ធី តុងហ៊ី ប៉ះលួន សុខខេង ធ្វើឲ្យរញ្ជួយ សង្វៀន SEATV នារសៀល ថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ ធី តុងហ៊ី ក្លិបសាលវ័ន្តកីឡាប្រកួត ជាមួយអ្នកប្រដាល់ លួន សុខខេង ក្លិបអាស៊ីកីឡាក្នុងប្រភេទទម្ងន់ ៦៧ គ.ក្រ ខណៈអ្នកប្រដាល់ នឿន ប៊ុនធឿន ក្លិបអមតៈគុនខ្មែរខេត្តសៀមរាបប៉ះអ្នកប្រដាល់ជើងខ្លាំង យុគ យក្សខួច ក្លិបអប់រំកាយកីឡាខេត្តបាត់ដំបង ក្នុងប្រភេទទម្ងន់ ៦៧ គ.ក្រ លើសង្វៀន SEATV នារសៀលថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០១៦ ក្នុងកម្មវិធីប្រកួតកីឡាប្រដាល់ក្បាច់បុរាណខ្មែររបស់ ក្រុមហ៊ុនស្រាបៀរ Cambodia។

ចំណែកលោក ញៀន សុធី ជាអ្នកគ្រប់គ្រងកម្មវិធី ប្រដាល់នៅសង្វៀន SEATV បាននិយាយថា តុងហ៊ីជាអ្នកប្រដាល់ដែលស្នៀតកែង និងជង្គង់ល្អ តែគេហាក់ដូចជាមាន អំណួតនិងឆេវឆាវពេក ហើយអ្នកប្រដាល់រូបនេះ ល្អជង្គង់តែមិនពូកែការពារ ជង្គង់គូប្រកួតនោះទេ មិនតែប៉ុណ្ណោះពោះ របស់គេក៏មិនជាពូកែដែរ បើគូប្រកួត ខ្សោយជាងហើយ ធ្វើឲ្យគេឈឺសាច់នោះគេ ច្បាស់ជាលោតទៅវ៉ៃសងវិញ ទាំងទទឹងទិសហើយ តែបើគូប្រកួតខ្លាំង ជាងគេមិនសូវជាហ៊ាន ប្រថុយនោះទេព្រោះខ្លាច ត្រូវកាន់តែធ្ងន់ ។

ចំណែកអ្នកប្រដាល់ លួន សុខខេង វិញ មានអាយុ២៨ឆ្នាំ កម្ពស់១,៧០ម៉ែត្រ ធ្លាប់ប្រកួតបាន៦៦ដង ឈ្នះ៤៣ដង ស្មើ៣ដង និងចាញ់២០ដងដូចគ្នា ប៉ុន្តែធ្លាប់វាយផ្តួលគូ ប្រកួតឲ្យសន្លប់ រហូតដល់ទៅ១៨ដង ឯណោះ ។ សុខខេង មានស្នៀតជើងនិងស្នៀតដៃល្អ ពេលវាយចេញម្តងៗ ទោះបីមានសភាពយឺតយ៉ាវបន្តិចមែន តែមានទម្ងន់ធ្ងន់គួរ សមប៉ុន្តែចិត្តរបស់គេរាងតូចបន្តិច។ សុខខេង អាងកម្លាំងចូលចិត្តវាយ សម្រុកមិនដកថយឡើយ ស្នៀតកែងនិងជង្គង់របស់គេមិន សូវជាប៉ិនប្រសប់ប៉ុន្មានទេ តែសន្ទុះជើង របស់គេពេលទាត់ចេញម្តងៗ គឺមានល្បឿនលឿនគួរសម ។

ចំពោះ២គូទៀតគឺអ្នកប្រដាល់ ម៉ន វ៉ាន្នី ក្លិបការិយាល័យទី៥កងទ័ពជើងគោក ប៉ះអ្នកប្រដាល់ភួង ពិសិដ្ឋក្លិបតាឡីដំរីមានរិទ្ធ ក្នុងប្រភេទទម្ងន់ ៥៤ គ.ក្រ ខណៈអ្នកប្រដាល់ វៀត ប៊ុនឌឿន សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប៉ះអ្នកប្រដាល់ផាន់ សារុន ក្លិបគុជសារកីឡា ក្នុងប្រភេទទម្ងន់ ៦០ គ.ក្រ៕

ធី តុងហ៊ី ប៉ះលួន សុខខេង ធ្វើឲ្យរញ្ជួយ សង្វៀន SEATV នារសៀល ថ្ងៃអាទិត្យ