ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖ នៅ​​ថ្ងៃនេះ ​សហភាព​អឺរ៉ុប (EU) និង​ក្លិប​អ្នកកាសែត​កម្ពុជា (CCJ) នៅ​ថ្ងៃ​ទី​២៧​ មករា ​២០១៦ ​នេះ​ បាន​រៀបចំ​ពិធី​ប្រកាស​​​​បន្ត​កិច្ច​គាំទ្រ​របស់​សហភាព​អឺរ៉ុប​ដល់​ការ​ភ្ជាប់​សេវា​អ៊ីនធើរណេត ​សម្រាប់អ្នក​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ ការ​បន្ត​​កិច្ច​គាំទ្រ​​ចំពោះ​អ៊ីនធើរណេត​កាហ្វេ EU-CCJ នេះ រួម​មានការ​ផ្តល់​ជូន​នូវ​សម្ភារ​មួយ​ចំនួន (​ដូច​ជា​ម៉ាស៊ីន​កុំ​ព្យូ​ទ័​រ​​ម៉ាស៊ីន​បោះ​​ពុ​ម្ភ​) ព្រមទាំង​ការ​បង្កើន​ល្បឿន​នៃ​កា​រត​ភ្ជាប់​បណ្តាញ​អ៊ីនធើរណេតផង​ដែរ ​។

លោក George EDGAR ឯកអគ្គរដ្ឋទូត EU ប្រចាំ​កម្ពុជា​ថ្លែង​បញ្ជាក់​​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរតួ​នាទី​យ៉ាង​សំខាន់ ​នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដល់​ប្រជាជន​កម្ពុជា​ទូទៅ ​និង​ជា​ពិសេស​ចំពោះ​អ្នក​តាក់តែង​​គោលនយោបាយ​ ។​ អ្នក​សារព័ត៌មាន​ចាំបាច់​ ត្រូវ​មាន​លទ្ធភាព​ខ្ពស់​បំផុត ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ។ ​ការ​គាំទ្រ​របស់​​សហភាព​អឺរ៉ុប​ ក្នុង​ការ​គាំទ្រ​អ៊ីនធើរណេត​កាហ្វេ EU-CCJ នេះ​គឺជា​ការ​ចូលរួម​ចំណែក​មួយ​ ដែល​ឆ្លើយ​តប​ចំពោះ​តម្រូវការ​នេះ​។

លោក George EDGAR បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង ​ដែល​បានឃើញ​ការ​ចូលរួម​ចំណែក​ដ៏​ធំធេង ​និង​ប្រកប​ដោយ​​ប្រសិទ្ធភាព​ជា​វិជ្ជមាន​របស់​អ៊ីនធើរណេត​កាហ្វេ EU-CCJ កន្លង​មកនេះ ។ លោក​សង្ឃឹមថា ​អ៊ីនធើរណេត​​កាហ្វេ EU-CCJ នឹង​​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ ពោល​គឺ​មិន​ត្រឹមតែ​ជា​វេទិកា​ដ៏​មាន​សារ​ប្រយោជន៍​ ដែល​អ្នក​សារព័ត៌មាន​កម្ពុជា​អាច​ស្វែងរក​ព័ត៌​មាន​ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​និពន្ធ​នាយក​របស់​ខ្លួន និង​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​ នៅ​ក្នុង​តំបន់​និង​នៅ​ក្នុង​ពិភពលោក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ដើរតួ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កុំព្យូទ័រ​ និង​អ៊ីនធើរណេត សម្រាប់​អ្នក​សារព័ត៌មាន​ផង​ដែរ​ ។