រដ្ឋមន្ត្រីការបរទេស​អាមេរិក ផ្ដល់​ការយកចិត្តទុកដាក់​លើ​ស្ថានភាព​គណបក្សជំទាស់​នៅ​កម្ពុជា​

កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ ក្នុងខណៈ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក ច​ន ឃែ​រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក បាន​បញ្ជាក់ថា លោក​មាន​សេចក្ដី​ព្រួយបារម្ភ​ចំពោះ​ជីវិត​នយោបាយ​គណបក្ស​ជំទាស់​នៅក្នុង​តំណាក់កាល​ចុងក្រោយ​នេះ​។ សេចក្ដី​ព្រួយបារម្ភ​របស់លោក ច​ន ឃែ​រី បាន​កើតឡើង​បន្ទាប់ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បញ្ហា​នេះ​ក្លាយទៅជា​សម្ពាធ​នយោបាយ​ថ្មី​មួយ​ដែល​សហរដ្ឋអាមេរិក​មើលឃើញថា ពុំមាន​តុល្យភាព​ឬ​ពុំមាន​ភាពស្មើគ្នា​ក្នុងការ​ប្រកួតប្រជែង​ផ្នែក​នយោបាយ​នៅពេលនេះ​។

ក្នុងពេល​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​កម្ពុជា លោក ច​ន ឃែ​រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា លោក​មាន​ភាព​តានតឹង​និង​ក្ដីកង្វល់​ចំពោះ​ជោគវាសនា​គណបក្ស​ក្រៅ​រដ្ឋាភិបាល ខណៈ​ច្រកទ្វារ​នយោបាយ​របស់​គ​ណ​បក្ស​ជំទាស់​ស្ទើរតែ​ត្រូវបាន​បិទ​ជិត​អស់​ទៅហើយ​។ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​កម្ពុជា បាន​ទទួលស្គាល់ថា លោក ច​ន ឃែ​រី ពិតជា​បាន​លើក​ពី​គណបក្សប្រឆាំង​នៅក្នុង​ជំនួប​ទ្វេភាគី​មែន ក៏ប៉ុន្តែ​លោក​មិនបាន​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​ជុំវិញ​បញ្ហា​នេះឡើយ​។

ចំណែក​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក្រោយពេល​ជួបពិភាក្សា​ជាមួយ​លោក ច​ន ឃែ​រី បានបញ្ជាក់​នូវក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់លោក​ថា ប្រធានបទ​ចម្បង​គឺ​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​និង​ការវិវត្តន៍​នយោបាយ​នៅ​កម្ពុជា​នាពេលនេះ​។ លោក កឹម សុខា បាន​មានប្រសាសន៍​ទៀតថា បើទោះជា​លោក​ពុំបាន​លើក​បញ្ហា​ដោយ​ចំ​ក៏​សហរដ្ឋអាមេរិក​បានដឹង​រួច​អស់​ទៅហើយ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោក ច​ន ឃែ​រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ពី​ការគំរាមកំហែង​របស់​រដ្ឋាភិបាល​លើ​គណបក្សជំទាស់ ខណៈ​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ច​ន ឃែ​រី នោះដែរ​គឺ​លោក​បានបង្ហាញ​ពី​ជំហរ​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា ហើយ​លោក​ក៏​សម្ដែង​ការព្រួយបារម្ភ​អំពី​ស្ថានភាព​នៃ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផងដែរ​។ ការដែល​សេដ្ឋកិច្ចកម្ពុជា​បាន​រអាក់រអួល​នាពេល​កន្លងមក​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា ដោយសារ​ចំហាយ​នៃ​ការធ្លាក់ចុះ​បញ្ហា​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​។ លោក ច​ន ឃែ​រី ក្រោយពេល​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា នាយករដ្ឋមន្ត្រី​កម្ពុជា និង​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រួចមក បាន​សង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យ​ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស ហើយ​វា​ក៏​ជា​តួនាទី​ដ៏​សំខាន់​នៅក្នុង​ការកំណត់​អំណាច​របស់​អ្នកដឹកនាំ​ផងដែរ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បានបញ្ជាក់​ទៀតថា​រដ្ឋាភិបាល​ប្រជាធិបតេយ្យ ត្រូវមាន​ការទទួលខុសត្រូវ​ដោយ​ធានាថា រាល់​មេដឹកនាំ​ទាំងឡាយ​មាន​សេរីភាព​បំពេញភារកិច្ច​និង​កាតព្វកិច្ច​ដោយ​គ្មាន​ការបំភិតបំភ័យ ការ​ចាប់ចង ការវាយប្រហារ និង​ធ្វើទុក្ខបុកម្នេញ​៕

CH-00105លោក ចន ឃែរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក