ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​នេះ ក្រសួងពាណិជ្ជកម្ម​ចង់​រៀបចំ​កម្មវិធី « ទិញ​ផលិតផល​នៅ​កម្ពុជា​» ព្រមទាំង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទូរទស្សន៍ និង​មានការ​ប្រគំ​តន្ត្រី​តាម​បណ្ដា​ខេត្ត​ដើម្បី​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ទិញ​ផលិតផល​ដែល​ផលិត​ក្នុងស្រុក ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ដែល​មាន​ថ្លែង​ក្នុង​ពិធី​បិទ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៥ កាលពី​ថ្ងៃ​ទី​២៦ មក​រា ម្សិលមិញ​នេះ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​មាន​ប្រសាសន៍​ថា ៖ « យើង​បាន​ចូល​នៅ​ក្នុង​សមាគម​ន៍​សេដ្ឋកិច្ច​អាស៊ាន យើង​មិន​អាច​ហាមឃាត់​ទំនិញ​បរទេស​ចូល​បាន​ទេ ។ យើង​មាន​ផលិតផល​ល្អ គុណភាព​ល្អ រឿង​អី​យើង​មិន​ប្រើ​របស់​យើង ហេតុ​អី​យើង​ទៅ​ប្រើ​របស់​គេ ? ដូច្នេះ​យើង​ត្រូវ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​បងប្អូន​បាន​ស្គាល់​ពី​គុណភាព និង​ផលិតផល​មានគុណ​ភាព​ដែល​ផលិត​នៅ​ក្នុងស្រុក » ។

លោក​ទេស​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បន្ត​ថា ៖ « កម្មវិធី​នេះ យើង​កំពុង​រៀបចំ ហើយ​ប្រហែលជា​ជ្រើសរើស​ផលិតផល​ចូលរួម​ចំនួន​២០​មុខ​សិន ដោយ​ធ្វើការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ជំរុញ​ការ​ធ្វើ​ទីផ្សារ ហើយ​ផលិតផល​ទាំង​២០​មុខ​នេះ​អាច​មាន​លក់​នៅ​ទីផ្សារ​បរទេស ក្នុង​នោះ​មាន​អង្ករ​ផង​ដែរ ។ កម្មវិធី​នេះ​ត្រូវការ​ថវិកា​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ យើង​កំពុង​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផង​ដែរ​ដើម្បី​រក​ថវិកា តើ​ក្រុមការងារ​គួរ​ធ្វើ​របៀប​ម៉េច ? ហើយ​ផលិតផល​ទាំងនេះ​មានការ​ទទួលស្គាល់​គុណភាព សុវត្ថិភាព​ម្ហូបអាហារ​ដោយ​ក្រសួងពាណិជ្ជកម្ម ។ ការ​រៀបចំ​កម្មវិធី​នេះ​ឡើង​មាន​គោលបំណង​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​កសិកម្ម​របស់​យើង​ក្រៅពី​ស្រូវ​អង្ករ និង​ផលិតផល​ផ្សេង​ៗ​ទៀត » ។

ចំណែក​អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា លោក ស្រី ច​ន្ធី បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « ដើម្បី​ឲ្យ​មាន​ចំណូល​សម្រាប់​ជាតិ មាន​ការងារ​សម្រាប់​ប្រជាពលរដ្ឋ លុះត្រាតែ​សេដ្ឋកិច្ច​យើង​អាច​ផលិត​ទំនិញ​ឬ​សេវា ហើយ​មាន​ផ្សារ​អាច​លក់​វា​បាន បើ​យើង​ផលិត​ទំនិញ​ហើយ​អត់​មាន​ទីផ្សារ​នោះ វា​ក៏​អត់​ប្រយោជន៍​ដែរ ហើយ​ផ្សារ​ទី​មួយ​នេះ គឺ​សំដៅ​ទៅ​លើ​ពលរដ្ឋ​យើង​ជា​អ្នក​ប្រើប្រាស់ ។ បើ​យើង​អាច​នាំ​ចេញ​ទៅ​បរទេស វា​កាន់តែ​ប្រសើរ​អាច​ជួយ​ពង្រីក​សេដ្ឋកិច្ច និង​ពង្រីក​ការងារ​ជូន​ពលរដ្ឋ​បាន » ។

លោក​បន្ត​ទៀត​ថា ៖ « ការ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​របស់​ក្រសួងពាណិជ្ជកម្ម​លើក​ស្ទួយ​ឲ្យ​មានការ​ប្រើប្រាស់​ផលិតផល ឬ​សេវា​របស់​ជាតិ​នេះ វា​ជា​គំនិត​ផ្តួចផ្តើម​ល្អ​មួយ ហើយ​ខ្ញុំ​ស្វាគមន៍​។ ប៉ុន្តែ​ដើម្បី​ទាក់ទាញ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ប្រើប្រាស់​នូវ​ទំនិញ ឬ​សេវា​ជាតិ​យើង​បាន លុះត្រាតែ​ទំនិញ ឬ​សេវា​របស់​យើង​មានគុណ​ភាព តម្លៃ​សមរម្យ​អាច​ប្រកួតប្រជែង​ជាមួយនឹង​ទំនិញ​ដែល​នាំ​ចូល​ពី​បរទេស ។ ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​ពលរដ្ឋ​ប្រទេស​ផ្សេង​ដែរ នៅ​ពេល​គាត់​មាន​ប្រាក់​ចំណូល​ល្អ គាត់​ក៏​ចង់​ប្រើប្រាស់​សម្ភារ​ដែល​មាន​ស្លាក​យីហោ​ល្បី​ៗ ។ តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​បញ្ចុះបញ្ចូល​អ្នក​ដែល​មាន​ប្រាក់​ចំណូល​មធ្យម និង​ខ្ពស់ ឲ្យ​គាត់​វិល​មក​ប្រើប្រាស់​ទំនិញ និង​សេវា​របស់​ជាតិ» ។

លោក​បញ្ជាក់​ថា ៖ « គំនិត ផ្តួចផ្តើម​នេះ ជា​យុទ្ធនាការ​លើក​ស្ទួយ​ឲ្យ​មានការ​និយម​ស្រឡាញ់​ជាតិ​ផង​ដែរ ។ ផលិតផល​ល្អ សេវា​ល្អ ប្រជាជន​គ្រប់​វណ្ណៈ​គួរ​ប្រើប្រាស់​ទាំងអស់​គ្នា កុំ​ថា​តែ​ប្រជាជន​ទូទៅ សូ​ម្បី​តែ​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ ក៏​គួរតែ​ធ្វើ​ជា​គំរូ​អ្នក​ប្រើប្រាស់​នូវ​ផលិតផល និង​សេវា​ជាតិ​យើង » ។

ទាក់ទង​នឹង​ផលិតផល និង​សេវាកម្ម​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ បើ​តាម​លោក ស្រី ច​ន្ធី ឱ្យ​ដឹង​ថា ៖ « វា​មាន​មួយ​ចំនួន​ដែល​យើង​ទុកចិត្ត​មិន​បាន​ទៅ​លើ​គុណភាព ហើយ​មួយទៀត គឺ​ការ​បញ្ជាក់​គុណភាព​អំពី​ការ​ធ្វើ​អធិការកិច្ច​ទៅ​លើ​គុណភាព​ស្លាក​សញ្ញា​នៅ​មាន​កម្រិត ។ តែ​ប្រសិនបើ​មានការ​ធានា ការ​ត្រួតពិនិត្យ ឬ​មាន​អធិការកិច្ច​ច្បាស់លាស់​ពី​ស្ថាប័ន​ជំនាញ​ៗ ខ្ញុំ​ជឿ​ថា ផលិតផល​របស់​កម្ពុជា ពិតជា​អាច​ប្រកួតប្រជែង​នឹង​ផលិតផល​នាំ​ចូល​ពី​បរទេស​បាន ។ ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា​បាន​ស្គាល់​នូវ​ផលិតផល​ទាំងនោះ​បាន​កាន់តែ​ទូលំទូលាយ យើង​អាច​បង្ហាញ​តាម​រយៈ​ការ​តាំងពិព័រណ៍ ការ​សម្តែង វិទ្យុ ទូរទស្សន៍ ឬ​តាម​រឿងកុន​របស់​ខ្មែរ​យើង​អំពី​ការ​ប្រើប្រាស់​ផលិតផល​ស្រុក ដែល​ជួយ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មានការ​ងារ​ធ្វើ និង​ជួយ​លើក​ស្ទួយ​ផលិតផល​របស់​ជាតិ​ផង​ដែរ » ៕