ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ អគ្គនាយកដ្ឋាន​គយ និង​ពន្ធដារ​វៀតណាម​បាន​រាយការណ៍​ថា ប្រទេស​ច្រើន​ជាង​២០០ ដែល​វៀតណាម​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កាលពី​ឆ្នាំ​មុន ក្នុង​នោះ​២៩​ប្រទេស​ដែល​វៀតណាម​បាន​នាំ​ចេញ​មាន​ទឹកប្រាក់​សរុប​១៤៧,៤​ពាន់​លាន​ដុល្លារ ។ នេះ​ជា​តួលេខ​ដ៏​ច្រើន​លើសលប់ និង​មាន​អត្រា​៩០,៩% នៃ​ការ​នាំ​ចេញ​សរុប​របស់​វៀតណាម ។

សហរដ្ឋអាមេរិក គឺជា​អ្នក​នាំ​ចូល​ទំនិញ​ច្រើន​ជាងគេ ដែល​មាន​ទឹកប្រាក់​សរុប​៣៣,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​កើនឡើង​១៦,៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤ ។ ផលិតផល​ដែល​បាន​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក រួម​មាន វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់ មាន​ទឹកប្រាក់​សរុប​ជិត​១១​ពាន់​លាន​ដុល្លារ ពោល​គឺ​កើនឡើង​១១,៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន និង​មាន​អត្រា​៣២,៧% នៃ​ការ​តម្លៃ​នាំ​ចេញ​សរុប​លើ​ទីផ្សារ ។ ឯការ​នាំ​ចេញ​ផលិតផល​ស្បែកជើង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ ដែល​មាន​ទឹកប្រាក់​ជាង​៤​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​២២,៥%​។ ចំពោះ​ការ​នាំ​ចេញ​កុំព្យូទ័រ ផលិតផល​អេ​ឡិច​ត្រូ​និក និង​ធាតុ​ផ្សំ មាន​ទឹកប្រាក់​សរុប​២,៨​ពាន់​លាន​ដុល្លារ ស្មើនឹង​៣៣,៧% ។

ចំណែក​ទីផ្សារ​នាំ​ចេញ​ទី​២ របស់​វៀតណាម គឺ​ប្រទេស​ចិន ដែល​មាន​ទឹកប្រាក់​សរុប​១៦,៦​ពាន់​លាន​ដុល្លារ និង​កូរ៉េ​ខាងត្បូង​មាន​ទឹកប្រាក់​ចំនួន​៨,៩​ពាន់​លាន​ដុល្លារ ។ ការ​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​មាន​ទឹកប្រាក់​៥៥,៤​ពាន់​លាន​ដុល្លារ កើនឡើង​១៨,៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។ តម្លៃ​នាំ​ចេញ​សរុប​ទៅ​កាន់​សហគមន៍​អឺរ៉ុប​មាន​ទឹកប្រាក់​៤៦,៦​ពាន់​លាន​ដុល្លារ ស្មើនឹង​៩,៤%, អាហ្វ្រិក​មាន​ទឹកប្រាក់​៥,១​ពាន់​លាន​ដុល្លារ ស្មើនឹង​៩,៨% ខណៈ​ការ​នាំ​ចេញ​ទៅ​អូ​សេ​អា​នី​បាន​ធ្លាក់​ចុះ​១៦,២% មាន​ទឹកប្រាក់​៥,៧៩​ពាន់​លាន​ដុល្លារ ។

ចំពោះ​ការ​នាំ​ចូល​វិញ វៀតណាម​មាន​ទីផ្សារ​ចំនួន​១៩​ប្រទេស ដែល​បាន​នាំ​ចូល​ផលិតផល​ច្រើន​ជាង​១​ពាន់​លាន​ដុល្លារ ក្នុង​ទឹកប្រាក់​សរុប​១៥០,៤​ពាន់​លាន​ដុល្លារ និង​មាន​អត្រា​៩០,៨% នេះ​ជា​ការ​នាំ​ចូល​សរុប​របស់​វៀតណាម​ទាំងមូល ។

ប្រទេស​ចិន​នៅ​តែ​បន្ត​នាំមុខ​គេ​លើ​ទីផ្សារ ផ្គត់ផ្គង់​ទំនិញ​ទៅ​កាន់​វៀតណាម ដែល​ការ​នាំ​ចូល​មាន​ទឹកប្រាក់​សរុប​ចំនួន​៤៩,៥​ពាន់​លាន​ដុល្លារ កើនឡើង​១៣,៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤ ។ ទន្ទឹម​នឹង​នេះ​ដែរ ផលិតផល​នាំ​ចូល​ចម្បង​របស់​ចិន​រួម​មាន គ្រឿង​ម៉ាស៊ីន ឧបករណ៍​ប្រើប្រាស់ គ្រឿងបន្លាស់​រថយន្ត ដែល​មាន​ចំណូល​សរុប​៩​ពាន់​លាន​ដុល្លារ ។ ជាមួយ​គ្នា​នេះ​ដែរ ទូរស័ព្ទ និង​គ្រឿង​បន្ទាប់បន្សំ​ទូរស័ព្ទ មាន​ទឹកប្រាក់​សរុប​៦,៩​ពាន់​លាន​ដុល្លារ​, ក្រណាត់​៥,២​ពាន់​លាន​ដុល្លារ​, ផលិតផល​កុំព្យូទ័រ ព្រមទាំង​គ្រឿង​អេ​ឡិច​ត្រូ​និក​អាច​រក​ប្រាក់​ចំណូល​បាន​៥,២​ពាន់​លាន​ដុល្លារ ។

ដោយឡែក អ្នក​នាំ​ចេញ​ធំ​ជាងគេ​ទី​២​របស់​វៀតណាម គឺ​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​មាន​ទឹកប្រាក់​សរុប​២៧,៦​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤ ។ បន្ទាប់​មក គឺ​ប្រទេស​ជប៉ុន មាន​ទឹកប្រាក់​១៤,៤​ពាន់​លាន​ដុល្លារ​, តៃវ៉ាន់​១១​ពាន់​លាន​ដុល្លារ និង​ប្រទេស​ថៃ​មាន​ទឹកប្រាក់​សរុប​៨,៣​ពាន់​លាន​ដុល្លារ ៕