កូនក្រមុំ​រត់​ចោល​រោងការ​វិល​វិញ​ជាមួយ​កូនកំលោះ​ថ្មី

កូនក្រមុំ​រត់​ចោល​រោងការ​វិល​វិញ​ជាមួយ​កូនកំលោះ​ថ្មី

ខេត្តកំពង់ឆ្នាំង ៖ សំឡេង​ភ្លេង​ការ​ដែល​បាន​បន្លឺ​ឡើង តាំងពី​ព្រលឹម​ស្រាង​ៗ ស្រាប់តែ​មានការ​ឆោ ឡោ​ដោយសារ​បាត់​កូនក្រមុំ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ខាង​ស្រី រត់​ជាន់​ជើង​គ្នា​.​រក​កូនក្រមុំ​គ្រប់​ច្រកល្ហក នៅ​តែ​មិនឃើញ ទោះជា​ខំ​ទូរស័ព្ទ​រក​ក៏​មិន​ចូល ទីបំផុត​មង្គលការ​ក៏​បាន​ផ្អាក​ភ្លាម​ៗ ។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​រឿង​បាត់​កូនក្រមុំ ក្នុង​មង្គលការ​នេះ​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា នៅ​ភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ។ ទោះ​យ៉ាងណា នាង​កូនក្រមុំ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ នៅ​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៥ មក​រា ជាមួយនឹង​កូនកំលោះ​ថ្មី​មួយ​រូប​ផ្សេង​ទៀត ។

ជួប​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា លោកយាយ រៀល រុំ អាយុ​៧២​ឆ្នាំ ដែល​ត្រូវជា​ជីដូន​របស់​កូនក្រមុំ បានឱ្យ​ដឹង​ថា ចៅស្រី​គាត់​បាន​រត់​ចេញពីផ្ទះ​នៅ​ម៉ោង​ប្រហែល​ជាង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ មក​រា គឺជា​ថ្ងៃ​ចូល​រោងការ តែ​គ្មាន​អ្នក​ណា​ចាប់អារម្មណ៍​ឡើយ ។ ស្រាប់តែ​នៅ​ម៉ោង​ប្រហែល​៧​ព្រឹក​រៀបចំ​ជំនូន ទើប​ផ្អើល​ឆោឡោ​ឡើង ខណៈ​ម្តាយរ​កកូន​ស្រី​ឱ្យ​រៀបចំ​ខ្លួន មិនឃើញ ។ គាត់​មិនដឹង​ថា ចៅស្រី​គាត់​មានគំនិត​រត់​ចោល​រោងការ​បែប​នេះ​ទេ ព្រោះ​ពី​ល្ងាច​ឃើញ​នៅ​ជួយ​វេច​នំអន្សម ហើយ​គាត់​ក៏​បាន​ដេញ​ឱ្យ​ឆាប់​ទៅ​ដេក ព្រោះ​ស្អែក​រវល់​ហើយ ស្រាប់តែ​ស្អែក​ឡើង​បាត់​ខ្លួន​តែ​ម្តង ។

ចំណែក​ម្តាយកូន​ក្រមុំ ឈ្មោះ ផា​ន់ សិរី អាយុ​៣៩​ឆ្នាំ បាន​រៀបរាប់​ថា កូនស្រី​គាត់​ឈ្មោះ សុខា សិរី​រ័​ត្ន អាយុ​២១​ឆ្នាំ ឯ​កូនកំលោះ​ឈ្មោះ ស៊ិ​ន ស៊ីវ​ង៉ុ​ក អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។ កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៥ ខាង​ប្រុស​គេ​មក​ស្តីដណ្តឹង និង​ភ្ជាប់ពាក្យ កាល​ណោះ​កូនស្រី​គាត់ មិន​ប្រកែក​ទេ ហើយ​ពួក​គេ​ក៏​ស្រឡាញ់​គ្នា​ដែរ ព្រោះ​ជា​អ្នកធ្វើការ​នៅ​រោងចក្រ MV ជាមួយ​គ្នា និង​តែង​ឌុ​ប​គ្នា​ទៅ​ធ្វើការ​ទៀត​ផង ។ មិនតែប៉ុណ្ណោះ កូនកំលោះ​តែង​ចេញចូល​មក​លេង​ផ្ទះ​គាត់ ហៅ​ម៉ែ ហៅ​យាយ ពេញ​ៗ​មាត់ ។

នៅ​ល្ងាច​ថ្ងៃ​ទី​២២ មក​រា ២០១៦ គ្រួសារ​កូនកំលោះ​បាន​មក​ជួបជុំ​គ្នា ព្រោះ​ស្អែក​ឡើងជា​ថ្ងៃ​ចូល​រោង ហើយ​ល្ងាច​នោះ ក៏​ឃើញ​ពួក​គេ​ទាំង​ពីរ (​កូនកំលោះ​-​កូនក្រមុំ​) ជជែក​គ្នា​លេង​ដែរ ដូច​ជា​គ្មាន​អ្វី​កើតឡើង​សោះ ស្រាប់តែ​ស្អែក​ឡើង កូនស្រី​គាត់​បែរជា​រត់​ចេញពីផ្ទះ ចោល​រោងការ​តែ​ម្តង ។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា ក្រោយ​ពេល​បាត់​កូនក្រមុំ មង្គលការ​ក៏​បាន​ផ្អាក រោងការ​ក៏​រុះរើ អ្នក​ភ្នួ​ង​ក៏​ចាកចេញ អ្នកភ្លេង​ក៏​វិល​ត្រឡប់ គាត់​ក៏​បាន​សង​បណ្ណាការ​ទៅ​កូនកំលោះ​វិញ​ដែរ គឺ​១.៨០០​ដុល្លារ ម៉ូតូ​ស៊េរី​២០១៥​មួយ​គ្រឿង និង​បាន​ធ្វើ​លិខិត​ជា​លាយលក្ខណ៍អក្សរ​នៅ​មុខ​លោក​អនុប្រធាន​ភូមិ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា ។ ស្ត្រី​ជា​ម្តាយ​នៅ​តែ​មិន​ដាច់​អាល័យ​ពី​អនាគត​កូនប្រសា ដោយសារ​ខាង​ប្រុស​ជា​មនុស្ស​ល្អ គេ​មិន​ប្តឹងប្តល់​អ្វី​ឡើយ ពួក​គេ​នៅ​តែ​រាប់អាន​គ្នា​ជា​ធម្មតា ធ្វើ​ម៉េច​បើ​គ្មាន​និស្ស័យ​នឹង​គ្នា ។ ក្រៅពី​សង​បណ្ណាការ​ទៅ​ខាង​ប្រុស​វិញ គាត់​នៅ​សង​ថ្លៃ​ជួល​រោងការ ថ្លៃ​សម្អាង ថ្លៃ​ភ្លេង ថ្លៃ​ម្ហូប ដែល​គេ​គិតថ្លៃ​ត្រឹម​៥០%​នៃ​តម្លៃ​ដែល​និយាយ​គ្នា គឺ​អស់​ជាង​២​ពាន់​ដុល្លារ​បន្ថែម​ទៀត ។

ចំពោះ​សំណួរ​ថា តើ​កូនក្រមុំរ​ត់ទៅ​ជាមួយ​អ្នក​ណា ? ជីដូន​កូនក្រមុំ ប្រាប់​ដោយ​មិន​លាក់លៀម​ថា នាង​ទៅ​ជាមួយ​បុរស​ដែល​នាង​ស្រឡាញ់ ដោយ​គេច​ទៅ​ភ្នំពេញ ។ នៅ​យប់​ថ្ងៃ​ទី​២៥ មក​រា ពួក​គេ​បាន​វិល​ត្រឡប់​មក​វិញ​ហើយ ដោយ​បុរស​នោះ​ជា​អ្នកធ្វើការ​នៅ​រោងចក្រ​ជាមួយ​គ្នា ឈ្មោះ ទក ហៅ​យ៉ា ។ ចំណែក​គ្រួសារ​ខាង​ប្រុស​ថ្មី​នោះ ពេល​កូន​ត្រឡប់​មក​វិញ ក៏​ប្រញាប់​ចូល​ស្តីដណ្តឹង​ចៅ​ក្រមុំ​គាត់​ភ្លាម​ៗ​ដែរ ព្រោះ​ខ្លាច​មាន​បញ្ហា ហើយ​គាត់​ជា​ជីដូន និង​ម្តាយ​របស់​នាង ក៏​មិន​ជំទាស់​ដែរ បើ​ពួក​គេ​ស្រឡាញ់​គ្នា​ទៅ​ហើយ តែ​ពួក​គាត់​ដាច់ខាត​មិន​រៀបចំ​មង្គលការ​ឱ្យ​ពួក​គេ​ទៀត​ទេ ព្រោះ​អស់​ទឹកចិត្ត​ហើយ ផ្លាស់​មនុស្ស​ដូច​ផ្លាស់​ខោអាវ​យ៉ាងនេះ បើ​រៀបចំ​គឺ​រៀបចំ​ត្រឹម​សែនព្រេន​ឱ្យទៅ​ចុះ ។

ស្ត្រី​ជា​ម្តាយ​បាន​រំឭក​តាម​ជំនឿ​ថា តាម​ពិត​ទៅ បុរស​ឈ្មោះ យ៉ា ម្នាក់​ហ្នឹង ធ្លាប់​ចេញចូល​ផ្ទះ​គាត់ និង​រាប់អាន​គ្នា​ធម្មតា​ទេ មិន​ដែល​មាន​ទំនាក់ទំនង​ស្នេហា​អ្វី​ជាមួយ​កូនស្រី​គាត់​ឡើយ ព្រោះ​ជា​អ្នកធ្វើការ​នៅ​រោងចក្រ​ជាមួយ​គ្នា រួម​ទាំង​ខ្លួន​គាត់​ជា​ម្តាយ​ក៏​ធ្វើការ​នៅ​រោងចក្រ​ជាមួយ​គ្នា​ដែរ ហើយ​ឈ្មោះ យ៉ា នេះ ធ្លាប់​ហៅ​គាត់​ជា​ម្តាយ​ថា បង​រី​ៗ ទៀត ។ ស្ត្រី​ជា​ម្តាយ​បន្ត​ថា កូនស្រី​របស់​គាត់​ពេល​ត្រឡប់​មក​វិញ នាង​បាន​សំពះសុំទោស​ខ្ញុំ និង​ជីដូន ដោយ​និយាយ​ថា ថ្ងៃ​នោះ​នាង​ទ្រាំ​មិន​បាន ព្រោះ​នឹក​បុរស​ម្នាក់​នោះ​ខ្លាំង​ណាស់ ទើប​សម្រេចចិត្ត​រត់​ចោល​រោងការ​បែប​នេះ ។ បើ​កូន​សម្រេចចិត្ត​បែប​នេះ​ទៅ​ហើយ ខុស​ត្រូវ​គឺ​ស្រេច​លើ​វា​ចុះ ឯ​គាត់​ជា​ម្តាយ​និង​ជីដូន នៅ​តែ​ស្តាយ​កូនកំលោះ​មុន​ដដែល ព្រោះ​គេ​ស្លូត​ណាស់ ចេញចូល​តាម​ផ្លូវ ទៅ​តាម​ច្បាប់ ។ ឯ​មង្គលការ​លើក​ក្រោយ​ទៀត​នេះ គាត់​ជា​ម្តាយ​ដាច់ខាត​មិន​ធ្វើ​ឱ្យ​ទៀត​ទេ ។

លោកយាយ​ជា​ជីដូន ក៏​បាន​លូក​មាត់​កាត់​សម្តី​កូន​គាត់​ថា ខ្ញុំ​បាន​ជួប​ចៅប្រុស ង៉ុ​ក (​កូនកំលោះ​មុន​) តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ ខ្ញុំ​សួរ​វា​ថា «​ចៅ​ឯង​នៅឯណា ?​» វា​ឆ្លើយ​ថា «​នៅ​ភ្នំពេញ ហើយ​ឪពុកធំ​ឱ្យ​៥០​ដុល្លារ ដើរ​លេង​បំបាត់ទុក្ខ បំភ្លេច​ស្នេហា​ចុងស្រល់​នេះ​» ដែល​ធ្វើ​ឱ្យ​គាត់​ជា​ជីដូន អាណិត​អតីត​ចៅ​ប្រសា​ម្នាក់​នេះ​ខ្លាំង​ណាស់ ស្ទើរ​ស្រក់​ទឹកភ្នែក ។

ជួប​ជាមួយ​ម្តាយ​ខាង​ប្រុស ដែល​កូនក្រមុំ​រត់​ចោល​ឯណោះ​វិញ នៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ បានឱ្យ​ដឹង​ថា គ្រួសារ​គាត់​មិន​បាន​ប្តឹងប្តល់​ខាង​ស្រី​អ្វី​ទេ ដោយ​សុំ​តែ​ថ្លៃ​បង្គាប់​ប៉ុណ្ណោះ គឺ​១.៨០០​ដុល្លារ និង​ម៉ូតូ​ស៊េរី​២០១៥​មួយ​គ្រឿង ហើយ​ខាង​ស្រី​ក៏​សង​វិញ​អស់ហើយ​ដែរ ។ តាម​ពិត​ទៅ មុន​ពេល​ខ្ញុំ​ចូល​ដណ្តឹង​ឱ្យ គឺ​ពួក​គេ​ស្រឡាញ់​គ្នា​ណាស់ ព្រោះ​ធ្វើការ​រោងចក្រ​ជាមួយ​គ្នា តែ​កូនប្រុស​គាត់​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ ព្រោះ​ជា​កម្មករ​បណ្តែត ។ ពេល​ឈប់​ធ្វើការ​នៅ​រោងចក្រ​នៅ​កំពង់ឆ្នាំង កូនប្រុស​គាត់​បាន​ទៅ​ធ្វើការ​ឯ​រាជធានី​ភ្នំពេញ​ជាង​កន្លះ​ខែ ម្លោ​៉ះ​ហើយ​ទើប​ពួក​គេ​មិន​បាន​ជួប​គ្នា ហើយដោយ​សារ​បែប​នេះ​ក៏​មិនដឹង ទើប​ខាង​ស្រី​ប្រែចិត្ត​មាន​ថ្មី​ទៀត​បែប​នេះ ។

ស្ត្រី​ដដែល​បន្ត​ថា បើ​អ្នក​សារព័ត៌មាន​បានឃើញ​ផ្ទាល់​ភ្នែក ពេល​ពួក​គាត់​វេច​ខោអាវ ស្ពាយ​កាបូប​ចេញពី​រោងការ មុខជា​នឹក​ខ្លោចផ្សា​ចិត្ត​ណាស់ ព្រោះ​មនុស្ស​ម៉ា​គោ​យន្ត រួម​ទាំង​គ្រួសារ​ខាង​ស្រី​ផង ពិសេស​យាយ​ៗ គិតតែ​ពី​យំ​ឱប​គ្នា​ជាមួយ​បងប្អូន​ខាង​ប្រុស និង​ពោល​ពាក្យ​ថា «​ស្តាយ ! ស្តាយ​ណាស់ ! មិន​គួរ​មានរឿង​បែប​នេះ​ទេ សូម​យើង​នៅ​បន្ត​រាប់អាន​គ្នា​ដូច​ធម្មតា​ទៀត កុំ​បោះបង់​ចោល​គ្នា​» ។

រឿងរ៉ាវ​កូនក្រមុំ​រត់​ចោល​រោងការ​នេះ គឺ ដោយសារ​តែ​កូនក្រមុំ ប្រែចិត្ត​ទៅ​ស្រឡាញ់​មនុស្ស​ថ្មី ចោល​កូនកំលោះ​ស្លូត​ដែល​ឃ្លា​តទៅ​ធ្វើការ​នៅ​ឆ្ងាយ ធ្វើ​ឱ្យ​ខាង​ស្រី​ណាយចិត្ត ឥត​ស្រណោះ ដោះដៃ​ចោល​រោងការ ស្រវា​គូស្នេហ៍​ថ្មី និង​សូម​បញ្ចប់​ត្រឹម​សង​បណ្ណាការ​ទៅ​ខាង​ប្រុស​វិញ ដោយ​ញញឹម​ទទួលយក​គូស្នេហ៍​ថ្មី​ជំនួស ៕