បើករថយន្ត​ជែង​មិន​ផុត​បុក​ម៉ូតូ​ពីក្រោយ​ប៉ើង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាម ដោយសារ​រថយន្ត​ហាយ​ឡិន​ឌ័​រ​១​គ្រឿង​បើក​ជែង​មិន​ផុត​បុក​ម៉ូតូ​គាត់​ពីក្រោយ​ពេញទំហឹង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ លេខ​៧៧ និង​៧៨ ស្ថិតក្នុង ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បាន​និយាយ​អោយដឹងថា​៖ បុរសរងគ្រោះ​មាន​ខាងលើ ឈ្មោះ តយ ចន្ទី អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចារ​ថ្មី ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវជាតិ ៥​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក ហាយ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់​ពាក់ ស្លាក​លេខ ភ្នំពេញ 2W-0975 បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន មកពី​ក្រោយ បំណង​បើក​ជែង វ៉ា​ម៉ូតូ ជនរងគ្រោះ តែ​វ៉ា​មិន​រួច​ព្រោះ មាន​រថយន្ត​មកពី​មុខ ក៏បាន​រ៉េ​ចង្កូត​មកវិញ ជ្រុល​ទៅបុក​ម៉ូតូ​ជន​គ្រោះ ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​បុរសរងគ្រោះ​ហោះ​ប៉ើង​ធ្លាក់​លើ​កាបូ​រថយន្ត បោក​ផ្ទប់​កញ្ជក់​មុខ រថយន្ត​ទើប​ប៉ើង​ធ្លាក់​មក​ដី ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង ។ ​ ​

​សមត្ថកិច្ច​បាន​បញ្ចាក់​អោយដឹងថា​៖ ក្រោយពេល​បង្កហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់ គេចខ្លួន បាត់ ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ មិនអាច​បើកបរ​ទៅមុខ​បាន​។ ក្រោយពេល​ធ្វើការ​វាស់ វែង​ប្លង់​កើតហេតុ​តាម​និតិ​វិធី​រួចមក សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ជនរងគ្រោះ ទៅអោយ​ក្រុមគ្រួសារ​ធ្វើ បុណ្យ​តាម​ប្រពៃណី​។​

​ចំណែក​មធ្យោបាយ​គ្រោះថ្នាក់​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកមក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ករណី​គ្រោះថ្នាក់​នេះ​ត្រូវបាន​សមត្ថ កិច្ច​ស្និដ្ឋានថា​៖ បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​នៅ ពេល​ជែង​វ៉ា​មិន​ផុត ក៏​បុក​ម៉ូតូ​ជន​ង​រងគ្រោះ​បណ្តាលអោយ​ស្លាប់​តែម្តង​។​

​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក មាត្រា​៨៥ បាន​ចែងថា​៖ ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុង​ប្រ​យ​ត្ន័ ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក បណ្តាល​ឲ្យ​អ្នក​ដ៏​ទៃ​ ​ស្លាប់​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំទៅ​៣​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល​។ ចំណុច​ឃ រត់គេច​ពី​កន្លែងកើតហេតុ​ក្នុង​គោលបំណង​គេចវេស​ពី​ការទទួលខុសត្រូវ ត្រូវដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល ទៅ​២៥​លាន​រៀល ៕ រិ​ទ្ធិ ជ័យ​ ​

KA-25-01-2016-19-12