូល​ក្នុងផ្ទះ​វិញ និង​ប្រញាប់​ទាញ​ទ្វារ​បិទ ទើប​ចោរ​បាន​បាញ់​១​គ្រាប់​ពី​ខាងក្រៅ​មក​ទំលាយ​ទ្វារ​កញ្ចក់​បណ្ដាល​ឱ្យ​គ្រាប់​ទៅ​ត្រូវ​ចំ​ឈ្មោះ  ធួ​ក ធា​រ៉ា ចំ​ក្បាលពោះ​ដួល​ស្លាប់​នៅ​មាត់ទ្វារ​ក្នុងផ្ទះ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ពេល​នោះ​ពួក​ក្រុម​ចោរ​ប្រដាប់​ដោយ​កាំភ្លើង​AK និង​កាំភ្លើងខ្លី​មាន​គ្នា​៣​នាក់ សុទ្ធតែ​ពាក់​ម៉ាស់​បិទមុខ​បាន​ស្ទុះ​ចូល​ទៅ​ក្នុងផ្ទះ ហើយ​បាន​យក​កាំភ្លើង​ភ្ជង់​ទៅ​លើ​អ្នក​នៅ​ក្នុងផ្ទះ​នោះ គ្រប់​គ្នា​បាន​ស្រែក​គំរាម​ឱ្យ​ដោះ​គ្រឿងអលង្ការ​នៅ​ជាប់​នឹង​ខ្លួន​ប្រគល់​ឱ្យ​ពួក​ខ្លួន ស្រែក​គំរាម​សួរ​រក​កន្លែង​លាក់​លុយ គ្រឿងអលង្ការ​ផ្សេង​ទៀត ព្រមទាំង​គំរាម​ហាម​ស្រែក និង​និយាយ​ថា អញ​មិនមែន​មក​សម្លាប់​ទេ អញ​មក​យក​តែ​មាសប្រាក់​ទេ ។ ពេល​នោះ​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​រើ​កកាយ​នៅ​ក្នុងផ្ទះ​តាម​ចិត្ត​រើ​ជជុះ​ស្វែងរក​ទ្រព្យសម្បត្តិ​មាន​តម្លៃ​មួយ​ចំនួន​ទៀត ។

ពេល​ពួក​ចោរ​ធ្វើ​សកម្មភាព​នោះ​បាន​បង្ខំ​ឱ្យ​ជន​ទាំងអស់​ជា​ម្ចាស់ផ្ទះ​អង្គុយ​ឱ្យ​ស្ងៀម ប៉ុន្តែ​ពេល​នោះ​ម្នាក់​បាន​ក្រោកឈរ​ឡើង ក៏​ត្រូវ​ចោរ​បាញ់​រះ បណ្ដាល​ឱ្យ​គ្រាប់កាំភ្លើង​ទៅ​ត្រូវ​ចំ​ភ្លៅ​ឈ្មោះ សុខ ចាន់ធូ និង​ចំ​ជើង​ឈ្មោះ ឡាយ ធា​រ៉ា បណ្ដាល​ឱ្យ​រង​របួស ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ពេល​ក្រុម​ចោរ​កំពុង​បាញ់​ប្លន់​ផ្ទះ​ជន​រង​គ្រោះ​នោះ បុរស​ជា​ប្ដី​ម្ចាស់ផ្ទះ​ដែល​កំពុង​អង្គុយ​លេង​នៅផ្ទះ​អ្នក​ភូមិ​ជិត​នោះ បានឮ​ស្នូរ​ផ្ទុះ​កាំភ្លើង​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ក៏​បាន​រត់​មក​មើល ពេល​មក​ដល់​ក្បែរ​ផ្ទះ​ត្រូវ​ពួក​ចោរ​ដេញ​បាញ់​ច្រើន​គ្រាប់ ក៏​រត់​ទៅ​ស្រែកហៅ​អ្នក​ភូមិ​ឱ្យ​ជួយ ។ ស្រប​ពេល​នោះ ពួក​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​រើ​កកាយ​និង​ឆក់​ប្លន់​ប្រមូល​យក​ទ្រព្យសម្បត្តិ​អស់ហើយ ក៏​បាន​នាំ​គ្នា​ដកថយ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពី​ពួក​ចោរ​គេចខ្លួន​អស់​ទើប​អ្នក​ភូមិ និង​សមត្ថកិច្ច​បាន​ទៅ​ដល់​ផ្ទះ​កើតហេតុ នាំ​អ្នក​រង​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ តែ​អកុសល​ឈ្មោះ ធួ​ក ថាវ​រ៉ា ត្រូវជា​កូនប្រសា​ម្ចាស់ផ្ទះ​ដែល​ចោរ​បាញ់​ត្រូវ​ពោះ​មុនគេ​នោះ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​វត្តមាន​លោកស្នងការ អ៊ា​វ ចំរើន រួម​នឹង​សមត្ថកិច្ច​មាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​-​ខេត្ត និង​នគរបាល​ស្រុក​-​ខេត្ត​កំពុង​សហការ​គ្នា​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ដ៏​សាហាវ​នេះ ។

នេះ​ជា​អំពើ​ប្លន់​ថ្មី​មួយទៀត ខណៈ​ដែល​សកម្មភាព​ប្លន់​នៅ​តាម​ខេត្ត​មួយ​ចំនួន​កាលពីដើម​ឆ្នាំ​នេះ​នៅ​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ លើកលែងតែ​ខេត្តបាត់ដំបង​ដែល​ចាប់ខ្លួន​ក្រុម​ចោរប្លន់​អ្នកលក់​មាស​បាន​២​នាក់ ៕